Ad Code

ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព និង​បរិស្ថាន​សមុទ្រ ​ក្លាយ​ជា​ប្រធានបទ​ស្នូល​ នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ ADB, កម្ពុជា​ស្នើសុំ ADB ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​គម្រោង​វិនិយោគ​ធំៗ​



​ភ្នំពេញ ៖ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ទេសាភិបាល​លើក​ទី​៥២ ឬ​កិច្ច​ប្រចាំ​ឆ្នាំ​២០១៩ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ណា​ឌី ប្រទេស​ហ្វី​ជី បាន​បិទ​បញ្ចប់​ប្រកបដោយ​ភាពជោគជ័យ តាម​ការគ្រោងទុក ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​វិបុលភាព ប្រកប​បរិ​យា​ប័ន្ន​, ភាព​ធន់ និង​និរន្ត​ភាព សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ទេសាភិបាល​ជំនួស​របស់​កម្ពុជា​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​នេះ ក្នុងនាម​ប្រទេស​កម្ពុជា​ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​។​
​ ​
កិច្ច​ប្រចាំឆ្នាំ​លើក​នេះ ក៏​ដូច​លើក​មុនៗ​ផងដែរ​, អង្គប្រជុំ​បានធ្វើការ​ពិភាក្សា​លើ​ច្រើន​ប្រធានបទ គ្រប​ដណ្ដប់​ច្រើន​វិស័យ ក៏ដូចជា​ប្រតិបត្តិការ​របស់ ADB ក៏ប៉ុន្តែ​នៅក្នុង​ចំណោម​ប្រធានបទ​ នៃ​កិច្ច​ពិភាក្សា​ទាំងនោះ បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព (Sustainable tourism) និង​បញ្ហា​បរិស្ថាន​សមុទ្រ ឬ​សុខភាព​របស់​សមុទ្រ (Ocean health) បាន​ក្លាយទៅជា​ប្រធាន​បទ​ស្នូល សម្រាប់​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ នេះ​។

គួរបញ្ជាក់​ដែរ វិស័យ​ទេសចរណ៍​បាន និង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ​។ ជាក់ស្តែង ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បាន​កើន​ឡើងដល់​ប្រមាណ​៣៥០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ ពោល​គឺ​មាន​កំណើន​ទ្វេដង​ធៀប​នឹង​ឆ្នាំ​២០០៥​។ ទន្ទឹមនឹងនេះ ប្រជាជន​អាស៊ី​ក៏​ធ្វើ​ទេសចរណ៍​កាន់​តែ​ច្រើន​ផងដែរ ដោយ​ការ​កើន​ឡើង​ នៃ​ប្រជាជន​វណ្ណៈ​កណ្តាល គួបផ្សំ​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។ ជា​ទស្សនវិស័យ​ទៅ​ថ្ងៃមុខ ជាពិសេស​នៅ​ក្នុង​បរិបទ​ នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែលមាន​ការប្រើប្រាស់​មនុស្ស​យន្ត និង​បញ្ញា​សិប្បនិមិត្ត (AI), វិស័យ​ទេសចរណ៍​នឹង​ក្លាយ​ជា​វិស័យ​មួយ​ដែល​នឹងមាន​ការប្រើប្រាស់​មនុស្ស​ច្រើន​ទៅវិញ​។

ក្នុងន័យនេះ តំបន់​ទាំងមូល​ត្រូវ​បន្ត​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព តាមរយៈ​ការ​វិនិយោគ​បន្ថែម​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ជំនាញ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មាន​ការគិតគូរ​ទៅដល់​និរន្ត​ភាព​បរិស្ថាន​, កេរ្តិ៍​មរតក​វប្បធម៌ និង​សហគមន៍​មូលដ្ឋាន​។​
​ ​
ដោយឡែក បញ្ហា​បរិស្ថាន​សមុទ្រ​ក៏​ជា​បញ្ហា​ដែល​គួរឲ្យ​យកចិត្តទុកដាក់​ផងដែរ ដោយសារ​សមុទ្រ​កំពុង​ទទួលរង​ការ​គំរាមកំហែង​កាន់តែខ្លាំង​ឡើង ដោយសារ​កត្តា​ផ្សេងៗ ពិសេស​ការ​បង្ហូរទឹក​កង្វក់ និង​ការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ចូលទៅក្នុង​សមុទ្រ​។ តាម​ការ​ព្យាករណ៍ ប្រសិនបើ​មិនមាន​ចំណាត់​ការ​ចំពោះ​ការគំរាមកំហែង​នេះ​ទេ នឹង​បណ្តាលឲ្យ ៩០% នៃ​ផ្កាថ្ម​បប្រិះ​ទឹក​នៅ​ក្នុង​តំបន់​ទាំង​មូល​ត្រូវ​បាត់បង់​នៅត្រឹម​ឆ្នាំ​២០៥០ ហើយ​ធនធាន​សមុទ្រ​ក៏​នឹងត្រូវ​ហិនហោច​យ៉ាង​ធំ​សម្បើម​ផង​ដែរ​។ ដូចនេះ បណ្តា​ប្រទេស​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​សមុទ្រ (Ocean health) ដើម្បី​ភព​ផែនដី​។ ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​បេសកកម្ម​នេះ ADB សន្យា​នឹង​បង្កើន​ការផ្តល់​ហិរញ្ញ​ប្បទាន និង​ជំនួយ​បច្ចេកទេស​របស់ខ្លួន​ដល់​ប្រទេស​សមាជិក​រហូតដល់​៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤​។​
​ ​
នៅក្នុង​សុន្ទរកថា​ដែល​បាន​កត់ត្រា​ជា​កំណត់ហេតុ​ នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​ទេសា​ភិបាល​លើក​ទី​៥២ របស់ ADB,​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ទេសាភិបាល​ជំនួស​របស់​កម្ពុជា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នេះ​, បាន​លើក​ឡើង​ពី​ការ​រីកចម្រើន​លើ​គ្រប់ វិស័យ​ដែល​កម្ពុ​ជាស​ម្រ​ច​បាន​នៅក្នុង​រយៈពេល​កន្លង​មក ដោយ​គូស​រំលេច​អំពី​សមិទ្ធិ​កម្ម​សេដ្ឋកិច្ច​សំខាន់ៗ នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។​

លោក​ក៏បាន​លើកឡើង​ផងដែរ អំពី​ការសម្រេចបាន​នូវ​វឌ្ឍនភាព​គួរឲ្យ​កត់សម្គាល់​នៅក្នុង​ការ​កៀរគរ​ចំណូល​សារពើពន្ធ ដែល​ធ្វើឲ្យ​រាជរដ្ឋាភិបាល​មានលទ្ធភាព​កាន់តែច្រើន ក្នុងការ​បង្កើន​ចំណាយ​លើ​វិស័យ​អាទិភាព និង​វិស័យ​លើ​កម្ពស់​ប្រសិទ្ធភាព និង​ផលិតភាព​សេដ្ឋកិច្ច​។ លើសពីនេះ លោក​ក៏​បា​ន​លើកឡើង​ផងដែរ អំពី​អាទិភាព គោលនយោបាយ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​ការជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​
​ ​
នៅក្នុង​ឱកាស ​នៃ​ការចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​របស់ ADB លើក​ទី​៥២ ខាងលើនេះ លោក វ​ង្សី វិស្សុត ក៏បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ​លោក Takehiko Nakao ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ​។ នៅក្នុង​ជំនួប​នេះ លោក​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ និង​ភាពជា​ដៃគូ ដ៏​ជិតស្និទ្ធ និង​ស្មោះត្រង់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង ADB ជា​ពិសេស​ការសម្រេចបាន​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១៩-២០២៣​។

លោក វ​ង្សី វិស្សុត បានស្នើ​សុំ ADB ជួយ​រៀបចំ​ក្របខ័ណ្ឌ​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា​ ៖ វិស័យ​ថាមពល​, ជំនាញ​, ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង និង វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ ទន្ទឹមនឹងនេះ លោក​ក៏បាន​ស្នើសុំ ADB ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ធំៗ ទន្ទឹមគ្នា​នឹង​ការលើកកម្ពស់​គុណភាព​គម្រោង ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ នៃ​ការ​អភិវឌ្ឍ​កម្ពុជា នៅ​ក្នុង​ដំណាក់កាល​ថ្មី៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu