Ad Code

អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង ​ដក​កាំភ្លើង​បាញ់​ប្រហារ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន



ភ្នំពេញ​ ៖ ​វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ ខណៈ​ពេល​ដែល​មន្ត្រី​នគរបាល​ម្នាក់ ​មាន​តួនាទី​ខ្ពង់ខ្ពស់​បែរ​ជា​បើក​រថយន្ត​ដេញ​បាញ់​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទាំង​យប់​ កណ្តាល​អធ្រាត្រ ​តែ​ទីបំផុត​គេច​មិន​រួច​ពី​គុក។

ជនដៃដល់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ដួង ណាគ្រី​ ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មាន​ឋានៈ​វរសេនីយ៍ទោ​មុខតំណែង​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​មាន​ទីលំនៅ​ផ្ទះ​លេខ​៩៤៣ ​ផ្លូវ​៣៦០​ សង្កាត់​បឹង​កេងកង​ទី​៣ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ពី​ជនរងគ្រោះ​ឈ្មោះ​ភូ​រី​ស្ស ស្តូ​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខងារ​ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​CPS​និង​មាន​ទីលំនៅ​ភូមិ​កោះនរា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា ​នៅ​ម៉ោង​១២​និង​០០​នាទី​យប់​ ឈានចូល​ថ្ងៃទី​២​ ខែឧសភា​នេះ ​ខ្លួន​បាន​ជិះ​រថយន្ត​ម៉ាក​RANGE ROVER ពណ៌​ក​ណ្តុ​រ​ប្រមេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2U 44 48 ដោយ​រួម​ដំណើរ​ជាមួយ​ភរិយា​ឈ្មោះ​តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ​ ជា​បុគ្គលិក​នៅ​ណា​ហ្កា​រ​វើ​ល​ ចេញពី​ហូប​អី​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ដើម្បី​ត្រឡប់ទៅផ្ទះ​។​ លុះ​មកដល់​មុខ​ក្លឹប​រ៉ុ​ក​ភរិយា​របស់​ជនរងគ្រោះ​ចេះតែ​សៀតពោះ ​រួច​ក៏​ឈប់​រថយន្ត​កាច់​កៅអី​បត់​ឲ្យ​ភរិយា​សម្រាក​។ ​ពេល​ឈប់​រថយន្ត​បាន​បន្តិច​ ក៏​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​លុចស៊ីស​​​៣៣០​ ពណ៌​ស​​ពាក់​ស្លាក​លេខ​សៀមរាប​2B 51 53​ បាន​មក​ឈប់​ពីក្រោយ ​រួច​ស៊ីផ្លេ​យ៉ាងច្រើន។ ​ភ្លាមនោះ​ជនរងគ្រោះ​ចុះទៅ​សួរ​ក៏​ស្រាប់តែ​អ្នក​នៅក្នុង​រថយន្ត​ដែលមាន​ឈ្មោះ​ដួង ណាគ្រី ជា​អនុ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បោះពាក្យ​ថា​(​អញ​ចង់​ចាប់​ហ្អែ​ង​)​។​

ជនរងគ្រោះ​បាន​បន្តថា​ ពេល​ឮថា​ចាប់ខ្លួន​ដូច្នេះ​ ជនរងគ្រោះ​ឆ្លើយតប​ថា​ខ្ញុំ​ខុស​អី ហើយ​បើ​ចង់​ចាប់​ខ្ញុំ​ទៅដល់​កន្លែង​នគរបាល​សិន​។ ​បន្ទាប់មក​ជនរងគ្រោះ​បាន​បើករថយន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ព្រោះ​ជនរងគ្រោះ​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ស្រាប់​។ ​ប៉ុន្តែ​ពេលចេញ​ដំណើរ​មក​ រថយន្ត​លោក​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បើក​កៀរ​រថយន្ត​ជនរងគ្រោះ​រហូតមក​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ស្រាប់តែ​រថយន្ត​លោក​ដួង ណាគ្រី​បានមក​ឈប់​ចំ​ពីមុខ​ធ្វើ​ឲ្យ​ជនរងគ្រោះរ៉ឺ​យែ​រថយន្ត​។ ​ភ្លាមនោះ​លោក​ដួង ណាគ្រី បាន​ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ឺឡូ​បាញ់​សំដៅ​មក​រថយន្ត​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​កញ្ចក់​និង​ធ្វើ​ឲ្យ​ភរិយា​ជនរងគ្រោះ​ភ័យ​ពេក​បាន​សន្លប់​តែម្តង​។ ​ពេល​បាញ់ប្រហារ​រួចមក​ លោក​ដួង ណាគ្រី​ បាន​បើករថយន្ត​គេច​ចេញពី​ចំណុចកើតហេតុ​ តែ​ក្រោយមក​ក៏​ត្រឡប់មកវិញ ​ត្រូវ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​យកមក​សាកសួរ​រួមទាំង​អាវុធខ្លី​ដែល​ជនបង្ក​បាន​ផ្ទុះអាវុធ​និង​មាន​សំបកការទុស្ស​ចំនួន​៥​គ្រាប់​ជា​ភស្តុតាង​ទៀតផង​។​

បើតាម​ការសាកសួរ​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ​គឺ​ជនសង្ស័យ​បាន​ឆ្លើយ​ដោះសា​​ថា​មូល​ហេតុដែល​រូបគាត់​ផ្ទុះអាវុធ​នោះ​គឺ​ដោយសារ​រូបគេ​ស្រវឹង​។​

គួរបញ្ជាក់​ថា ​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​នេះ​ នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​រួសរាន់​បំពេញ​ឯកសារ​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

ប្រជាពលរដ្ឋ​នៅ​ច្បារអំពៅ​កំពុង​រង់ចាំ​មើល​ថា ​ជន​សង្ស័យ​ខាងលើ​នឹង​ត្រូវ​ជាប់គុក​ ឬ​យ៉ាងណា​បើ​ជនរងគ្រោះ​ដាក់​បណ្តឹង​ថា​ប៉ុនប៉ង​មនុស្សឃាត​ទៅ​ហើយនោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu