Ad Code

ដឹង​ការ​ពិត​ហើយ ​នូវ​មូលហេតុ​ដែល​បណ្ដាលឲ្យ​អគ្គិភ័យ​ឆេះ​ឡាន​ដឹក​ស៊ីទែន​ប្រេងសាំង ​នៅ​ស្ថា​នីយ​ប្រេងឥន្ធនៈ លីម ឡុង យប់មិញ



​ភ្នំពេញ ​៖ អគ្គិភ័យ​ដែល​គេ​មើលឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​លាយឡំ​នឹង​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់ បាញ់​ពេញ​ផ្ទៃមេឃ​នោះ គឺជា​ការឆេះ​រថយន្ដ​ដឹក​ស៊ីទែន​សាំង​នៅក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​យីហោ លីម ឡុង ស្ថិតនៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ​ថ្ងៃទី​៥​ ខែ​ឧសភា ​ឆ្នាំ​២០១៩។

ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​រាប់សិប​គ្រឿង​ និង ប្រើ​រយៈពេល​ជិត​៤​ម៉ោង​ ទើប​រលត់ទៅវិញ ទោះបីជា​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន ​តែ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ។​

យោងតាម​ការស្រាវជ្រាវ​ជំហាន​ដំបូង​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ មូលហេតុ​ នៃ​ការឆេះ​បណ្ដាលមកពី​ឆ្លង​ចរន្ដ​អគ្គិសនី​ចេញពី​ម៉ូ​ទ័​រ​បូម​ប្រេង​ផ្ទេរ ចេញពី​ស៊ីទែន​មក​ស្ដុ​ប​ ក្នុង​ស៊ីទែន​ក្រោម​ដី ​នៃ​ស្ថានីយ ហើយ​ក៏​ឆាបឆេះ​ភ្លាមៗ​តែម្ដង។​

តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ មាន​រថយន្ត​ដឹក​ប្រេងសាំង​ពីរ​គ្រឿង ដឹក​ប្រេង​ចូល​ទៅ​ផ្ទេរ​ប្រេង ​ក្នុង​ស្ថានីយ​ប្រេង​ លីម ឡុង​ នោះ ប៉ុន្តែ​កំពុង​បូម​ប្រេង​ចេញ​ដោយ​ប្រើ​ម៉ូទ័របូម ​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គិសនី ចេញពី​ម៉ូ​ទ័​រ​នោះ ​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​លឿន​តែ​ម្ដង ហើយ​ភ្លាមៗ​នោះ​ ក៏មាន​រថយន្ត​អគ្គិភ័យ​ចេញទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្ដបន្ទាប់។​

ម្ចាស់​ស្ថានីយ​ប្រេង ​លីម ឡុង​ នេះ មាន ឈ្មោះ ជ្រី​ក ហ៊ួ​យ ភេទ​ស្រី អាយុ​៤០​ឆ្នាំ​ រស់នៅ​កន្លែង​កើត​ហេតុ។ ករណីនេះ​ត្រូវ​សមត្ថកិច្ច ពន្លត់​បាន​ទាំងស្រុង នៅ​ម៉ោង​ជិត​១០​យប់ ​ពោលគឺ​ត្រូវ​ប្រើ​រយៈ​ពេល​ជិត​៤​ម៉ោង​ឯណោះ​។ អគ្គិភ័យ​នេះ​ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់ ​ឬ​របួស​ទេ តែ​វា​បាន​បណ្តាល​ឲ្យ​ខូចខាត រោង​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០​ម៉ែត្រ គុណ​៣០​ម៉ែត្រ​អស់ទាំង​ស្រុង ឆេះ​រថយន្ត​តូច​ចំនួន​០៥​គ្រឿង ម៉ូតូ​ចំនួន​០៥​គ្រឿង រថយន្ត​ស៊ីទែន​ចំនួន​០២​គ្រឿង តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាល​ដាល ដល់ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​។​

ក្នុងនោះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជាច្រើន​គ្រឿង​ដូចជា រថយន្ត​ការិយាល័យ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​១២៥​ឡាន​ស្មើនឹង​៥០០​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​៦​ឡាន ស្មើ​នឹង​២៤​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង ​ប្រើប្រាស់​ទឹក​អស់​១០​ឡាន ស្មើនឹង​៤០​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន​០៥​គ្រឿង ​ប្រើ​ប្រាស់​ទឹក​អស់​១២​ឡាន ​ស្មើនឹង​៤៨​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ OCIC កោះ​ពេជ្រ​ចំនួន​០២​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​០៤​ឡាន ស្មើនឹង​១៦​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ OCIC កំបូល​ចំនួន​០១​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​០១​ឡាន ​ស្មើនឹង​០៤​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ​កងពល​តូ​ចលេ​ខ​៧០​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៦​ឡាន ស្មើនឹង២៤​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ​តម្រួត​បទបញ្ជា ចំនួន​០៤​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​០៤​ឡាន ស្មើនឹង​១៦​ម៉ែត្រគូប រថយន្ត​អគ្គិភ័យ​ព្រលានយន្តហោះ​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹកអស់​១​ឡាន ស្មើនឹង​១២ម៉ែត្រគូប និង​រថយន្ត​អគ្គិភ័យ សាលាខណ្ឌ​០១​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​០១​ឡាន ស្មើនឹង​០៤​ម៉ែត្រគូប​។​

បើតាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ​ថា មូល​ហេតុនេះ​ផ្ដើមចេញពី​ការឆេះ​ស៊ីទែន​ផ្ទុក​ប្រេង ដែល​មាន​ចំណុះ​ខ្ទង់​ម៉ឺន​លីត្រ ខណៈ​កំពុង​បូម​ផ្ទេរ​ប្រេង​ពី​ស៊ីទែន ​ចូលទៅក្នុង​ស៊ីទែន​ស្ដុក​ក្រោម​ដី ​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គិសនី​ពី​ម៉ូ​ទ័​រ​បូម​ប្រេង​នោះ ​បណ្ដាល​ឲ្យ​ឆាបឆេះ​ភ្លាមៗ​តែម្ដង។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ពួកគាត់​តែងតែ​មិន​ចង់​ឲ្យ​មាន​ការបើក​ស្ថានីយ លក់ដូរ​ប្រេង នៅ​ក្បែរៗ​លំនៅដ្ឋាន​របស់​ពួកគាត់​នោះទេ តែ​កន្លងមក​នៅពេល​ថៅកែ​នីមួយៗ​ចាប់ផ្ដើម រត់​ការបើក​ស្ថានីយ​ប្រេង​ម្ដងៗ ទោះបីជា​ពួកគាត់​ប្ដឹង​ជំទាស់​តវ៉ា ថា​មិន​ឲ្យ​បើក​យ៉ាងណាក៏ដោយ ​ក៏​ការរារាំង​របស់​ប្រជាពលរដ្ឋ​មិនដែល​ទទួលបាន​ប្រសិទ្ធភាព​ម្ដងណា​ទេ លុះ​នៅ​ពេល​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​វា​រងគ្រោះ​តែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ប៉ុណ្ណោះ។ ចំពោះ​ករណី​នេះ​សំណាង​ហើយ ​ដែល​សមត្ថកិច្ច​អាច​បាញ់​ទឹក​ពន្លត់​បាន​ មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ អ្នកជិតខាង​នោះ ​កុំ​អី​មិន​ដឹង​យ៉ាងណា​នោះទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu