ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោក ហុក សុផល ក្នុងនាមលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងមក ចំនួន០៣គ្រួសារ មកពីឃុំស្ទឹងត្រង់ និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ហុក សុផល អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានលើកឡើងថា ៖ ស.ស.យ.ក ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត ជានិច្ចជាកាល បានដឹកនាំក្រុមយុវជន ស.ស.យ.ក ចូលរួមការងារសង្គម ការងារមនុស្សធម៌ ជាពិសេសចុះជួយដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ព្រមទាំងខិតខំកៀរគររកសប្បុរសជន និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជួបការលំបាកបន្តទៀត។
លោកបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីយុវជន ប្រជាពលរដ្ឋ និងសង្គមជាតិ ជារៀងរហូតទៅ ជាពិសេសសកម្មភាពមនុស្សធម៌នានា ហើយជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារ ស.ស.យ.ក ខេត្ត បានចុះមកជួយជួសជុលផ្ទះជូនដល់ លោកយាយលោកតា ដែលមានជីវភាពទីទាល់ក្រ គ្មានទីពឹង។
ជាមួយគ្នានេះដែរ លោកអនុប្រធានស.ស.យ.កខេត្ត ក៏បានជំរុញដល់យុវជន ស.ស.យ.ក ខេត្តទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព និងមានសាមគ្គីភាព ប្រកបដោយឆន្ទៈមោះមុត ដើម្បីបំពេញការងាររបស់ខ្លួនលើគ្រប់វិស័យ ដូចជា ការចូលរួមរៀបចំព្រឹត្តិការណ៍នានា ការសម្អាតបរិស្ថានទីក្រុង ការលេងកីឡាដើម្បីសុខភាព ការចូលរួមបរិច្ចាគឈាមដល់មន្ទីរពេទ្យ ការចុះជួយប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិនានា ព្រមទាំងអប់រំដល់យុវជនឲ្យធ្វើតែអំពើល្អ និងកិច្ចការសង្គមជាច្រើនផ្សេងទៀត ពិសេសកិច្ចការមនុស្សធម៌នេះតែម្តង។
ក្នុងការជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះ នេះដែរ ត្រូវបានប្រជាពលរដ្ឋ បានសម្ដែងសេចក្ដីត្រេកអរជាពន់ពេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី បាន ស្រីមុំ និងក្រុមការងារ ជាពិសេស ស.ស.យ.ក ខេត្ត ដែលបានជួយជួសជុលផ្ទះជូនពួកគាត់ បានរស់នៅឡើងវិញផងដែរ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៩១គ្រួសារ នៅឃុំស្ទឹងត្រង់ ឃុំសាលាក្រៅ និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំណែកផ្ទះប្រជាពលរដ្ឋ ដែលទទួលបានការជួយជួសជុលពី ស.ស.យ.កខេត្ត ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ និងភូមិកូនដំរី ឃុំស្ទឹងត្រង់ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments