ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអបអរសាទរខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ និង ខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក តំណាងកងកម្លាំងទាំងបី តំណាងតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ព្រមទាំងកម្មករ កម្មការិនី ចំនួន១.៥០០នាក់។
លោកអភិបាលខេត្តអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ សម្ដែងនូវការនឹករលឹកចំពោះបងប្អូន ក្មួយៗ កម្មករនិយោជិតដែលបានចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ។
ក្នុងនាមអាជ្ញាធរខេត្ត លោកបានសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ទីរ អង្គភាព កងកម្លាំង ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលបានចូលរួមសហការធ្វើឲ្យបរិយាកាសនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រទាំងអស់ក្នុងខេត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ ការអនុវត្តច្បាប់ស្ដីពីការងារ លក្ខខណ្ឌការងារបានល្អប្រសើរ។ ទាំងនេះបានមកពីកត្តាសំខាន់ៗមួយចំនួនទៀតដែលរាជរដ្ឋាភិបាលសម្រេចបានដូចជា ៖
-បើគ្មានសន្តិភាពយើងមិនអាចនិយាយពីការអភិវឌ្ឍបានឡើយ។
-បើគ្មានសន្តិភាព មិនអាចនិយាយពីការវិនិយោគ មិនអាចនិយាយពីការងារធ្វើ ឬការជួបជុំដូច ពេលនេះឡើយ។
-កំឡុងឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ប៉ុលពត ប្រទេសជាតិត្រូវខ្ទេចខ្ទាំ គ្មានសល់ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនជាង៣លាននាក់ ត្រូវបានសម្លាប់។
-តែផ្ទុយទៅវិញប្រទេសជាតិយើងសព្វថ្ងៃនេះ ដោយឡែកខេត្តស្វាយរៀង កំពុងទទួលបាននូវផ្លែផ្កាយ៉ាងធំធេងពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនកាន់តែមាន ជីវភាពល្អប្រសើរឡើង។
លោកបន្តថា វឌ្ឍនភាព នៃវិស័យឧស្សាហកម្មកាត់ដេរនៅខេត្តស្វាយរៀង គឺបានរួមចំណែក យ៉ាងសំខាន់ជូនបងប្អូនប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូល ធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ទាំងនេះគឺជាការគិតគូរពីសុខទុក្ខ សុខុមាលភាព និងផលប្រយោជន៍របស់បងប្អូនក្មួយៗនិយោជិតទាំងអស់ពីសំណាក់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោជាប្រមុខ។
លោកអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់កម្មករ និយោជិត កុំជឿតាមការញុះញង់របស់ក្រុមឃោសនាមួយចំនួន អំពីការដំឡើងប្រាក់ខែជាដើម ព្រោះបញ្ហាទាំងនេះ រាជរដ្ឋាភិបាល បានគិតគូរប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការរក្សាឲ្យបាននូវសុខដុមនីយកម្ម និងផលប្រយោជន៍រួមរវាងរោងចក្រ និងកម្មករ។
ម្យ៉ាងទៀត កម្មករនិយោជិតទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា និងចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវបោះចូលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវពេលធ្វើដំណើរតាមរថយន្តជាដើមនោះទេ។ ឯកឧត្ដម ក៏បានឧបត្ថម្ភដល់កម្មករនិយោជិតដែលបានចូលរួមក្នុងម្នាក់ៗទទួលបានសារុង និងថវិកា១ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments