អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានពន្យារពេលសន្និសីទថ្នាក់ជាតិមួយរបស់ប្រទេសលីប៊ីដែលមានបំណងបង្កើតផែនទីបង្ហាញផ្លូវបោះឆ្នោតមួយដោយសារតែការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅជិតរដ្ឋធានីដែលនេះជាឧបសគ្គមួយទៀតចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព។
ការពន្យារពេលនេះបានកើតឡើងនៅពេលដែលភាគីសង្គ្រាមរបស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះកំពុងប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងឲ្យបញ្ឈប់អំពើហឹង្សាដែលបានជំរុញឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួននិងបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់។
លោក Ghassan Salame ប្រេសិត UN បានថ្លែងថា “យើងមិនអាចស្នើឲ្យមនុស្សចូលរួមក្នុងសន្និសីទនេះបានទេអំឡុងមានការបាញ់ប្រហារនិងការវាយប្រហារពីអាកាស”។
លោកបានសម្តែងសេចក្ដីសង្ឃឹមថា កិច្ចប្រជុំនេះដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។
អ្នកការទូតក្នុងទីក្រុងញូវយ៉កបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំការពិគ្រោះយោបល់បិទទ្វារមួយនៅថ្ងៃពុធស្តីអំពីវិបត្តិក្នុងប្រទេសលីប៊ីនិងស្តាប់បទសង្ខេបពីលោក Salame។
ប្រមុខ UN លោក Antonio Guterres បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់ចំពោះអរិភាពបន្ទាប់ពីព្រលានយន្តហោះដែលដំណើរការតែមួយគត់របស់ទីក្រុង Tripoli ត្រូវរងគ្រោះដោយការវាយប្រហារពីអាកាសកាលពីថ្ងៃចន្ទដោយកងទ័ពជាតិលីប៊ី (LNA) របស់បុរសខ្លាំង Khalifa Haftar ។
ប្រភពសន្តិសុខមួយបាននិយាយថា បន្ទាប់ពីការសម្រាកនៅពេលយប់ ការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងវិញកាលពីព្រឹកថ្ងៃអង្គារនៅភាគខាងត្បូងទីក្រុង។
អ្នកនាំពាក្យលោក Mohamed Gnounou បាននិយាយកាលពីថ្ងៃអង្គារថា តំបន់ជាយក្រុង Wadi Rabi គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលជាតិ (GNA) ។ លោកបន្ថែមថា កងកម្លាំងរបស់លោក Haftar ត្រូវបានរុញច្រានទៅតំបន់ Soug Al-Khamis និង Al-Aziziya នៅភាគខាងត្បូង។
លោក Gnounou បាននិយាយថា រដ្ឋាភិបាលបង្រួបបង្រួមដែលមានមូលដ្ឋាននៅទីក្រុង Tripoli បានបើកការវាយឆ្មក់តាមអាកាសជាច្រើនលើកប្រឆាំងនឹងទីតាំងរបស់ LNA នៅភាគខាងត្បូងក្រុងទ្រីប៉ូលីហើយក៏បានវាយប្រហារលើបន្ទាត់ផ្គត់ផ្គង់នៅកណ្តាលប្រទេសលីប៊ីផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments