Ad Code

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន គឺជា​ស្ពាន​គ្រឹះ​ដ៏​រឹងមាំ​មួយ សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន



ភ្នំពេញ​ ៖ ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវការ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​៦ ខែ​ឧសភា​នេះ ក្រោម​អធិបតីភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិ​ភូម​នាយករដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល និង​លោកស្រី Zuo Wenxing ទីប្រឹក្សា​នយោបាយ នៃ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​គាំទ្រ ចំពោះ​ការបង្កើត​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន​នាពេលនេះ។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​ធ្វើជា​ស្ពាន​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​។ លោក​រដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​ថា នៅ​ពេលណា​យើង​មិន​ទាន់​មាន​ស្ពានបេតុង​ទេ យើង​អាចធ្វើ​ស្ពាន​ឫស្សី​មួយ​ក៏បាន។ សង្ឃឹមថា សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន ធ្វើជា​ស្ពានបេតុង​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទំនាក់ទំនង​កម្ពុជា​-​ចិន។

លោកស្រី Zuo Wenxing ទីប្រឹក្សា​នយោបាយ​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែង​ថា ​“​ការ​បង្កើត​សមាគម​អ្នកសារព័ត៌មាន កម្ពុជា​-​ចិន​នេះ បានបញ្ចប់​នូវ​ប្រវត្តិសាស្ត្រ​ធ្វើការ​ដាច់ដោយឡែក​ពីគ្នា​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន និង​កម្ពុជា ហើយ​បាន​លើកកម្ពស់​ការផ្លាស់ប្តូរ​គ្នា​កាន់តែ​ស៊ីជម្រៅ​។

ការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ទាំងពីរ នឹង​ក្លាយទៅជា​បង្អួច សម្រាប់​ការយល់ដឹង​ថ្មី​អំពី​មិត្តភាព រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ក្នុង​តំបន់​ទាំងមូល​។ លោកស្រី​រំពឹង​ថា សមាគម​នេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​វិជ្ជមាន និង​ការ​រួមដៃ​គ្នា​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​”​។ លោកស្រី​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ជាមួយ​នឹង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​” និង​“​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជដ្ឋាភិបាល​កម្ពុជា​” សហគ្រាស​ចិន និង​ប្រជាពលរដ្ឋ​ចិន​កាន់តែ​ច្រើន បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ទេសចរណ៍ រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា ដែល​តម្រូវការ​ធនធាន​ខាង​ព័ត៌មាន​កាន់តែ​សំបូរបែប​។ លោកស្រី​សង្ឃឹមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា រួម​ទាំង​សមាជិក​នៃ​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន និង​រាយការណ៍​កាន់តែ​ច្រើន​អំពី​សំឡេង​ល្អ និង​សមិទ្ធផល​ល្អៗ នៃ​ប្រទេស​ចិន​និង​កម្ពុជា និង​បង្កើត​បរិយាកាស​សាធារណៈ​មតិ​ល្អ សម្រាប់​ទំនាក់ទំនងរ​វាង​ប្រទេស​ទាំងពីរ។

លោក ផៃ​ស៊ី​ផាន ក៏បាន​គាំទ្រ​ចំពោះ​ការ​បង្កើត​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន​នេះ ព្រោះ​សមាគម​នេះ​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​សំខាន់​បម្រើ​ឲ្យ​ទំនាក់ទំនង នៃ​ប្រទេស​កម្ពុជា​-​ចិន ខណៈ​វិស័យ​មាន​ដើរ​តួនាទី​សំខាន់ ចូលរួម​ចំណែក​ថែរក្សា​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

តាម​របាយការណ៍​លោក សយ សុភាព សហប្រធាន និង​ជា​ស្ថាបនិក​នៃ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន បាន​អះអាងថា សមាគម​លោក​នឹង​ចូលរួម​អនុវត្ត​គោរព​តាម​គោលនយោបាយ​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ល្អ តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ប្រកបដោយ​វិជ្ជាជីវៈ ទាក់ទង​អំពី​ការ​វិនិយោគ​របស់​ប្រទេស​មហាមិត្ត​ចិន​នៅ​កម្ពុជា ក៏ដូចជា​ការនាំចេញ​នូវ​ផលិតផល​គ្រប់​ផ្នែក​ទាំងអស់​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ឱ្យ​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ប្រទេស​ទាំង​ពីរ​ បាន​ពូន​ជ្រុំ​កសាង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ស្អិតរ​មួ​ត​ចាប់តាំង​ពី​មេដឹកនាំ​ជំនាន់​មុន​រហូតមកដល់​ពេល​បច្ចុប្បន្ន។

សូម​រំលឹក​ថា សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu