Ad Code

ក្រុមហ៊ុន​របស់​ជប៊ុន មាន​គំរោង​វិនិយោគ​ផ្នែក​រោងចក្រ​ផលិត​បន្ទះ​សូ​ទ្បា និង​ការ​ដាំដុះ​បន្លែ​ផ្លែឈើ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំ​ដុះ​នៅក្នុង​អគារ



ភ្នំពេញ​ ៖ ការ​បង្ហើប​អំពី​គំរោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ទ្បា និង​ការដាំដុះ​បន្លែ​ផ្លែឈើ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំ​ដុះ​នៅក្នុង​អាគារ​របស់​ក្រុម​ជប៉ុន​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ជាមួយ​គណៈប្រតិភូ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​មួយក្រុម ដែល​ដឹកនាំ​ដោយ​លោកស្រី KAWAAI NINKO ប្រធាន​ក្រុមហ៊ុន Design Kolo របស់​ប្រទេស​ជប៉ុន និង​តំណាង​ក្រុមហ៊ុន​មួយចំនួនទៀត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​។



នៅក្នុង​កិច្ច​ជំនួប​នោះ លោក​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ បាន​សំដែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ដំណើរ​ទស្សនកិច្ច​គណៈ​ប្រតិភូ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា​នាពេលនេះ​។

ចំណែក​លោកស្រី KAWAAI NINAKO ប្រធាន​គណៈប្រតិភូ​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ ដែល​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​របស់​លោក​ស្រី​ក៏​ដូច​ជា​បណ្តា​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​ទៀត​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដោយ​ក្រុមហ៊ុន​អាច​មានឱកាស​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​របស់ខ្លួន​ជូន​ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ជ្រាប ដើម្បី​ស្នើ​សុំ​ឲ្យ ផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​ទាំងនោះ​។



តំណាង​ក្រុមហ៊ុន​ជប៉ុន ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ពេលនេះ​រួមមាន ទី​១, ក្រុមហ៊ុន Design Kolo ដែល​មាន​លោកស្រី​ជា​ប្រធាន​ក្រុមហ៊ុន និង​មាន​ជំនាញ​ខាង​ផ្នែក​ខាង​ដាំ​ដុះ​បន្លែ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំ​ដុះ​នៅក្នុង​អាគារ និង​ជា​អ្នក​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស ទី​២, ក្រុមហ៊ុន Shibeide មាន​ជំនាញ​ផ្នែក​វិជ្ជា​សាស្ត្រ​កសិកម្ម​ដាំ​ដុះ ទី​៣, ក្រុមហ៊ុន JHJ Global Pty Co. Ltd មាន​ជំនាញ​ខាង​នាំចូល​និង​នាំចេញ​សម្ភារ​សាងសង់ ទី​៤, ក្រុមហ៊ុន Chean Thai Co. Ltd មាន​ជំនាញ​ផ្នែក​ផលិត​បន្ទះ​សូ​ទ្បា និង​ទី​៥, ក្រុមហ៊ុន​អចលនទ្រព្យ METAYA។

លោកស្រី KAWAAI NINAKO បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​មាន​សន្ទុះ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគរយ និង​នៅតែ​រក្សា​សន្ទុះ​កំណើន​នេះ​ជា​បន្តទៀត​។ ឈរលើ​មូលដ្ឋាន​នេះ បណ្តា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​មួយចំនួន​មាន​គម្រោង​ចូលរួម​ចែករំលែក​បទពិសោធន៍​ដែល​ខ្លួន​មាន ដែល​ធ្លាប់​បានធ្វើ​រួចហើយ​នៅ​តាម​បណ្តាល​ប្រទេស​មួយចំនួន ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ប្រយោជន៍​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។ ជាពិសេស​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​សំដៅ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​។



លោកស្រី KAWAAI NINAKO បាន​បន្ថែមថា ជា​ជំ​ហ៊ាន​ដំបូង​ក្រុមហ៊ុន​របស់លោក​ស្រី​មានបំណង​វិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូ​ទ្បា និង​វិនិយោគ​លើ​ការដាំដុះ​បន្លែ​ផ្លែឈើ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំ​ដុះ​នៅក្នុង​អគារ និង​នាំមក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ការ​ដាំដុះ​មក​កម្ពុជា​។ លោកស្រី​ក៏​បាន​គោរព​ស្នើសុំ​ការ​ជួយ​គាំទ្រ​លើ​គម្រោង​ទាំងពីរ​ខាងលើ​នេះ​ពី​សំណាក់​លោក​កិត្តិ​បរិរក្ស​បណ្ឌិត ដើម្បី​ឲ្យ​ឆាប់​បាន​ចេញ​ជា​ផ្លែផ្កា​ក្នុងពេល​ខាងមុខនេះ​។

​នៅក្នុង​ជំនួប​នោះ​ដែរ លោក​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ជប៉ុន ដែលមាន​ជំនឿ​ទុកចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​។ កម្ពុជា​ស្វាគមន៍​រាល់​ការ​វិនិយោគ​ទាំងឡាយ ជាពិសេស​ការ​វិនិយោគ ដែល​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ដែល​មាន​ការ​ផ្តល់​តម្លៃបន្ថែម​ទៅក្នុង​ខ្សែ​ចង្វាក់​នៃ​ផលិតកម្ម ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ផ្នែក​មួយ​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​ពិភពលោក ហើយ​ការ​វិនិយោគ​នេះ​ត្រូវ​មាន​លក្ខណៈ​ការអភិវឌ្ឍ​ផង និង​អភិរក្ស​ផង ដោយ​ធ្វើ​ឲ្យ​មាន​ចីរភាព នៃ​ការ​អភិវឌ្ឍ។​



លោក​កិត្តិ​បរិរក្ស​បណ្ឌិត​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​វៃ​ឈ្លាស​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដែល​ជា​ផែនទី​ចង្អុល​ទិស​ក្នុងការ​អភិវឌ្ឍ​ប្រទេស ដោយ​ធ្វើការ​ពង្រីក​វិស័យ​ឧស្សាហកម្ម​ដែល​បច្ចុប្បន្ន​មាន​លក្ខណៈ ចង្អៀត​នៅឡើយ​ដោយ​បង្កើត​តម្លៃបន្ថែម​នៅក្នុង​វិស័យ​កែច្នៃ​កសិឧស្សាហកម្ម និង​វិស័យ​ឧស្សាហកម្ម​ពាក់ព័ន្ធ​។

តាម​លោក​គាត ឈន់ ការ​វិនិយោគ​វិស័យ​កសិកម្ម និង​វិស័យ​ថាមពល​ស្អាត រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ប្រភេទ​នេះ និង​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ដើម្បី​ឈានទៅ​លើក​គម្រោង​វិនិយោគ និង​ទទួលបាន​ការ​លើកទឹកចិត្ត​តាមច្បាប់​ជា​ធរមាន ហើយ​លោក​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ បាន​ស្នើ​ឲ្យ​ជួយ​ជំរុញ និង​ផ្សព្វផ្សាយ​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគឯកជន​ផ្សេងៗ​ទៀត មក​ធ្វើការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu