ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រឡាញ់ កាកបាទក្រហមកម្ពុជា»។ ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩)។
ការប្រារព្ធទិវាដ៏មហោឡារិកនេះ ដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូល រួមពីឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណ៤ពាន់នាក់។
ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្តប្រតិបត្តិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ធ្វើសកម្មភាពលើការងារស្នូលចំនួន៤រួមមាន ៖
ទី១-ការចូលរួមចំណែកសង្គ្រោះជីវិត កសាងភាពធន់ទៅនឹងគ្រោះមហន្ដរាយដោយធម្មជាតិ និងមនុស្សបង្កើតឡើង។
ទី២-ចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លងៗផ្សេង និងអន្តរាគមន៍សុខភាពគ្រាអាសន្ន។
ទី៣-ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សា។
ទី៤-ពង្រឹងការរក្សាកិត្តិនាម កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅគ្រប់ទីកន្លែង និងទាន់ពេលវេលា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងថា ជាការពិតណាស់ក្នុងឆ្នាំ២០១៨ និង ៤ខែ ដើមឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជាដែលមានសាខានៅតាមរាជធានីខេត្តទាំង២៥ អាចសម្រេចបាននូវសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ជារួមមានប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជិត៣ម៉ឺនគ្រួសារ បានទទួលអណ្ដូងទឹកស្អាតចំនួន១៣៩ ចាស់ៗគ្មានទីពឹងគ្រួសារពិការភាព ស្ត្រីមេម៉ាយ ទុរគតចំនួន១៦៧គ្រួសារទទួលបានផ្ទះថ្មី ប្រជាពលរដ្ឋតាមជនបទ៤៥៣គ្រួសារទទួលបានបង្គន់អនាម័យ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងចាស់ឥតទីពឹងកុមារកំព្រាគ្រួសារមានជំងឺរ៉ាំរ៉ៃ ស្ត្រីមេម៉ាយចំនួនជាង១៤ម៉ឺនគ្រួសារ ទទួលបានអំណោយជាស្បៀង សម្ភារៈជួយសម្រាលជីវភាពរស់នៅ ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមជំងឺគ្រុនចាញ់គ្រុនឈាមចំនួន ២ម៉ឺនគ្រួសារ បានទទួលអំណោយជាមុងសុវត្ថិភាព អ្នកពិការជើងចំនួន៩៥៦នាក់ ទទួលបានរទេះពិការ ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនរាប់រយគ្រួសារទទួលបានប្រាក់កម្ចីធ្វើដើមទុនប្រកបរបរចិញ្ចឹមជីវិត អ្នកស្ម័គ្រចិត្តនិងបុគ្គលិកក្នុងវិស័យឯកជនជាង៤ពាន់នាក់ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈសង្គ្រោះបឋម ប្រជាពលរដ្ឋតាមសហគមន៍រាប់ម៉ឺនគ្រួសារបានចូលរួមក្នុងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនគ្រាប់ មិនទាន់ទទួលការថែទាំសុខភាពការប្រើប្រាស់ទឹកស្អាតអនាម័យអាហារូបត្ថម្ភ។
ជាមួយគ្នានេះ សិស្សនិស្សិតមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ ទទួលបានចំណេះដឹងតាមរយៈការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជាតែងតែផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិតាមគ្រប់ប្រព័ន្ធព័ត៌មាននូវសារអំពាវនាវ ស្តីពីការអប់រំថែទាំសុខភាពក្នុងឱកាសទិវាជាតិសុខភាពមាតាទារក និងកុមារ ថ្ងៃ២១កុម្ភៈ ទិវាឆ្មបជាតិប្រៃខ្ពស់សភា និងទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍១ធ្នូ។
លើសពីនេះទៅទៀត ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ សាខា២៥រាជធានី ខេត្តបានផ្ដល់អំណោយជូនអ្នករងគ្រោះដោយខ្យល់កន្ត្រាក់១១៦ដង ចំនួន៣.០៣៥គ្រួសារ។
ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជាបានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន១លានដុល្លារ ក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ នឹងបន្តជួយទៀតដល់ថវិកាអស់ធំប្រចាំឆ្នាំដល់អង្គការចំនួន៣ចុះសួរសុខទុក្ខ សមាគម និងអង្គការមួយចំនួន ដើម្បីឧបត្ថម្ភស្បៀង ផ្តល់អាហារសាមគ្គីដល់កុមារកំព្រា អ្នកមានពិការភាព សិស្សនិស្សិតក្រីក្រ ព្រមទាំងផ្ដល់ដល់អនុសាខាតាមខណ្ឌទាំង១២ក្នុងរាជធានី ចំនួនពីរលើក ក្នុងមួយឆ្នាំនូវអង្ករជាង២០០តោន សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៧.២០០គ្រួសារទៀត។
ក្នុងស្មារតីសាមគ្គីភាពជាមួយសមាគមជាតិជាបងប្អូន កាកបាទក្រហមកម្ពុជានៅបានផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លារ ជួយដល់អ្នករងគ្រោះដោយការបាក់ទំនប់វារីអគ្គិសនីនៅឡាវ និងចំនួន៥ម៉ឺនដុល្លារ ជួយអ្នករងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមិនៅឥណ្ឌូណេស៊ី។
សម្ដេចប្រធានបានគូសបញ្ជាក់ថា សុខសន្តិ ភាព ស្ថិរភាព និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានផ្ដល់ឱកាសឲ្យកាកបាទក្រហមកម្ពុជាពង្រីកបានភាពម្ចាស់ការ និងសម្រេចបានសមិទ្ធផលជាច្រើន។ សមិទ្ធផល នៃកាកបាទក្រហមកម្ពុជា សម្រេចបានទាំងអស់គឺពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការគាំទ្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងការចូលរួមបរិច្ចាគដ៏មានតម្លៃពីសំណាក់ សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសប្បុរសជនជាតិ អន្តរជាតិទាំងអស់ដែលមានសប្បុរសធម៌មានក្តី មេត្តា អាណិតអាសូរ និងចែករំលែកក្តីស្រឡាញ់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះតាមរយៈកាកបាទក្រហមកម្ពុជា។
លោកគ្រីស្តុបសត់ធឺរ ប្រធានប្រតិភូភូមិភាគគណៈកម្មាធិការជាតិ នៃកាកបាទក្រហម អាយ.ស៊ី.អរ.ស៊ី ប្រចទីក្រុងបាងកក បានមានប្រសាសន៍ថា ទិវាពិភពលោកកាកក្រហម អឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០១៩ គឺជាទិវាដែលត្រូវចងចាំ។ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺមានតែមួយគត់ គឺតួនាទី និងគោលការណ៍ ត្រូវបានទទួលស្គាល់ជាសាកលដោយរដ្ឋ និងប្រជាជន។ ចលនានេះបានខិតខំប្រឹងប្រែង ដើម្បីរក្សាបាននូវឯករាជ្យរបស់ខ្លួនពីនយោបាយ ជាតិសាសន៍ និងសាសនា និងស្ថិតលើគោលការណ៍ ភាពមិនលំអៀង និងអព្យាក្រឹត ភាព។
លោកបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសមាជិក និងអ្នកស្ម័គ្រចិត្តប្រមាណ៥០.០០០នាក់ ដែលនេះជាគំរូមួយដល់បណ្តាសមាជិករបស់គ្រួសារកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដទៃទៀត។ ក្នុងនាមជាដៃគូដែលគួរឲ្យទុកចិត្តរបស់កាកបាទក្រហមកម្ពុជា គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដែលមានវត្តមានដ៏យូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងរក្សានូវភាពជាដៃគូយូរអង្វែងនេះតទៅទៀត ហើយនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យស្តារនីតិសម្បទា និងលុបបំបាត់ កាត់បន្ថយគ្រោះថ្នាក់ដោយអាវុធជាតិផ្ទុះ ដើម្បីផ្តល់នូវឱកាសសង្គមថ្មីសម្រាប់សហគមន៍នៅកម្ពុជា។
សូមបញ្ជាក់ថា ពិធីអបអរសាទរខួប១៥៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាលពីឆ្នាំ២០១៨កន្លងទៅ កាកបាទក្រហមកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជននានាសរុបជាង១៨លានដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments