Ad Code

សមយុទ្ធ​បាញ់​គ្រាប់​ពិត “​ហនុមាន​មាស​ឆ្នាំ​២០១៩” បានចាប់ផ្តើម​ហើយ នៅ​ទីលាន​តេ​ជោ​សែន ជុំ​គី​រី



កំពត ​៖ សមយុទ្ធ​បាញ់​គ្រាប់​ពិត​ហនុមាន​មាស ២០១៩ បាន​ចាប់​ផ្តើម​ហើយ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីលាន​តេ​ជោ​សែន​ជុំ​គី​រី (​ខេត្តកំពត​) ដែល​ពិធី​នេះ ចូលរួម​បើក​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។



ថ្លែង​ទៅកាន់​អ្នកចូលរួម​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ដល់​គណៈអធិបតី ភ្ញៀវ​ជាតិ​-​អន្តរជាតិ យោធា​ចា​រ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ដែល​មាន​វត្តមាន​នៅទីនេះ បាន​ទទួល​បាន​នូវ​សិរី​សួស្តី ជ័យ​មង្គល សុខ​ភាពល្អ​បរិបូរណ៍ សេចក្តីសុខ និង​សុភមង្គល​គ្រប់ប្រការ​។



លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា ឆ្លងតាម​ការ​ទស្សនាការ​បាញ់​គ្រាប់​ពិត​នា​ពេល​អម្បាញ់មិញ ព្រម​ជា​មួយ​នឹង​របាយ​ការណ៍​ស្វាគមន៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ហនុមាន​មាស ២០១៩ លោក​អាច​សន្និដ្ឋាន​បាន​ថា ការ​ចាត់​តាំងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ហនុមាន​មាស ២០១៩ លើក​នេះ ពិតជា​ឆ្លើយតប​ទៅ​នឹង​គោលបំណង និង​សំណូមពរ​ភារកិច្ច​លើ​ការងារ​ហ្វឹកហ្វឺន​ស្រប​នឹង​ផែនការ ដែល​បាន​ដាក់ចេញ ហើយ​រំពឹង​នឹង​ទទួល​បាន​បទពិសោធន៍​ជាក់ស្តែង​លើ​ការងារ​មួយចំនួន​ដូចជា​ពង្រឹងសមត្ថភាព​ជំនាញ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​, ត្រួតពិនិត្យ វាស់​ស្ទង់ និង​វាយតម្លៃ​សមត្ថភាព​របស់​យោធិន​យើង ក្រោយពី​ការ​ហ្វឹកហ្វឺន​នៅ​តាម​បណ្តា​សាលា និង​កងឯកភាព​រួច​, លើកកម្ពស់​គុណភាព​ការងារ និង​ផ្តល់​ចំណេះដឹង​លើ​ការងារ​សេនាធិការ ក្នុង​ការធ្វើ​សមយុទ្ធ ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ​ក្នុងការ​សហការ​រវាង​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ ក្នុងពេល​ហ្វឹកហ្វឺន ក៏ដូចជា​ក្នុងពេល​ប្រយុទ្ធ ជាពិសេស​ធ្វើ​ឲ្យ​កាន់តែ​ប្រទាក់ក្រឡា​គ្នា និង​កាន់តែ​ប្រសើរឡើង​រវាង​ការងារ​ត្រៀមប្រយុទ្ធ ប្រយុទ្ធ​ជាមួយនឹង​ការងារ​ធានា​។



តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ពិធី​បើក​វគ្គ​សម​យុទ្ធនា​ថ្ងៃនេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញាចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​យ៉ាងសកម្ម​របស់​មេបញ្ជាការ​គ្រប់​លំដាប់ថ្នាក់ នាយ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ និង​ជា​ការ​ចូលរួមចំណែក​មួ​យ​យ៉ាង​សំខាន់ ក្នុង​ការងារ​ហ្វឹកហ្វឺន​សំដៅ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ឲ្យ​មាន​សមត្ថភាព​ពេញលេញ និង​រឹងមាំ ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​មាតុភូមិ ជាពិសេស​សំណូមពរ​ភារកិច្ច​ចំពោះមុខ​របស់​កងទ័ព​ជើងគោក​។



បង្កើន​ការ​ជឿជាក់ និង​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការគោរពវិន័យ និង​អនុ​វត្តបទ​បញ្ជា្ក​ង​ទ័ព សំដៅ​ធានា​ប្រសិទ្ធភាព និង​ជោគជ័យ​នៃ​ប្រតិបត្តិ​ការ​សឹក រក្សា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ទាំង​មនុស្ស និង​សម្ភារៈ​គ្រឿង​បំពាក់​ឲ្យ​បាន​ល្អប្រសើរ​។



ទន្ទឹម​នឹងនេះ​ផង​ដែរ ព្រឹត្តិការណ៍​នេះ ក៏បាន​បង្ហាញ​អំពី​ការ​រួបរួម​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​របស់​កងយោធពល​ខេមរភូមិន្ទ ដែលជា​សសរទ្រូង​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយក៏​ជា​ការ​បញ្ជាក់ និង​បង្ហាញ​ឲ្យ​កម្លាំង​អមិត្ត​ដឹង​ថា កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​នៅតែ​ស្មោះត្រង់​ការពារ និង​គោរព​ដាច់ខាត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​ជានិច្ច​ដោយ​ឥត​ងាករេ​។



ក្នុងនាម​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ចំពោះ​លទ្ធផល​ការងារ ដែល​គណៈកម្មការ​ដឹក​នាំ​សមយុទ្ធ​ហនុមាន​មាស ២០១៩ ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន កងឯកភាព​ពាក់ព័ន្ធ បាន​ខិតខំ​យកចិត្តទុកដាក់​រៀបចំ​រហូត​សម្រេច​បាន​នា​ពេល​នេះ និង​បាន​សម្តែង​នូវ​ការ​គាំទ្រ​លើកទឹកចិត្ត​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​ឱ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​បន្ត​ចូល​រួម​ចំណែក​ក្នុងការ​អនុវត្ត​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ការពារ​ជាតិ​ឲ្យ​បាន​ជោគជ័យ​។



លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់ ដែល​ត្រូវ​ដំណើរ​ការ​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​អភិវឌ្ឍ​សមត្ថភាព​វិជា្ជជីវៈ​យោធិន និង​កសាង​ជួរ​កងកម្លាំង​បន្តវេន ឆ្លើយតប​ទៅ​នឹង​ការ​បន្ត​កែទម្រង់​កងកម្លាំងប្រដាប់អាវុធ ដូច​មានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦​នេះ​។ លោក​បន្ត​ថា បច្ចុប្បន្ន កងយោធពល​ខេមរភូមិន្ទ​មាន​ប្រព័ន្ធ​ហ្វឹកហ្វឺន​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​យោធិន​អាជីព និង​ការ​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស​កំពុង​ត្រូវ​បាន​ពង្រឹង​។ ជាក់ស្តែង នៅ​តាម​ស្ថាប័ន កងឯកភាព​ទូទាំង​កងយោធពល​ខេមរភូមិន្ទ មានការ​បើក​វគ្គ​ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់ ស្រប​ទៅ​តាម​ផែនការ​ប្រចាំឆ្នាំ​ដែល​បានដាក់​ចេញ​។



តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្រោម​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាពិសេស​បន្ទាប់ពី​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​នាំមក​នូវ​ឯកភាព​ជាតិ ឯកភាព​ទឹកដី ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ​ចុងក្រោយ​របស់​កម្ពុជា ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​កំពុង​រស់​នៅក្នុង​សន្តិភាព សុខដុមរមនា សំបូរ​សប្បាយ និង​ពោរពេញ​ទៅដោយ​មោទនភាព​ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លងមក​នេះ​។ លើ​មូលដ្ឋាន​នៃ​សន្តិភាព កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់​។ លោក​មាន​ជំនឿ​យ៉ាង​មុខមាំ​ថា បន្ទាប់ពី​ការចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ហនុមាន​មាស​ ២០១៩ នេះ មេបញ្ជាការ​រង​គ្រប់​លំដាប់​ថ្នាក់ យោធា​ចា​រ្យ និង​នាយទាហាន​កម្លាំង​អនុវត្ត​ទាំងអស់ នឹង​ទទួល​បាន​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ សម្រាប់​ដឹកនាំ​អនុវត្ត​ការងារ​ហ្វឹកហ្វឺន​នៅ​តាម​បណ្តា​កងឯកភាព​ឲ្យ​ទទួល​បាន​ជោគជ័យ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។



ជាថ្មី​ម្តង​ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​គណៈកម្មការ​ដឹកនាំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ហនុមាន​មាស ២០១៩ កងទ័ពជើងគោក អាជ្ញាធរ​ដែនដី និង​គ្រប់​ស្ថាប័ន​-​កងឯកភាព​ចំណុះ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ខិតខំ​ប្រឹងប្រែង​សហការ​រៀបចំ​សមយុទ្ធ​នេះ ដំណើរការ​ទទួលលទ្ធផល​ល្អ​ប្រសើរ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​។



សូម​បញ្ជាក់​ថា នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ធ្លាប់​បាន​បញ្ជាក់​ថា សមយុទ្ធ​ហនុមាន​មាស​២០១៩ មាន​កម្លាំងយោធា​ចូលរួម​ចំនួន​១៥៩៥​នាក់ ដែល​ក្នុង​នោះ មាន​មកពី​បណ្តា​ជំនាញ​តាម​អង្គភាព វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​អង្គរក្ស ទ័ព​ជើង​អាកាស បញ្ជាការដ្ឋាន​ការពារ​អាកាស វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​បញ្ជូន​សារ ក​.​ជ​.​គ កងពលតូច​លេខ​៧០ កងពលតូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ បញ្ជាការដ្ឋាន​វិស្វកម្ម ក​.​ជ​.​គ ការិយាល័យ​ទី​៥ ក​.​ជ​.​គ ក្រុម​គ្រូ ក្រុម​សេនាធិការ​ក្នុង​ទីបញ្ជាការ កងពល​ដឹកជញ្ជូន​លេខ​៩០ ខុទ្ទកាល័យ ក​.​ជ​.​គ ផងដែរ។



ដោយឡែក​សម្រាប់ អាវុធយុទ្ធភណ្ឌ ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ មាន​ដូច​ជា កាំភ្លើង​ធំ​១៥២​ម​ម និង​១២២​ម​ម កាំភ្លើង​២៣​ម​ម កាំភ្លើង​៣៧​ម​ម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹកជញ្ជូន ឧទ្ធម្ភាគចក្រ​ជាដើម​។

សមយុទ្ធ ហនុមាន​មាស ២០១៩ ត្រូវ​បាន​ធ្វើឡើង​ចំនួន​៣ លើក​រួច​ទៅ​ហើយ ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ លើក​ទី​៣ នៅ​ឆ្នាំ​២០១៨​។ ការ​ហ្វឹកហ្វឺន​នេះ មិនបាន​គំរាមកំហែង​ដល់​នរណា​ឡើយ ផ្ទុយទៅវិញ​ការ​ហ្វឹកហ្វឺន​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​បន្ថែម​ទៀត​ប៉ុណ្ណោះ​។



សមយុទ្ធ​បាញ់​គ្រាប់​ពិត "​ហនុមាន​មាស ២០១៩" មាន​រយៈពេល​៦​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព ចំណេះដឹង បណ្តា​ជំនាញ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី នាពេល​បច្ចុប្បន្ន និង​អនាគត​។ សមយុទ្ធ​នេះ ក៏​ជា​ការវាស់ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា និង​កងឯកភាព​រួច​ផងដែរ​។ មួយវិញទៀត សមយុទ្ធ​ហនុមាន​មាស នឹង​ជួយ​លើកកម្ពស់​សមត្ថភាព គុណភាព ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ ក្នុង​ការធ្វើ​សមយុទ្ធ​ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ ក្នុងការ​សហការ​រវាង​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ ក្នុងពេល​ហ្វឹកហ្វឺន ក៏​ដូច​ក្នុងពេល​ប្រយុទ្ធ​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu