កំពង់ស្ពឺ ៖ ផ្ដើមដោយរឿងជំពាក់លុយ៨០០ដុល្លារ បានបង្កឱ្យមានជម្លោះរវាង ម្ចាស់បំណុលនិងកូនបំណុលរហូតឈានដល់បើករថយន្តប្រដេញបុកគ្នាដូចក្នុងរឿងរួចបង្កឱ្យមានគ្រោះចរាចរកើតឡើងតែម្តង។
សកម្មភាពរថយន្តបើកដេញបុកគ្នាដោយសាររឿងជំពាក់លុយនេះ គឺផ្តើមឡើងដោយរវាងរថយន្តធុនតូច០២គ្រឿងដេញបុកគ្នាតាំងពីចំណុចផ្សារថ្នល់ទទឹងរហូតដល់ភូមិត្រពាំងលើកសង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺចន្លោះគីឡូម៉ែត្រលេខ(៤៥-៤៦) បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ មានឈ្មោះពូឡឹកអៈម៉ាត់ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល បើកបររថយន្តមួយគ្រឿងម៉ាកHONDA CRV ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2E-3968 ដើម្បីទារប្រាក់ពីឈ្មោះគកហេងភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺចំនួន៨០០ដុល្លារសហរដ្ឋអាមេរិកនៅចំណុចផ្សារថ្នល់ទទឹង។
ពេលកំពុងទារប្រាក់នោះ ស្រាប់តែឈ្មោះគក ហេង គ្មានប្រាក់សង ហើយបានបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AB-8184 ក្នុងគោលដៅមកខេត្តកំពង់ស្ពឺ ខណៈពេលនោះ ឈ្មោះគក ហេង បើកបររថយន្តធ្វើដំណើរពីកើតទៅលិច ស្រាប់តែឈ្មោះពូឡឹកអៈម៉ាត់បើករថយន្តដេញតាមដើម្បីទារលុយភាគីម្ខាងទៀតមិនឈប់រថយន្ត ទើបបើករថយន្តកៀរគ្នាបណ្តាលឱ្យទៅបុកខឿនពុះចែកទ្រូងផ្លូវតែម្តង។
បន្ទាប់ពីកើតហេតុឈ្មោះពូឡឹកអៈម៉ាត់ បានបន្ថែមល្បឿនរថយន្តបើកគេចខ្លួនទៅផ្សារថ្នល់ទទឹងវិញតែត្រូវកម្លាំងនគរបាលខេត្តសហការជាមួយនគរបាលស្រុកស្ទាក់ចាប់បាន និងនាំយកមកការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់។
ចំណែកអ្នកបើកបររថយន្តបាឡែនរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នរថយន្តទាំង០២គ្រឿងនគរបាលយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments