Ad Code

លោក Trump៖ លោក Mueller មិន​គួរ​ផ្ដល់​សក្ខីកម្ម​ នៅ​ចំពោះ​មុខ​សភា​អាមេរិក​ទេ​



​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller មិន​គួរ​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​សភា​ស្ដីពី​ការស៊ើបអង្កេត​របស់ គាត់​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ទេ​ដែល​នេះ​ជាហេតុ​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​អ្នក ប្រជាធិបតេយ្យ​។

​សេចក្ដី​ថ្លែងការណ៍​របស់​លោក Trump នេះ​បាន​តំណាង​ឲ្យ​ភាព​ផ្ទុយ​គ្នា​មួយ​។ លោក​បាន​និយាយ​នៅ​ពីរ​ថ្ងៃមុន​នេះ​ថាលោក​នឹង​ទុក​រឿង​នេះ​ឲ្យ​អគ្គ​រដ្ឋអាជ្ញា​លោក William Barr​។ លោក Barr មិនបាន​លើកឡើង​ពី​ការជំទាស់​ណាមួយ​ចំពោះ​សក្ខីកម្ម​របស់​លោក Mueller ទេ​។

​លោក Trump បាន​បង្ហោះ Twitter ថា “​មិន​មាន​បទល្មើស​និង​មិន​មាន​ការ​រាំង​ស្ទះ​ទេ​។ លោក Mueller មិន​គួរ​ផ្ដល់​សក្ខីកម្ម​ឡើយ​។ មិន​មាន​ការធ្វើ​ឡើងវិញ​សម្រាប់​អ្នកប្រជាធិបតេយ្យ​ទេ​!”​។ ​របាយការណ៍​នេះ​បានលើកឡើង​ពី​ហេតុការណ៍​១០​យ៉ាង​អំពី​ការរារាំង​យុត្តិធម៌​ដោយ​លោក​ប្រធានាធិបតី​ប៉ុន្តែ​វា​មិនបាន​ផ្ដល់​សាលក្រម​ទៅលើ​ថា​តើ​គាត់​គួរ​ត្រូវ​បាន​ចោទប្រកាន់​ដែរ​ឬក៏​អត់​នោះ​ទេ​។

ប្រធាន​បក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​យុត្តិធម៌​សភា​លោក Jerry Nadler បាន​អញ្ជើញ​លោក Mueller ឲ្យ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​នេះ​មិន​ឲ្យ​លើស​ពី​ថ្ងៃទី​២៣​ ខែ ឧសភា​ ទេ​ដើម្បី​ផ្ដល់​សក្ខីកម្ម​អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​រយៈពេល​២២​ខែ​របស់គាត់​។


ការអត្ថាធិប្បាយ​របស់​លោក Trump អាច​ត្រូវ​បាន​ជំរុញ​ដោយសារតែ​ការ​កត់សម្គាល់​មួយ​កាលពី​ថ្ងៃអាទិត្យ​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​នេះ​ឈ្មោះ David Cicilline ដែល​បាន​និយាយ​ក្នុង​ទូរទស្សន៍ Fox ថាលោក Mueller ត្រូវ​បាន​កំណត់​ឲ្យ​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃទី​១៥​​ ខែឧសភា​។

​ក្រោយមក​លោក Cicilline ហាក់​ដូចជា​ដកថយ​វិញ​ពី​រឿង​នេះ​ដោយ​និយាយ​ថា “​គ្មាន​អ្វី​ត្រូវ​បាន​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​”​។ទោះបីជា​យ៉ាងណាក៏ដោយការ​បង្ហោះ​របស់​លោក Trump បាន​តំណាង​ឲ្យ​ភាព​រឹងមាំ​នៃ​ជំហរ​របស់​គាត់​ហើយ​ហាក់​ដូចជា​ធ្វើ​ឲ្យ​មាន​កំហឹង​ដល់​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ខឹង​សម្បា​រួចទៅ​ហើយ​ដោយសារតែ​វិធានការ​របស់​រដ្ឋបាល​ក្នុងការ​រារាំង​ការសាកសួរ​ជា​បន្តបន្ទាប់​របស់​សភា​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu