Ad Code

លោក​អធិការ​ និង​អធិការរង​ស្រុក​ស្អាង​ រួម​ទាំង​លោកនាយ​ប៉ុស្តិ៍​ព្រែក​អំបិល ត្រូវ​ថ្នាក់​លើ​ហៅ​មក​ដុស​ក្អែល ​​



កណ្ដាល​ ៖ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​បី​នាក់ ក្នុង​នោះ​មាន​អធិការ​ និង​អធិការ​រង​នគរបាល​ស្រុក​ស្អាង​ពីរ​នាក់​ រួម​ទាំង​នាយ​ប៉ុស្តិ៍​នគរបាល​ព្រែក​អំបិល​ម្នាក់​ផង​ដែរ ត្រូវ​បាន​ថ្នាក់លើ​ហៅ​ឲ្យ​មកកាន់​ការិយាល័យ​បុគ្គលិក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​ដុសក្អែល​ចេញ​ម្ដង​ព្រោះតែ​អសកម្ម​ការងារ មិន​បង្ក្រាប​រាល់​បទល្មើស​ល្បែងភ្នាល់​ និង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​អាណាចក្រ​ទឹកដី​របស់​ខ្លួន​កាន់កាប់​គ្រប់គ្រង។

ក្នុង​ឱកាស​​ដែល​ថ្នាក់លើ​កោះហៅ​ឲ្យ​មកកាន់​ការិយាល័យ​បុគ្គលិក​នេះ ថ្នាក់លើ​ក៏បាន​ចេញ​សេចក្ដី​លិខិត​បង្គាប់​ការ​មួយ ​ដោយ​បាន​តែងតាំង លោក វ៉ាត សុផាត ដែល​មាន​តួនាទី​ជា​អធិការរង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ឲ្យ​ទទួល​ភារកិច្ច​ជា​អធិការ​ ស្ដីទី​នគរបាល​ស្រុក​ស្អាង​ ជំនួស​លោក​សេង សុជាតិ ដែល​ត្រូវ​ហៅ​ទៅ​ជួប​ថ្នាក់លើ​។ ឯ​លោក​ព្រឹន្ទបាលឯក នាង ផានិត នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល​ឲ្យ​ទៅជា​នាយ​ប៉ុស្តិ៍​ស្ដីទី ទទួល​គ្រប់គ្រង​បញ្ជា​ដឹកនាំ​កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំបិល ជំនួស​លោក​អនុសេនីយ៍ទោ ជៃ សំអាត ដែល​ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​។ ជាមួយគ្នានេះ ​លោក​វរសេនីយ៍ទោ ស៊ុប លាង​សែ អធិការរង​នគរបាល​ស្រុក​ស្អាង​ ក៏ត្រូវ​បានជា​ប់​ឈ្មោះ​ឡើង​មក​កាន់​ការិយាល័យ​បុគ្គលិក​ជាមួយគ្នា​ផង​ដែរ​។​

នៅក្នុង​លិខិត​បង្គាប់​ការ​បានបញ្ជាក់​ថា ​អស់លោក​ដែលមាន​ឈ្មោះ​ខាងលើ ​ត្រូវបំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​នូវ​រាល់​វិន័យ​ការងារ​តាម​តួនាទី​ភារកិច្ច​ដែល​បាន​កំណត់ ​រហូតដល់​មានការ​សម្រេច​ជា​ថ្មី​។​

គួរ​បញ្ជាក់​ថា លោក សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​កន្លងមក​ធ្លាប់ បាន​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​ជាច្រើន​ដូចជា​ ល្បែងភ្នាល់ ជល់​មាន់ និង​អាប៉ោង នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដែល​ផ្គើន​ទៅ​នឹង​បទបញ្ជា និង​អនុសាសន៍​របស់​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​លោក​តែងតែ​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្រោម​ឱវាទ ឲ្យ​មានការ​យក​ចិត្ត​ទុក​ដាក់​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ ​និង​ឈរ​លើ​គោល​ការ​ច្បាប់​ជា​ធរមាន ចៀសវាង​អនុវត្តន៍​ការងារ​មាន​ភាព​លំអៀង​មិន​ប្រក្រតី​។ ប៉ុន្តែ​រាល់​ការ​ដាស់តឿន​របស់​ថ្នាក់​លើ​នោះ ​លោក​ហាក់​មិន​យកចិត្តទុកដាក់​ស្ដាប់​ និង​យក​ទៅ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ បែរជា​ជិះ​សេះ​លែងដៃ​យ៉ាង​រំភើយ មិនតែប៉ុណ្ណោះ​ថែមទាំង​ឃុបឃិត​ជួយ​បិទបាំង​ក្រុម​ជនខិលខូច​ទាំងនោះ​ទៀតផង ហើយ​បើកដៃ​ឲ្យ​មាន​ការលេង​ល្បែ​ស៊ីសង​យ៉ាង​ពេញបន្ទុក​នៅក្នុង​អាណាចក្រ​ដែន​សមត្ថកិច្ច​របស់ខ្លួន។​

ជាក់ស្ដែង ​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ មាន​ដូចជា សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល លេង​យ៉ាង​គគ្រឹកគគ្រេង ដោយមាន​អ្នកលេង​ប្រមាណ​៣០០​នាក់ បែរជា​មិន​បង្ក្រាប រហូត​កម្លាំង​ស្នងការ​ខេត្ត​កណ្តាល​ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៩​។ ក្រៅពី​ទីតាំង​ជល់​មាន់ អាប៉ោង​ នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ក៏​នៅ​មាន​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយចំនួនទៀត​ដូចជា នៅ​ឃុំ​ស្វាយ​ប្រទាល ឈ្មោះ​ហុង ជា​មេស​ង្វៀន​។ ជាមួយគ្នានេះ ​ក៏​នៅមាន​ទីតាំង​មួយចំនួនទៀត នៅ​ឃុំ​ខ្ពប និង​នៅ​ឃុំ​ទឹក​វិល​...​។​ល​។

ប្រភព​បន្ដថា ល្បែង​ទាំងនេះ​មាន​អ្នកលេង​ក្នុង​មួយ​វង់ៗ​មនុស្ស​មិន​ក្រោម​២០០​នាក់​នោះ​ទេ​។ ឯ​នៅ​ស្វាយ​ប្រទាល មាន​អ្នក​បាញ់ មេអាប៉ោង​ ឈ្មោះ ស៊ ម៉ាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​បុរស​រូបនេះ បើក​លេង​នៅ​ភូមិ​ព្រែ​កតា​តិ​ន​។ មេ​សង្វៀន​មាន់​ជល់​ ឈ្មោះ ស្រាង ហុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង បើក លេង​ជល់​មាន់​នៅ​ពោធិ៍​ប៉ាង។ ចំណែក​អ្នកចាត់ចែង​បើក​លេង​ជល់​មាន់ អាប៉ោង នៅ​ចំណុច​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ចូល​ហ៊ុន​ជាមួយ​ឈ្មោះ ថៃ ថី ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ​ស្រុក​ស្អាង។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ កន្លងមក លោក​អធិការ​នគរបាល​ស្រុក​ស្អាង ក៏​ធ្លាប់​បាន​មន្ត្រី​ក្រោម​ឱវាទ ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នា​ពេល​កន្លងមក​ដែរ ពាក់ព័ន្ធ​ការ​យក​លុយ​ប្រចាំខែ​ពី​ល្បែងស៊ីសង​ខុសច្បាប់ ​និង​ករណី​មិន​ប្រក្រតី​ជាច្រើន​ទៀត។ មកដល់ពេលនេះ​ ក៏​ត្រូវ​បាន​ថ្នាក់លើ​នៃ​ការិយាល័យ​បុគ្គលិក​កោះ​ហៅ​ទៅ​ដុសក្អែល​ចេញ​ម្ដង មិនដឹងថា​មាន​វាសនា​អាច​វិល​មកកាន់​តំណែង​ចាស់​បាន​វិញ​ ឬ​យ៉ាងណា​នោះទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu