Ad Code

The Point មជ្ឈមណ្ឌល​ធុរកិច្ច និង អគារ​ការិយាល័យ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក



ភ្នំពេញ ៖ ដោយ​ស្ថិតនៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ និង មាន​រចនាបថ​ដ៏​ស្រស់ស្អាត The Point ដែល​ជា​មជ្ឈមណ្ឌល​សហ​គម​ន៍​ធុរកិច្ច និង អគារ​ការិយាល័យ​បែប​ថ្មី​បាន​ទទួល​ពានរង្វាន់​លំដាប់​ពិភពលោក​ចំនួន​ពីរ​កាលពី​ថ្ងៃទី០៣ ខែឧសភា ដោយ​ធ្វើ​ឲ្យ​វា​ក្លាយជា​មជ្ឈមណ្ឌល​ធុរកិច្ច និង ការិយាល័យ​លេចធ្លោ​បំផុត​នៅ​កម្ពុជា។



​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ទាំងពីរ​នោះ​គឺ ពាង​រង្វាន់ “Best Lifestyle Community Development” សម្រាប់​ការ​ទទួល​ស្គាល់​ភាព​អស្ចារ្យ​នៃ​សំណង់ និង ពានរង្វាន់ “Best Office Achitectural Design” សម្រាប់​ការ​ទទួលស្គាល់​រចនាបថ​ដ៏​ស្រស់​ស្អាត និង ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​របស់ The Point។



ពានរង្វាន់​ទាំងពីរ​នេះ​ត្រូវបាន​ផ្តល់​ឲ្យ The Point ដោយ​ក្រុមហ៊ុន Property Guru ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី នៅក្នុង​កម្មវិធី​ប្រកាស​ពានរង្វាន់​ប្រចាំឆ្នាំ​លើក​ទី​បួន (4th Annual Propoerty Guru Cambodia Property Awards) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល កាលពី​ថ្ងៃទី ០៣ ខែឧសភា ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​ឈ្មោះថា PropertyGuru Group ដោយមាន​ការចូលរួម​របស់​ភ្ញៀវ​ជាតិ និង អន្តរជាតិ​រហូតដល់ ៣៧០ នាក់។ ការ​ផ្តល់​ពានរង្វាន់​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​ហ្មត់ចត់ និង​យុត្តិធម៌​បំផុត​ពី​ចៅក្រម​ឯករាជ្យ។



លោក ផូ​រ សុធា​រៈ អគ្គនាយក​ក្រុមហ៊ុន 3DS Property Management ដែល​បាន​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង អគារ​ការិយាល័យ The Point បាន​និយាយ​ថា «​ពានរង្វាន់​ទាំងពីរ​នេះ គឺជា​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ចំពោះ គុណភាព ភាព​អស្ចារ្យ​និង រចនាបថ​ប្រកបដោយ​ភាព​ទាក់ទាញ​របស់ The Point ដែល​ជា​មជ្ឈមណ្ឌល​ដ៏​ទំនើប​ថ្មី​មួយ​សម្រាប់​ការ​ធ្វើ​ការងារ​ការិយាល័យ ការ​សម្រាក​កម្សាន្ត និង ការទិញ​ទំនិញ​គ្រប់មុខ ក៏ដូចជា​ការ​ទទួល​ទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​»។



លោក​និយាយ​ទៀត​ថា The Point នឹង​ធ្វើ​ឲ្យ​ការរស់នៅ និង ការបំពេញ​ការងារ​របស់​អ្នក​រស់​នៅ និង ធុរជន​នៅ​ក្រុងភ្នំពេញ​កាន់តែ​មាន​ភាព​ងាយស្រួល និង សប្បាយរីករាយ ដោយសារតែ​សំណង់ អគារ ការិយាល័យ​ដ៏​ស្រស់​ស្អាត ​ដែល​មាន​រចនាបថ​ទាក់ទាញ និង​ហាង​ទំនិញ​ជាច្រើន​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នកធ្វើការ និង រស់នៅ​ភ្នំពេញ។ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​កាន់តែ​ប្រសើរ​សម្រាប់​ការរស់នៅ ការបំពេញ​ការងារ និង ធុរកិច្ច។



សូម​បញ្ជាក់​ថា The Point គឺជា​គម្រោង​អគារ​ការិយាល័យ និង ផ្សារ​សហគមន៍​ដែល​ត្រូវ​បាន​វិនិយោគ​រួមគ្នា​ដោយ​វិនិយោគិន​ក្នុងស្រុក។ អគារ​ការិយាល័យ​នេះ​បាន​បោះទុន​វិនិយោគ​ប្រមាណ ៧ លាន​ដុល្លារ​អាមេរិក ដោយ​មិនទាន់​រាប់បញ្ចូល​តម្លៃ​ដី​សាងសង់​ឡើយ។



The Point បាន​រៀប​ចំ​ពិធី​បុក​គ្រឹះ​សាងសង់​កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែល​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​អគារ​ការិយាល័យ​នៅ​កម្ពុជា និង ជា​បណ្តុំ​នៃ​ផ្សារ និង ហាង​ទំនើបៗ​ជាច្រើន។



មជ្ឈមណ្ឌល​ផ្សារ​សហគមន៍ និង អគារ​ការិយាល័យ The Point ដែល​មាន​កម្ពស់ ៧ ជាន់ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី ម៉ៅ សេទុង នឹង​លេច​រូបរាង និង ដំណើរការ​ពេញលេញ នៅ​អំឡុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ ខាងមុខ​នេះហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu