Ad Code

កម្ពុជា នឹង​ស្នើ​ឲ្យ UN-ESCAP ជួយ​លើ​បាយ​ការណ៍​ប្រចាំឆ្នាំ ដែល​កម្ពុជា នឹងត្រូវ​ដាក់ជូនទៅ​អង្គការ UN នៅ​ខែកក្កដា​ខាងមុខ



ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កេ​ត សោ​ផាន់ បាន​អះអាង​ថា នៅក្នុង​វេទិកា​ប្រចាំឆ្នាំ រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជាមួយ​ក្រុម UN-ESCAP នៅ​កម្ពុជា នា​ខែឧសភា ខាងមុខ កម្ពុជា​នឹង​លើក​ប្រធានបទ​ចំនួន​៣ ដើម្បី​ស្នើសុំ​ឲ្យ UN-ESCAP ជួយ​សហការ ហើយ​នោះ​ក៏​មាន​ស្នើ​ឲ្យ​ជួយ​ផ្នែក​បាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​ដាក់​ជូន​ទៅ​អង្គការសហប្រជាជាតិ​នៅ​ខែកក្កដា​ខាងមុខ​ផងដែរ​។



អ្នកនាំពាក្យ​លើកឡើង​បែបនេះ ក្រោយពី​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី​បណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការ​រង និង​ជា​លេខាធិការ​ប្រតិបត្តិ​របស់​អង្គការ UN-ESCAP កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​។

លោក កេ​ត សោ​ផាន់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Armida Salsiah Alisjahbana មកកាន់​ប្រទេស​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​កាលពី​ចុងឆ្នាំ​២០១៨ ហើយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អបអរសាទរ​ចំពោះ​លោកស្រី​ដែល​ទទួលបាន​តួនាទី​ជា​លេខាធិការ​រង​របស់ UN-ESCAP​។ លោក​បន្តថា កម្ពុជា និង​UN-ESCAP មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ជាមួយគ្នា ជា​យូរលង់​ណាស់​មកហើយ​។ ក្នុងនោះ​លោកស្រី បាន​ថ្លែង​នូវ​អំណរគុណ​ដល់​ប្រទេស​កម្ពុជា ចំពោះ​ការចូលរួម និង​ការគាំទ្រ​របស់​កម្ពុជា នៅក្នុង​សកម្មភាព ក៏ដូចជា​កិច្ចការ​ផ្សេងៗ​របស់ UN-ESCAP នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ចំនួន​ពីរ​របស់ UN-ESCAP គឺ​ទី​១, វេទិកា​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ស្ដីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ទី​២, នៅ​ថ្ងៃទី​២៧ និង​២៩ ខែឧសភា ខាងមុខ និង​មាន​សម័យប្រជុំ​លើក​ទី​៧៥ របស់​គណៈកម្មការ​សេដ្ឋកិច្ច​សង្គម​របស់ UN-ESCAP​នេះ​។

តាម​លោក កេ​ត សោ​ផាន់ គឺ​ស្ថិតនៅ​ក្នុងជំនួប​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកស្រី Armida Salsiah Alisjahbana បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា ពី​កិច្ចសហប្រតិបត្តិការ​នា​នារ​វាង​កម្ពុជា​ជាមួយ UN-ESCAP ក៏ដូចជា​កិច្ចការ​តំបន់​អាស៊ាន និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ក៏ដូចជា​ប្រយោជន៍​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។



ជាមួយគ្នា​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​របស់ UN-ESCAP នៅ​កម្ពុជា ដែល​បាន​បន្ត​ការ​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា ជាពិសេស​តាមរយៈ​ការចូលរួម​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ការកសាង​ផែនការ​អភិវឌ្ឍ​ជាតិ ដែល​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​នេះហើយ​ភាគី​ទាំងពីរ​ក៏បាន​អះអាងថា នឹង​បន្ត​កិច្ច​សហ​ប្រតិការ​ដ៏​រឹងមាំ​នេះ​ត​ទៅមុខទៀត ហើយ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមេសា សម្ដេច​ក៏បាន​អះអាងថា សម្តេច​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​លើក ទី​៧៥ នៅ​ខែឧសភា ខាងមុខ​ផងដែរ​។​

​នៅក្នុង​ជំនួប​នោះ លោកស្រី​បាន​អះអាង​ដែរ​ថា អង្គការសហប្រជាជាតិ នឹងធ្វើ​ការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត ជាមួយ​អាស៊ាន ហើយ​ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អាស៊ាន និង​យូ​អិន មាន​គោលដៅ​រួមគ្នា​តែមួយ គឺ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

តាម​ការ​ស្នើសុំ​របស់​លោក​ស្រី Armida Salsiah Alisjahbana ទៅលើ​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ត្បូងៗ និង​កំណែទម្រង់​របស់​កម្មវិធី​អភិវឌ្ឍន៍​របស់​យូ​អិន ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ហើយ​អះអាង​ថា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ​ទៅ​ថ្ងៃ​ខាងមុខ ជាពិសេស​នៅ​ថ្ងៃទី​០៦ ខែឧសភា​ខាងមុខ ដែល​ជា​វេទិកា​ប្រចាំឆ្នាំ រវាង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាមួយ​ក្រុម UN-ESCAP នៅ​កម្ពុជា ហើយ​នៅក្នុង​កិច្ច​សន្ទនា​ប្រចាំ​ឆ្នាំនេះ កម្ពុជា​នឹង​លើក​ប្រធានបទ​ចំនួន​៣ ដើម្បី​ស្នើសុំ​ឲ្យ UN-ESCAP ជួយ​សហការ គឺ​ទី​១, ការការពារ​សង្គម ទី​២, ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ និង​ទី​៣, បាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា ដែលជា​ធម្មតា​កម្ពុជា នឹងត្រូវ​ដាក់ជូនទៅ​អង្គការសហប្រជាជាតិ​នៅ​ខែកក្កដា​ខាងមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu