ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង ហៅកាត់ថា APF ដែលកម្ពុជារៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះបានបើកជាផ្លូវការហើយ នៅវេលាម៉ោង៩និង០០នាទី ព្រឹកថ្ងៃទី៣ ខែឧសភានេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង(APF) និង លោកស្រី អង់ហ្សេលីកហ្គូម៉ា (Angelique Ngoma) ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង(APF) និងដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូសភា នៃបណ្ដាប្រទេសនិយាយភាសាបារាំងប្រមាណ ៤០រូប មកពី ១៥ប្រទេស។
លោកបណ្ឌិត ប៉ែន បញ្ញា ថ្លែងថា កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយភាសាបារាំង ហៅកាត់ថា APF ដែលមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភានេះ មានសារៈសំខាន់ក្នុងកាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅក្នុងគ្រួសារAPF ហើយក៏ជាឱកាសដ៏ល្អសម្រាប់តំណាងប្រជា-ពលរដ្ឋមកពីគ្រប់ទិសទីនៅលើពិភពលោក រួមគ្នាត្រួតពិនិត្យលទ្ធផលដែលបានអនុវត្តនាពេលកន្លងមក ធ្វើការពិភាក្សា និង ផ្លាស់ប្ដូរទស្សនាទាន លើប្រធានបទសំខាន់ៗដែលជាបញ្ហាសកល ជាអាទិ៍ ៖ ការពិនិត្យមើលសកម្មភាពរបស់អង្គការ (AFD) ទាក់ទងនឹងការអភិវឌ្ឍជាចីរភាពនៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង
- បទបង្ហាញ និងការពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ និង សេចក្តីសម្រេច ស្តីពីអំពើពុករលួយជាឧបសគ្គដល់ការអភិវឌ្ឍ-ការ ប្រើប្រាស់ឌីជីថល នៅក្នុងតំបន់និយាយភាសាបារាំង – ផលប៉ះពាល់ នៃបដិវត្តន៍ឌីជីថលលើការងារនៅក្នុងលំហ នៃប្រទេសនិយាយបារាំង-ការបាត់បង់ និងការខ្ជះខ្ជាយចំណីអាហារ។
សូមជម្រាបថា គណៈកម្មការ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាគណៈកម្មការមួយក្នុងចំណោមគណៈកម្មការជំនាញចំនួន៥ទៀត របស់សភានិយាយភាសាបារាំងAPF។ សភានិយាយភាសាបារាំង(APF) បានបង្កើតឡើងនៅឆ្នាំ១៩៦៧ មកទល់នឹងពេលនេះ APF មានសមាជិកជាង៨០ក្រុមសភាជាតិ និងបានផ្លាស់វេនគ្នារៀបចំកិច្ចប្រជុំគណៈកម្មការនីមួយៗ ជាទៀងទាត់៕
Source: Kampuchea Thmey Daily
0 Comments