តាកែវ ៖ ជនសង្ស័យក្នុងករណីលួចមានស្ថានទម្ងន់ទោសជាជនជាតិចិនប្រុស/ស្រី២នាក់ ត្រូវបានប៉ូលិសស្រុកត្រាំកក់ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពប្លន់រថយន្តលុយស៊ីសមួយគ្រឿងដែលពួកគេជួលជិះមកពីភ្នំពេញ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ដែលប្លន់រថយន្តនេះ ធ្វើឡើងនៅផ្លូវបំបែកអង្គតាសោម ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដោយកម្លាំងប៉ូលិសស្រុកត្រាំកក់ សហការជាមួយនឹងកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវ។
បើតាមការឲ្យដឹងពីប៉ូលិសស្រុកត្រាំកក់បានប្រាប់ថា ជនជាតិចិនទាំងពីរនាក់ បានជួលរថយន្ត lexus RX300 ពាក់ស្លាកលេខភ្នំពេញ 2P-8959 ពណ៌ទឹកប្រាក់ ជិះពីពោធិចិនតុង លុះមកដល់ចំណុចផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតភ្ជង់ជនរងគ្រោះ គំរាមប្លន់រថយន្ត ខណៈដែលជនរងគ្រោះកំពុងតែបើកបរ។
ក្រោយមក អ្នកបើកបរជាម្ចាស់រថយន្ត ក៏បានប្រើល្បិចធ្វើជាចង់បត់ជើងធំ រួចក៏បានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ តែត្រូវបានជនជាតិចិននោះ ចាក់នឹងកាំបិតធ្វើឲ្យរងរបួស បន្ទាប់មកជនសង្ស័យបានបើករថយន្តពីរនាក់ជនជាតិចិនស្រីម្នាក់ទៀតបន្តមកខាងមុខលើផ្លូវជាតិលេខ៣ លុះមកដល់ស្រុកត្រាំកក់ ក៏ត្រូវបានកម្លាំងប៉ូលិស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងប៉ូលិសស្រុកត្រាំកក់ចាប់ឃាត់ខ្លួនបានតែម្តង។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យមាន ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ និង ម្នាក់ទៀតមានឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ ទាំងពីរនាក់ស្នាក់នៅទីក្រុងភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ ក្នុងករណីលួចមានស្ថានទម្ងន់ទោសទាំង២នាក់ ដែលបង្ក្រាបបាននេះ ត្រូវបានកម្លាំងជំនាញ នៃអធិការនគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments