ភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរស/ស្ត្រីជនជាតិចិនចំនួន២៨នាក់ ដែលត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កំពុងត្រូវបានធ្វើការសាកសួរកសាងសំណុំរឿងរង់ចាំការសម្រេចរបស់ថ្នាក់ដឹកនាំនគរបាលជាតិថា តើត្រូវបញ្ជូនពួកគេឡើងតុលាការ ឬត្រូវប្រគល់ឲ្យសមត្ថកិច្ចនគរបាលចិនតាមសំណើដើម្បីបញ្ជូនទៅប្រទេសកំណើតវិញ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នគរបាលនាយដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន ប្រុស/ស្រី ចំនួន២៨នាក់ ដែលពួកគេពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ ការបង្ក្រាបនេះធ្វើឡើងនៅចំណុចផ្ទះវិឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការសមត្ថកិច្ចកម្ពុជាបានដកហូតបានសម្ភារៈមួយចំនួនដូចជា ៖ ទូរស័ព្ទដៃ៤គ្រឿង ទូរស័ព្ទដៃណូគា១១គ្រឿង, IPADMINI៥គ្រឿង, ម៉ាស៊ីនបែងចែកអ៊ីនធឺណិត៦គ្រឿង, ដុំភ្លើង១ដុំ, LAPTOP ៣គ្រឿង, ម៉ាស៊ីនបំផ្លាញក្រដាស១គ្រឿង, ម៉ាស៊ីនព្រីន១គ្រឿង, ឯកសារមួយចំនួន, រថយន្តLEXUS RX300 មួយគ្រឿង និង ម៉ាស៊ីនថតរូប១គ្រឿង ដែលពួកគេប្រើសម្រាប់ប្រព្រឹត្តបទល្មើសឆ្លងដែន៕
Source: Kampuchea Thmey Daily
0 Comments