Ad Code

ស្តាប់​ការ​រៀបរាប់​របស់​អ្នកអភិរក្ ស​ជួសជុល និង​សង្គ្រោះ​ប្រាសាទ​ខ្មែរ​ ក្នុង​តំបន់​អង្គរ​



សៀមរាប ​៖​ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប លោក លឹម គង់ ​អាយុ​៥៧​ឆ្នាំ បាន​ចំណាយ​ពេល​អស់​រយៈពេល​១៥​ឆ្នាំ ​ជា​អ្នក​ជួសជុល​ប្រាសាទ នៅ ក្នុង​រមណីយដ្ឋាន អង្គរ ,​បាត់ដំបង និង​ បន្ទាយមានជ័យ រហូត​ក្លាយ​ជា​អ្នក​ជំនាញ​រៀប​ថ្ម ត​ថ្ម ដែល​ទទួល​បាន​ការងា​រ ជា​ហូរហែ ហើយ​បាន​បង្រៀន​ដល់​អ្នកជំនាន់ក្រោយ​អំពី​វិជ្ជាជីវៈ​ជំនាញ​របស់​ខ្លួន​ទៀតផង។

​សព្វថ្ងៃ លោក លឹម គង់ កំពុង​បំពេញភារកិច្ច​ជា​មេក្រុម​មួយផ្នែក​លើ​ការ​ជួសជុល​ប្រចាំ​ការដ្ឋាន​ប្រាសាទ​មេបុណ្យ​ខាងលិច ដែល​ជា​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។​

​បើទោះបី​មិនមែនជា​អ្នកជំនាញ​ដែល​ទទួលបាន​ការអប់រំ​ថ្នាក់​បរិញ្ញាបត្រ ​ឬ​បណ្ឌិត​ជំនាញ​ជួសជុល​ប្រាសាទ​ក៏ពិតមែន ក៏​មេ​ក្រុម​ជួសជុល ប្រចាំ​ការដ្ឋាន​ប្រាសាទមេបុណ្យខាងលិច​រូបនេះ មាន​បទ​ពិសោធន៍​គ្រប់គ្រាន់ ច្បាស់​លាស់ ក្នុង​ការ​ត​ថ្ម​រៀប​ថ្ម ដាប់​ថ្ម លាយ​កាវ និង​បង្រៀន​កូន​ក្រុម​អំពី​ការងារ​បាន​យ៉ាង​ល្អ​។​

​ក្នុងនាម​ជា​អ្នក​ជួសជុល​ប្រាសាទ​ដូនតា​មួយរូប លោក គង់ បាន​បង្ហាញ​នូវ​ឆន្ទៈ​ និង​ក្តី​ស្រឡាញ់​ចំពោះ​ការងារ​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ខ្ញុំ​ចង់​ធ្វើ​តែ​ប្រាសាទ មួយជីវិត​ខ្ញុំ​ នៅតែ​ចង់​បន្តធ្វើ​ការងារ​នេះ​រហូត​ឲ្យ តែ​នៅ​មាន​កម្លាំង ព្រោះ​ខ្ញុំ​ចង់​ឲ្យ​បេតិកភណ្ឌ​ពិភពលោក​កាន់តែ​រីកចម្រើន​តទៅ​មុខ។
ខ្ញុំ​សោកស្តាយ​ណាស់ ដែល​ប្រាសាទ​ខ្មែរ​ជាច្រើន​ខូចខាត ខ្ទេចខ្ទាំ ខ្ញុំ​ចង់​ជួសជុល​ថ្មី​ឲ្យ​បាន​ល្អ​ដូច​ពី​ដើម​វិញ តាម​សមត្ថភាព ​និង​ការចេះដឹង​របស់ខ្ញុំ​»​។​

​លោក​មេក្រុម គង់ បាន​បញ្ជាក់ដែរថា បទពិសោធន៍​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទ​ ដំបូង​ឡើយ លោក​បានធ្វើការ​ជាមួយ​អ្នកជំនាញ​ចិន ដែល​ជួសជុល​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទ​តាកែវ​។ ក្រោយ​ចប់​គម្រោង លោក​ក៏បាន​បន្ត​ការងារ​ជាមួយ​អ្នកជំនាញ​ឥណ្ឌា​នៅ​ប្រាសាទតាព្រហ្ម និង​ជាមួយ​អ្នកជំនាញ​ខ្មែរ ដែល​ធ្វើការ​ជួសជុល​នៅ​ប្រាសាទ​បា​សែត ប្រាសាទ​នៅ​អូរ​ជីក និង​នៅ​បន្ទាយឆ្មារ​។ ការអនុវត្ត​ជាប្រចាំ​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក​អាច​ស្គាល់​ពី​គុណភាព​ថ្ម រៀប​ថ្ម​ឲ្យ​ជាប់​មាំទាំ ជិត ល្អ ដូច​បុរាណ ហើយ​មាន​សមត្ថភាព​អាច​សង្គ្រោះ​ប្រាសាទបុរាណ​បាន​។​

លោក​ក៏​សង្ឃឹមថា មិនយូរ​ទេ ​ប្រាសាទ​ក្នុងប្រទេស​ខ្មែរ ​នឹង​ទទួល​បាន​ការ​អភិរក្ស​ជួសជុល ឲ្យ​រួច ផុត​ពី​ហានិភ័យ ហើយ​សូម​ឲ្យ​កូន​ខ្មែរ​ទាំងអស់ ចេះ​ស្រឡាញ់ ការពារ ថែរក្សា​ប្រាសាទ​ដូនតា​ជា បេតិកភណ្ឌ​ពិភពលោក​ទាំងអស់គ្នា​។ ចំពោះ​លោក​វិញ លោក​មាន​មោទនភាព​ណាស់ ហើយ​ប្ដេជ្ញា​នឹង​បន្ត​ការងារ​នេះ​រហូត ព្រោះ​បាន​បន្សល់​នូវ​ស្នាដៃ​ថ្មី​លើ​វត្ថុ​បុរាណ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu