Ad Code

ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​លូ​៥​មកដល់ពេលនេះ ​សម្រេចបាន​៩១%​ហើយ និង​អាច​បូមទឹក​រំដោះ​ការ​លិចលង់​បាន​ នៅ​ចុងខែ​ឧសភា​នេះ​



ភ្នំពេញ​ ៖ ស្ថានីយ​បូមទឹក​លូ​៥ គឺជា​ស្ថានីយ​បូមទឹក​ថ្មី​មួយទៀត​ ក្នុង​ចំ​ណោម​ស្ថានីយ​ជាច្រើន​ទៀត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ឡើង ដើម្បី​បូម​ទឹក​រំដោះ​ការលិចលង់​ជូន​ប្រជា​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន ៩១%​ ហើយ នឹង​អាច​បូមទឹក​រំដោះ​ការលិចលង់​បាន​នៅ​ចុងខែ​ឧសភា​២០១៩​ខាងមុខនេះ​។​

លោក​សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ​២៦ ខែ​មេសា ឆ្នាំ​២០១៩​នេះ ការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក​លូ​៥ សម្រេច​បាន​៩១%​ហើយ ក្នុង​នោះ នៅ​ក្នុង​អំឡុង​ពាក់​កណ្ដាលខែ ឧសភា​ឆ្នាំ ២០១៩ យើង​នឹង​អាច​ដំឡើង ម៉ូ​ទ័​រ​បូម​ទឹក​រួចរាល់ ហើយ​នៅ​ចុងខែ​ឧសភា​ដដែល​នេះ យើង​ក៏​នឹង​អាច​ដំណើរការ​បូម​ទឹក​សាក​ល្បង​បាន​ហើយ​។​

គួរ​បញ្ជាក់ថា ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​លូ​៥ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ កាល​ថ្ងៃទី​១៦ ខែ​មីនា ​ឆ្នាំ​២០១៨​ ក្រោម​វត្តមាន ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី ចំណុចប្រសព្វ​៣​ខណ្ឌ គឺ​ ខណ្ឌ​មានជ័យ ពោធិ៍​សែន​ជ័យ​ និង ​ខណ្ឌ​ដង្កោ​។​

ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន​នៅ​ក្នុង​ខណ្ឌ​ទាំង​៣​នេះ​តែម្តង​។​

ស្ថានីយ​បូមទឹក​លូ​៥​នេះ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុង​ការ​បូម​ទឹក​ចេញពី​តំបន់​ខាងកើត​ព្រលាន​យន្ត​ហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​ មួយផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដែល​មាន​ទំហំ​ផ្ទៃ​រង​ទឹក​ភ្លៀង​រហូតដល់​១០២៨​ហិកតា​។​

គួរ​បញ្ជាក់​ទៀត​ថា ស្ថានីយ​បូមទឹក​លូ​៥ សាងសង់​ឡើងជា​អគារ​ថ្មី មាន​បណ្ដោយ​១៨,៩​ម៉ែត្រ ទទឹង ១០,៩​ម៉ែត្រ បំពាក់​បំពង់​បូម​ទឹក​៤​គ្រឿង ក្នុង​នោះ បំពង់​មុខកាត់​៨​តឹក​២​គ្រឿង ​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​អា​ច​មាន​សមត្ថភាព​បូម​ទឹកបាន​៥​ម៉ែត្រគុប ក្នុង​មួយ​វិនាទី​ និង​ ស្មើ​នឹង​
២៨៨០០​ម៉ែត្រគុប ក្នុង​១​ម៉ោង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu