ភ្នំពេញ ៖ រថយន្តឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿង ត្រូវបានកម្លាំងមូលដ្ឋានរាយការណ៍ទៅផ្នែកជំនាញក្រុងឲ្យចុះមកស្ទូចយកទៅរក្សាទុក ដោយសារតែរថយន្តនោះ ត្រូវបានគេទុកចោល ក្រោយពីបើកបុករបងស្ថានីយរថភ្លើងបាក់បែក និងខ្ទេចខ្ទីអស់ ហើយម្ចាស់បិតសាប៊ូគូទបាត់នៅសល់តែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់រថយន្តបោលបុករបងស្ថានីយរថភ្លើងនោះ បានកើតឡើងកាលពីវេលាម៉ោង ០៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយរថភ្លើងផ្លូវ១០៦កែងR៥សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងនោះ បានបើកបោះពួយយ៉ាងលឿនធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ 106 លុះដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបងថ្មរបស់ស្ថានីយរថភ្លើងពេញទំហឹង បណ្ដាលឲ្យបាក់ខូចខាតរបងរថភ្លើង និងរថយន្ត ត្រូវខូចខាតផ្នែកខាងមុខទាំងស្រុង ក្នុងខណៈនោះដែរ អ្នកបើកបរដែលគេនឹកស្មានថាជាអ្នកស្រវឹងនោះដែរ បានប្រញាប់ចេញពីរថយន្តហើយហៅម៉ូតូឌុបឡើងជិះទៅបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរវាងរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AZ1211 បុករបងថ្មស្ថានីយរថភ្លើង ផ្លូវលេខ១០៦កែងR5 បណ្ដាលឲ្យ អ្នកបើកបរគ្មានរបួស បានឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ ហើយករណីនេះបានប្រគល់ឲ្យចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំអ្នកបង្កចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកករណីគ្រោះថ្នាក់១ករណីទៀត កើតឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃទី០៨ឧសភានៅចំណុចផ្លូវប្រសព្វ ផ្លូវ២១៤កែង៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ពាក់ស្លាកលេខភ្នំពេញ2BC6758 និងបុកជាមួយរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ2X2953បណ្ដាលឲ្យអ្នកបើកបរគ្មានរបួសរថយន្ត និងរថយន្ត បានវាស់វែង និងប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments