ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ នៅរសៀលថ្ងៃទី០៩ មេសានេះ បានរៀបចំពិធីសូត្រមន្ត សុំសិរីសួស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃនៅឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះនៅទីស្នាក់ការកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះ បានរៀបចំឡើងទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការសូត្រមន្ត សមាទានសីលចំរើនព្រះបរិត្ត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ពិធីនោះ ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ព្រះនាម ទុង្សាទេវីដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំពរជ័យសព្វសាធុការដល់ថ្នាក់ដឹកនាំ មន្ត្រី កាកបាតក្រហមទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសកម្មភាពជួយប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាពិធីបុណ្យជាតិដ៏ធំមួយ ដែលតែងធ្វើឡើងរៀងរាល់ឆ្នាំ ដោយមានរយៈពេល៣ថ្ងៃនៅក្នុងអំឡុងខែចេត្រ ហើយឆ្នាំនេះសម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រារព្ធនៅថ្ងៃទី ១៤,១៥និង១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments