Ad Code

អាជ្ញាធរ​ខេត្ត​សៀមរាប គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃ​ឆ្លាត​អាស៊ាន ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ អន្តរជាតិ នៃ​ប្រទេស​ជប៉ុន JICA



សៀមរាប ៖ លោក Testuji GOTO ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​រៀបចំ​ផែនការ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA បាន​ឲ្យ​ដឹង​ថា ក្នុងឱកាស​ដែល​លោក និង ក្រុមការងារ មក​ខេត្ត​សៀមរាប​នា​ពេល​នេះ គឺ​ សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​អាស៊ាន និង ​ធ្វើ​ឲ្យ​ទីក្រុង​សៀមរាប​របស់​យើង ក្លាយ​ជា​ទីក្រុង​វៃ​ឆ្លាត ព្រមទាំង​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត និង JICA ដែល​គម្រោង​នេះ បាន​បែង​ចែកជា​២​ផ្នែក គឺ ទី​១. សិក្សា​ពី​គម្រោង​ចាប់ពី​ខែកក្កដា ដល់​ខែធ្នូ ឆ្នាំ​២០១៩ និង​ទី​២. ចាប់ផ្ដើម​អនុវត្ត​គម្រោង ចាប់ពី​ខែមករា ដល់​ខែ​មិថុនា ឆ្នាំ​២០២០ ។

​លោក Testuji GOTO បានលើក​ឡើង​យ៉ាង​ដូច្នេះ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា​ពាក់ព័ន្ធ​ក្នុង​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩។​

​ជាការ​ឆ្លើយតប​លោក លី សំរិទ្ធ បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​គម្រោង​ចុះ​សិក្សា​របស់ JICA នាពេលនេះ ព្រោះ​គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ក្នុង​ខេត្តសៀមរាប មាន​ភាព​ងាយ​ស្រួល តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ព្រមទាំង​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​នឹង​អាច​កើតមានឡើង ដោយសារ​ការរៀបចំ​អភិវឌ្ឍន៍​ក្រុង​សៀមរាប​នាពេល​អនាគត​។​

​លោក លី សំរិទ្ធ មានប្រសាសន៍​ទៀតថា អាជ្ញាធរខេត្ត​នឹង​សហការ​យ៉ាង​ពេញទំហឹង ដើម្បី​សម្រប​សម្រួល​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​អភិវឌ្ឍន៍​នេះ​ដំណើរការ​ដោយ​រលូន និង​ជោគជ័យ ដើម្បី​ផល​ប្រយោជន៍ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ប្រជាជាតិ​សមាគម​អាស៊ាន​ទាំងមូល​។​

​គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​បញ្ចូល​ទីក្រុង​ចំនួន​៣ រួមមាន រាជធានី​ភ្នំពេញ , ក្រុង​បាត់​ដំបង និង​ក្រុង​សៀមរាប ទៅ​ក្នុង​គម្រោង​បណ្ដាញ​ទីក្រុង​វៃឆ្លាត​អាស៊ាន។​

​សូមបញ្ជាក់ថា ទីក្រុង​ឆ្លាត​វៃ​សំដៅ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជា​ចម្បង និង​មាន​និរន្តរភាព ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ដែល​បង្កឡើង​ដោយ​ការ​រីកចម្រើន​ដ៏​ឆាប់រហ័ស នៃ​ការ​ធ្វើ​នគរូបនីយកម្ម ឬ​ការ​អភិវឌ្ឍ​ទីក្រុង​ដូចជា ៖ ការ​កកស្ទះ​ចរាចរណ៍ , ការ​បំពុល​ខ្យល់ , ភាព​ក្រីក្រ , គម្លាត​សង្គម , ការបែងចែក​គ្នា​រវាង​ប្រជាជន​ទីក្រុង​ និង​ជនបទ រួម​ទាំង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ផង។

បណ្ដាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​នេះ ក៏​មាន​បំណង​បង្កើន​ការ​តភ្ជាប់​ក្នុង​តំបន់ ដែល​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីក្រុង​ចំនួន​២៦ ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu