រដ្ឋាភិបាលអាមេរិក បានចាប់ផ្ដើមប្រគល់ប្រាក់២០០លានដុល្លារដែលទទួលបានពីការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងការលួចមូលនិធិ 1MDB របស់រដ្ឋទៅឱ្យម៉ាឡេស៊ីវិញហើយ។នេះបើតាមការលើកឡើងរបស់ប្រទេសទាំងពីរកាលពីថ្ងៃអង្គារ។
អាជ្ញាធរម៉ាឡេនិងអាមេរិកថាទឹកប្រាក់ប្រហែល៤,៥ពាន់លានដុល្លារត្រូវចោទប្រកាន់ថាបានផ្ទេរចេញពីមូលនិធិ 1Malaysia Development Berhad (1MDB) ដែលជាមូលនិធិរដ្ឋត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ដោយនាយករដ្ឋមន្ត្រីម៉ាឡេNajibRazak។
ក្រោយការចាញ់ឆ្នោតកាលពីឆ្នាំមុនលោកNajibត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌច្រើនជាង៤០ករណីរួមទាំងករណីបាត់លុយមូលនិធិ 1MDB និងនៅស្ថាប័នរដ្ឋដទៃទៀតប៉ុន្តែលោកបានឆ្លើយតបក្នុងតុលាការថាមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។
តាំងពីឆ្នាំ២០១៦មកក្រសួងយុត្តិធម៌អាមេរិក (DoJ) បានរៀបចំបណ្ដឹងប្បវេណីដើម្បីរឹបអូសទ្រព្យសម្បត្តិតម្លៃ១,៧ពាន់លានដុល្លារដែលត្រូវបានចោទប្រកាន់ថាទិញដោយប្រើលុយលួចពីមូលនិធិ1MDB ដែលរួមមានយន្តហោះផ្ទាល់ខ្លួនមួយគ្រឿងភូមិគ្រឹះប្រណីត គំនូរសិល្បៈនិងគ្រឿងអលង្ការ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅម៉ាឡេស៊ីអ្នកស្រី Kamala Shirin Lahkdhirបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា "អាមេរិកនឹងប្រគល់ប្រាក់ប្រមាណ១៩៦លានដុល្លារទៅឱ្យម៉ាឡេស៊ីវិញដែលជាដំណាក់កាលដំបូងនៃការទូទាត់ពីទ្រព្យសម្បត្តិដែលរឹបអូសបាន។យើងសប្បាយចិត្តណាស់ដែលប្រាក់បានពីទ្រព្យសម្បត្តិដែលរឹបអូសធ្វើឡើងដោយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អាចផ្ទេរឱ្យខាងម៉ាឡេស៊ីវិញបែបនេះ។នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្វិលទ្រព្យសម្បត្តិទាំងនេះដើម្បីផលប្រយោជន៍ប្រជាជនម៉ាឡេទាំងមូល។"
ហោចណាស់មាន៦ប្រទេសរួមទាំង សហរដ្ឋអាមេរិក សិង្ហបុរី និងស្វីសដែលកំពុងធ្វើការស៊ើបអង្កេតលើករណីពុករលួយដូចដែលបានចោទប្រកាន់ និងការលាងលុយកខ្វក់ពីមូលនិធិ 1MDB៕ REUTERS
Source: Kampuchea Thmey Daily
0 Comments