Ad Code

នី​សុ​ភី និង ឆៃ​សា​រ៉ា ជួប​ថៃ ខណៈ​រឿ​ម​ វ​ណ្ណះ ​ជួប​បារាំង​លើស​ង្វៀន​Boostrong



ប្រដាល់ ៖ នី សុ​ភី អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ​នៃ​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត ភូ​លួង​(Yortth Phuluong) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៩ គីឡូក្រាម នៅលើ​សង្វៀន​Boostrong Fighter On Fire នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៨​ ខែ​មេសា ឆ្នាំ​២០១៩​នេះ។

អ្នក​ប្រដាល់​ថៃ ដែល​មកជួប​ប្រកួត​ជាមួយ​នី សុ​ភី ជា​ជើង​ខ្លាំង​ថៃ។ តាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡា​ករ​ថៃ​មក​ប្រកួត បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា យ៉​ត ភូ​លួង អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា យ៉​ត ភូ​លួង នេះ​វាយ​ខ្លាំង។ សម្រាប់​យ៉​ត ភូ​លួង​នេះ គេ​ធ្លាប់​ប្រកួត​បាន​៨៥​លើក ក្នុង​នោះ​វាយ​ឈ្នះ​៧០​លើក ចាញ់​១៥​លើក មិនដែល​ស្មើ។

នី សុ​ភី បើ​ប្រៀប​ជាមួយ​ប្រវត្តិ​ប្រកួត​ជាមួយ​យ៉​ត ភូ​លួង​នេះ គេ​ប្រកួត​ច្រើនជាង។​ សុ​ភី​ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦២​លើក​ឯណោះ ក្នុង​នោះ​ឈ្នះ​១២២​លើក ចាញ់​២៨​លើក ស្មើ​១២​លើក និង ​ផ្ដួល​គូប្រកួត​ឲ្យសន្លប់​លើ​ស​ង្វៀន​ច្រើន​នាក់​ណាស់។​

សុ​ភី ជា​អ្នក​ប្រដាល់​ដែល​ខ្លាំងជាងគេ​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​នៅ​កម្ពុជា​សព្វថ្ងៃនេះ។​ គេ​មានចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្ដូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ញញើត​នោះឡើយ ដើម្បី​ប្តូរ​យកជ័យ​ជំនះ​នៅ​ពេល​ដែល​ស្ថានភាព​ប្រកួត​របស់គេ​មាន​សភាព​ចាញ់​ប្រៀប​គូប្រកួត គឺ​គេ​ប្តូ​រហើយ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​នៅតែ​រំពឹងថា យ៉​ត ភូ​លួង​ទំនងជា​មិនអាច​ឈ្នះ​នី សុ​ភី នោះឡើយ ព្រោះ​នី សុ​ភី ពេលនេះ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ មិន​ដូច​ពីមុន​នោះឡើយ ហើយ​គេ​ខ្ពស់​ប្រហាក់ប្រហែល​នឹង​យ៉​ត ភូ​លួង​ដែរ។ ​សុ​ភី មាន​កម្ពស់​១,៧២​ម៉ែត្រ ឯ​យ៉​ត ភូ​លួង មាន​កម្ពស់​១,៧៣​ម៉ែត្រ។​

ដូច្នេះ ចាំមើល​ជួប​ប្រកួត​ជាមួយ​យ៉​ត ភូ​លួង អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​លើក​នេះ នី សុ​ភី អាច​យកឈ្នះ​បាន​ឬ​អត់​?។​

ឆៃ សា​រ៉ា អ្នក​ប្រដាល់​ជើង​ខ្លាំង​សមាគម​កីឡា​ក្រសួងការពារជាតិ នឹងត្រូវ​ឡើង​ប្រកួត​សាក​កណ្តា​ប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ សាវ៉ាត ភេត​(Savart Phat) ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម។​
​រវាង​ឆៃ សា​រ៉ា និង សាវ៉ាត ភេត អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​ជួបគ្នា​ទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​មក​ស្រុក​ខ្មែរ​ជា​លើក​ទី​១​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើងចាស់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ដោយ​វាយ​ឈ្នះ​៦៤​លើក ចាញ់​១១​លើក មិនដែល​ស្មើ។

ឆៃ សា​រ៉ា ជា​ជើង​ខ្លាំង​របស់​កម្ពុជា នៅក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ នេះ​ជា​ឱកាស​ល្អ​ដែល​សា​រ៉ា ត្រូវ​បង្កើន​កេរ្តិ៍ឈ្មោះ​របស់គេ អោយ​កាន់តែ​ល្បីល្បាញ​ថែមទៀត​ហើយ។​

ក្នុង​ស្ថិតិ​ប្រកួត​ចំនួន​៩៤​លើក​នោះ ឆៃ សា​រ៉ា​ឈ្នះ​៧៦​លើក ចាញ់ ១៦​លើក ស្មើ​០២​លើក និង​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ជាច្រើន​នាក់។ ចាំមើល រវាង​ឆៃ សា​រ៉ា និង អ្នក​ប្រដាល់​ថៃ​សាវ៉ាត ភេត តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ជួបគ្នា​នេះ?។​

ចំពោះ​រឿ​ម វ​ណ្ណះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នៅ​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ នឹង​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បារាំង​មួ​រី​ន ឆា​លី (Maurin Charlie)។

រឿ​ម វ​ណ្ណះ និង អ្នក​ប្រដាល់​បារាំង​មួ​រី​ន ឆា​លី ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ ​ពួកគេ​ទាំង​ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ វ​ណ្ណះ ប៉ះ​ជាមួយ​មួ​រី​ន ឆា​លី នេះ មើលទៅ​ប្រហែលជា​មិន​ពិបាក​ក្នុងការ​យកឈ្នះ​នោះឡើយ ព្រោះ​បើ​មើល​ពី​សមត្ថភាព​បច្ចេកទេស គឺ​វ​ណ្ណះ ​លើ​ដាច់​តែម្តង ដោយ​គ្រាន់តែ​ចាញ់​កម្ពស់​ប៉ុណ្ណោះ។ រឿ​ម វ​ណ្ណះ គេ​មាន​កម្ពស់​១,៦៦​ម៉ែត្រ ហើយ​មួ​រី​ន ឆា​លី ១,៧០ ម៉ែត្រ។ ប៉ុន្តែ​យ៉ាងណា រឿ​ម វ​ណ្ណះ មានសង្ឃឹម​ឈ្នះ​ច្រើនជាង​ចាញ់។​

មួ​រី​ន ឆា​លី នេះ មាន​កំណត់​ត្រា​ប្រកួត​តែ​ចំនួន​២៥​លើក​ប៉ុណ្ណោះ គឺ​ឈ្នះ​២០​លើក និង ចាញ់​០៥​លើក មិនដែល​ស្មើ។ មួ​រី​ន ឆា​លី គេ​មាន​សមត្ថភាព​មិនជា​ខ្ពស់​ទេ​។ ​បើតាម​អ្នកដឹកនាំ​ប្រតិភូ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

ចំណែក រឿ​ម វ​ណ្ណះ គេ​មាន​កំណត់ត្រា​ប្រកួត​៨១​លើក ឈ្នះ​៦៤​លើក ចាញ់​១៦​លើក និង​ស្មើ​០១​លើក។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។ យ៉ាងណា រឿ​ម វ​ណ្ណះ គេ​ធ្លាប់​វាយ​ជាមួយ​ជនជាតិ​ស្បែ​កស ច្រើន​នាក់​មក​ហើយ គេ​មាន​បទពិសោធន៍​ពេញ​ខ្លួន​ហើយ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu