ប្រដាល់ ៖ ការប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series by K.cement ទម្ងន់៥៤គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី២ ក្នុងជម្រុះជុំទីពីរ ដែលមានអ្នកប្រដាល់៤រូប ដែលឆ្លងផុតពីជុំទី១មក ដើម្បីប្រជែងយកកៅអីសម្រាប់ជុំទី៣ ដែលជាវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ឬ៨នាក់ចុងក្រោយ ដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រនោះ។
សម្រាប់ការប្រកួតជម្រុះលើកទី២ ក្នុងជុំទី២នេះ អេ ហនុមានអ្នកប្រដាល់ក្លិបអេភូថងកីឡា ត្រូវជួបប្រកួតជាមួយផាន់ សុផាត អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា។
រវាងអេ ហនុមាន និង ផាន់ សុផាត នេះ ពួកគេទាំងពីរជាអ្នកប្រដាល់ស្រករក្រោយដូចគ្នា និងមិនធ្លាប់ដែលជួបគ្នាទេកន្លងមក។ កាលពីក្នុងជុំទី១ អេ ហនុមាន គេវាយឈ្នះរិន ដេវីត អ្នកប្រដាល់ក្លិបនាគរាជចតុមុខ ដោយពិន្ទុ។ ឯ ផាន់ សុផាត គេវាយឈ្នះជើងថ្មី សំរាំង ភក្តី ក្លិបព្រៃទទឹងខេត្តបាត់ដំបង ក្នុងទឹកទី១។
សម្រាប់ការជួបគ្នារវាងអេ ហនុមាន និង ផាន់ សុផាត នេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ផាន់ សុផាត ទំនងជាមិនឈ្នះអេ ហនុមាននោះឡើយ។ ព្រោះអេ ហនុមាន វាយបុកខ្លាំង និងមានផ្លែល្អជាងផាន់ សុផាត។ ចាំមើល តើ អេ ហនុមាន អាចយកឈ្នះ ផាន់ សុផាត បានមែនឬអត់?។
ការប្រកួតក្នុងជុំទី២នេះ ក៏ប្រកួតតែបីទឹកដូចក្នុងជុំទី១ដែរ ហើយអ្នកដែលឈ្នះបានឡើង និង អ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាងគឿម សុវណ្ណឌឿត អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង និង ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១។ ពីរនាក់នេះ ធ្លាប់ជួបគ្នាហើយកន្លងមក(២១មេសា២០១៧) ដែលក្នុងការជួបគ្នានោះ ខេម ចាន់ បានផ្ដួលយកឈ្នះគឿម សុវណ្ណឌឿត ក្នុងទឹកទី២។
សម្រាប់ការជួបគ្នាលើកនេះ គេនៅតែរំពឹងថា ខេម ចាន់ ជាអ្នកមានសំណាងបានឡើងទៅប្រកួតជុំទី៣បន្តទៀតមិនខាន។ ត្បិតខេម ចាន់ គេមានកលល្បិចនិងបច្ចេកទេសប្រកួត រួមជាមួយមានចិត្តប្រដាល់ធំថែមទៀត។ ប៉ុន្តែខេម ចាន់ ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាលគឿម សុវណ្ណឌឿត បានដែរ ព្រោះសុវណ្ណឌឿត នេះ គេក៏វាយខ្លាំងនិងល្អដែរ និយាយរួមពីរនាក់នេះ គឺត្រូវមានការប្រយ័ត្នរៀងៗខ្លួន។ យ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ។
កាលពីប្រកួតក្នុងជុំទី១នោះ ខេម ចាន់ វាយឈ្នះសំណាង សុខនឿន ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ក្នុងទឹកទី២ ឯ គឿម សុវណ្ណឌឿត គេវាយឈ្នះអេលីត ប៊ុនសិទ្ធិ ក្លិបឆ្មាសសែនសុខគុនខ្មែរ ដោយពិន្ទុ។ ចាំមើល ក្នុងជុំទី២ រវាងគឿម សុវណ្ណឌឿត និង ខេម ចាន់ តើនរណាជួបសំណាងល្អ នរណាជួបសំណាងអាក្រក់នោះ?។
ចំពោះគូពិសេសអមគូដណ្តើមពានរង្វាន់នោះ សៀវ ង៉ុយ អ្នកប្រដាល់ជើងខ្លាំងក្លិបកងពលធំអន្តរាគមន៍លេខ២ នឹងត្រូវជួបប្រកួតសងសឹកជាមួយម៉ន សាម៉េត អ្នកប្រដាល់ជើងខ្លាំងនៃ ក្លិបកងចក្ររាជសីហ៍មានរិទ្ធ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។
សៀវ ង៉ុយ គេបានប្រកួតចាញ់ម៉ន សាម៉េត ដោយពិន្ទុ កាលពីជួបគ្នាលើកដំបូងនៅសង្ក្រាន្តព្រៃវែងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ ដោយសារមិនអស់ចិត្តសៀវ ង៉ុយ បានសុំសងសឹក សាម៉េត នាពេលនេះ។
ម៉ន សាម៉េត មិនងាយស្រួលនឹងបង្ក្រាបនោះទេ។ ហេតុនេះ ការឡើងសងសឹករបស់ សៀវ ង៉ុយ ប្រហែលជាមិនបានសម្រេចនោះឡើយ។ ហើយណាមួយ សៀវ ង៉ុយ វាយចាញ់ម៉ន សាម៉េត លើកមុន គឺចាញ់ដាច់ទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments