Ad Code

ថ្នាក់​ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រំលឹក​ឲ្យ​បង្កើន​កិច្ច​ការងារ​ ការពារ​សន្តិសុខ​សង្គម​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង



ស្ទឹងត្រែង ​៖​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ក្រើនរំលឹក ឲ្យ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត ស្ទឹងត្រែង​ពង្រឹង ការងារ​ដឹកនាំ​ទប់ស្កាត់ បង្ការ ​បង្ក្រាប​រាល់​បទល្មើស ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន ក្នុងពេលដែល​ខេត្ត​មួយ​នេះ​ មាន​ផ្លូវ​ស្ពាន​ត​ភ្ជាប់​គ្នា​ល្អ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​(​អប់រំ​នយោបាយ​ចិត្តសាស្ត្រ​ និង​សភាពការណ៍​វិវត្តន៍​ថ្មីៗ​)​ឆមាស​ទី​១​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​នៅ​ខេត្ត​ស្ទឹងត្រែង ​នា​ថ្ងៃ​ទី​០៨​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​លោក​ឧត្ដមសេនីយ៍ឯក​ប្រាក់ ​សិទ្ធ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​ប្រសាសន៍​ក្រើនរំលឹក​បន្ថែម​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់​រួមគ្នា​ពង្រឹង​ការងារ​ដឹកនាំ​បញ្ជា​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ប្រកបដោយ​គុណភាព​និង​គុណធម៌។

លោក​ឧត្ដមសេនីយ៍ឯក​បន្ត​ថា ​៖​ នេះ​ជា​កត្តា​មិន​អាច​ខ្វះ​បាន​ដូចនេះ​ យើង​គប្បី​ជំរុញ​ឲ្យ​មាន​សន្ទុះ​រីកចម្រើន​យក​ព្រៀប​ខ្លាំង​ទៅលើ​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ធ្វើ​យ៉ាង​ណា​បង្កើន​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក​ឧត្ដមសេនីយ៍ឯក​មាន​ប្រសាសន៍​បន្ថែម​ថា ​៖ ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ​ដូចនេះ​យើង​ជា​កងទ័ព​ត្រូវ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​បង្ក​លក្ខណៈ​ជូន​ប្រជាពលរដ្ឋ​យើង​មានឱកាស​ធ្វើ​កិច្ច​ការងារ​បង្កបង្កើន​ផល​ ធានា​បាន​នៅ​ជីវភាព​រស់នៅ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​ជំរុញ​ឱ្យ​មាន​កំណើន​ផ្នែក​សេដ្ឋកិច្ច។

លោក​ឧត្ដមសេនីយ៍ត្រី​ អៀង វ៉ាន់ឌី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​អះអាង​ថា ​៖​ លោក​ នឹង​ខិតខំ​ដឹកនាំ​បញ្ជា​ឲ្យ​មាន​ប្រសិទ្ធភាព​គោរព​តាម​បទ​បញ្ជា​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដូចជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត។

លោក​ឧត្ដមសេនីយ៍ត្រី​បន្ថែម​ថា​ ៖​ ​កន្លងមក​ក៏​ដូចជា​បច្ចុប្បន្ន​លោក​បាន​រៀបចំ​កម្លាំង​ប្រចាំការ​នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​បណ្ដា​ក្រុង​ស្រុក​ក្រោម​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល អ្វីៗ​គឺ​ដើម្បី​ជាតិ និង​បម្រើ​ប្រជាជន។

លោក​ឧត្ដមសេនីយ៍ត្រី ​បាន​អះអាង​ដែរ​ថា​ ៖ ​ក្នុង​នាម​កម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់​ នឹង​បន្ត​ខិតខំ​ព្យាយាម​ពុះពារ​ទទួលខុសត្រូវ​ដោយ​ឈរ​លើ​ស្មារតី និង​មាន​ឆន្ទៈ​មោះមុត​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ ក្នុង​បេសកកម្ម បង្ការ​-​​បង្ក្រាប​-​និង​សង្គ្រោះ​-​ឲ្យ​បាន​គ្រាប់​ពេលវេលា​ ឆ្លើយ​តប​ទៅ​ នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu