សៀមរាប ៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លោក លី សំរឹទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូកាកបាទក្រហមកូរ៉េ នៅស្រុកជុងជូ រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយ លោកស្រី Kim Young Sok ចូលជួបសម្ដែងការគួរសម និង សំណេះសំណាល នៅសាលាខេត្តសៀមរាប។
នាឱកាសនេះដែរ លោកស្រី Kim Young Sok ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ។
លោកស្រីក៏បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរបំពេញ បេសកកម្មជាមនុស្សធម៌នេះ គឺដើម្បីធ្វើការចែករំលែកបទពិសោធន៍ល្អៗ សម្រាប់អនុវត្តន៍ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និង វប្បធម៌ ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ជនរងគ្រោះ និង ជនងាយរងគ្រោះទាំងឡាយ ហើយលោកស្រីនឹងជួយផ្សព្វផ្សាយសកម្មភាពដ៏ប្រពៃនេះ ដើម្បីជូនដល់ប្រជាជនកូរ៉េ នៅក្នុងភូមិសាស្ត្រ នៃស្រុកជុងជូផងដែរ។
លោកស្រីក៏បានឲ្យដឹងផងដែរថា ក្នុងដំណើរ មកកាន់ខេត្តសៀមរាបរបស់គណៈប្រតិភូ ក្នុងរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
ម្យ៉ាងទៀត គណៈប្រតិភូក៏បានមកនូវអំណោយជាសម្ភារៈសិក្សា ឱសថព្យាបាលមួយចំនួន ក្នុងទឹកប្រាក់២៤ពាន់ដុល្លារ ប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្ត និង សាលារៀនមួយចំនួននៅតាមតំបន់ដាច់ស្រយាល ក្នុងខេត្តសៀមរាប។
លោកស្រីបានបន្តទៀតថា សកម្មភាពមនុស្សធម៌នេះ បានប្រតិភូកាកបាទក្រហមកូរ៉េ បានធ្វើឡើង ចាប់ពីឆ្នាំ២០១២មកម្ល៉េះនៅកម្ពុជា។
មានប្រសាសន៍នោះដែរ លោក លី សំរឹទ្ធ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងអំណរគុណ ចំពោះទឹកចិត្ត ដ៏សប្បុរសធម៌ របស់ប្រតិភូកាកបាទក្រហមកូរ៉េ ចំពោះប្រជាពលរដ្ឋកម្ពុជា នៅខេត្តសៀមរាប ក្នុងការចូលរួមកាត់បន្ថយនូវ ភាពក្រីក្រនៅកម្ពុជា។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើពីជីវប្រវត្តិ នៃកិច្ចទំនាក់ទំនងនឹងគ្នា រវាងសាធារណរដ្ឋ កូរ៉េ និង ព្រះរាជាណាចក្រកម្ពុជា តែងតែជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។
លោក លី សំរឹទ្ធ ក៏បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នា សំខាន់ខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងទទួលបាននូវសមិទ្ធផលជាច្រើនផងដែរ។
លោកបានបន្តទៀតថា ក្នុងដំណេរបំពេញបេសកកម្មមនុស្សធម៌នេះ គឺធ្វើឲ្យប្រទេសយើងទាំងពីរ កាន់តែមានភាពរឹងមាំថែមទៀត។ ម្យ៉ាងទៀតដោយខេត្តសៀមរាប ជាគោលដៅ នៃភ្ញៀវទេសចរនៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ដ៏សម្បូរបែប ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់គណៈប្រតិភូកាកបាទក្រហមកូរ៉េ បន្តនូវវប្បធម៌ចែករំលែក នៃបេសកកម្មមនុស្សធម៌ នៅតាមសាលារៀន និង ប្រជាជនតាមបណ្តាភូមិ ស្រុកនៅខេត្តសៀមរាប នូវកាយវិការដ៏សប្បុរសធម៌នេះ ក៏ដូចជាការលើកស្ទួយ នៃចំណងមិត្តភាពប្រទេសយើងទាំងពីរ កាន់តែនៅជិតគ្នាជាទីបំផុត និង យូរអង្វែងតទៅអនាគត។
ក្នុងនោះដែរ គណៈប្រតិភូ ក៏បានធ្វើការប្រគល់នូវ ឱសថ សម្លាប់សត្វល្អិត រួមទាំងឱសថព្យាបាលមួយចំនួនដល់សាលាខេត្តសៀមរាបផងដែរ៕
Source: Kampuchea Thmey Daily
0 Comments