Ad Code

លោក Lee Tae Hoon តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​Hoàng Anh Gia Lai ក្រោយ​ឈរ​ជា​នាយក​បច្ចេកទេស​៤​ខែ



ក្លិប​បាល់ទាត់ Hoang Anh Gia Lai សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​វៀតណាម (V-League) ដែល​លោក Lee Tae Hoon អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចូល​ធ្វើជា​នាយក​បច្ចេក​ទេស​កាលពី​ចុងឆ្នាំ​២០១៨ កន្លងទៅនេះ​បានសម្រេច​តែងតាំង​លោក​ធ្វើជា​គ្រូបង្វឹក​របស់​ក្លិប​តែម្តង កាលពីពេល​ថ្មីៗ​នេះ​។

យោង​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម លើកឡើង​ថា ​ក្លិប​Hoàng Anh Gia Lai បាន​ប្រកាស​កាល​នៅ​ថ្ងៃទី​២២ ខែមេសា ពី​ការតែងតាំង លោក Lee Tae Hoon ឲ្យ​ក្លាយជា​គ្រូបង្វឹក​ដឹកនាំ​ក្រុម ជំនួស​លោក Dương Minh Ninh ដែល​បាន​ផ្ទេរ​ឲ្យ​ទៅកាន់​តំ​ណែង​ផ្សេង​វិញ​។ លោក Lee Tae Hoon បានលើកឡើង​ក្រោយពី​ទទួល​ភា​រិ​កិច្ច​ថ្មី​ថា​ «​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ជាមួយ Hoang Anh Gia Lai ដើម្បី​កសាង​ក្រុម​ឲ្យ​មាន​ភាព​តែមួយ និង​ដើម្បី​សម្រេច​គោលដៅ​វិវឌ្ឍន៍​ក្រុម​នៅពេល​ខាងមុខ​បន្តទៀត​»​។



សូម​រំលឹក​ថា ​លោក Lee ត្រូវបាន​ក្លិប Hoàng Anh Gia Lai សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​វៀតណាម តែងតាំង​ធ្វើជា​នាយក​បច្ចេកទេស ក្នុង​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​។ ដំណើរ​ទៅដល់​របស់​លោក Lee ត្រូវ​បាន​ក្លិប​ចាត់ទុកថា​ជាការ​ជួយ​រៀបចំ​ក្រុម​ឲ្យ​បានល្អ​ឡើងវិញ ក្រោយ​ក្លិប​ធ្វើ​មិនល្អ​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨​កន្លងទៅ​។ យ៉ាងណា​ក្តី​លោក Lee ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​វៀតណាម របស់​ខ្លួន​ឈ្នះ​ពានរង្វាន់ BTV Cup 2018 ផងដែរ។

គេ​នៅចាំ​ថា​លោក Lee បោះបង់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ឆ្នាំ​២០១៧ ដោយ​ចេញទៅ​ដឹកនាំ​ក្រុម U15 សាលា​បាល់ទាត់​ជាតិ តំណែង​នេះ​ជំនួស​វិញ​ដោយ​លោក Leonardo Vitorino ម្តង ខណៈ​ក្រុម​មក​ទៀត​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន​ចូលខ្លួន​ដឹកនាំ​បណ្តោះអាសន្ន​មុន​Honda Keisuke មកដល់​កាលពីដើមឆ្នាំ​។

ចំពោះ​លោក Lee Tae Hoon ពេលនេះ​កំពុង​កាន់​អាជ្ញា​ប័ណ្ណ AFC Pro License ធ្លាប់​បាន​ចុះកិច្ច​សន្យា​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​៣​លើក មក​ហើយ​ខណៈ​លើកដំបូង​ធ្វើឡើង​ពី​ខែ សីហា ឆ្នាំ ២០១០ ដល់ ខែ កក្កដា ឆ្នាំ ២០១២ ហើយ​លើក​ទី​២ ចាប់ពី​ថ្ងៃទី​១ ខែ សីហា ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ​២០១៥ និង លើក​ទី​៣ នេះ​ចាប់ពី​ខែ សីហា ឆ្នាំ ២០១៥ ដល់ ធ្នូ ២០១៦​។ ក្រោយ​មក​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​ក្រោម​អាយុ​១៥​ឆ្នាំ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​វិញ​ម្តង​ មុន​ចេញ​ទៅ​វៀតណាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu