Ad Code

ក្រុម​គីរីវង់​សុខ​សែន​ជ័យ និង​វិសាខា រកបាន​៣​ពិន្ទុ​ដូចគ្នា​ខណៈ​សូល​ទី​ឡូ​អង្គរ និង​ទ័ព ចែកគ្នា​ម្នាក់​១​ពិន្ទុ



ក្រុមបាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ និង​ក្រុម​វិសាខា សុទ្ធតែ​យកឈ្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន ស្រប​ពេលដែល​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ប្រចាំ​សប្ដាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៤ ខែឧសភា ឆ្នាំ​២០១៩​។



ចំពោះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រកួត​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល​៣​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ គ្រាប់​បាល់​២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Booysen Shane នៅ​នាទី​១៧ និង​៦៦ ខណៈ​៣​គ្រាប់​របស់​គីរីវង់​សុខ​សែន​ជ័យ រកបាន​ដោយ​កីឡាករ​ជនជាតិ​ជប៉ុន Ota នៅ​នាទី​ទី​៣ ហើយ​កីឡាករ ដាវ នឹម នៅ​នាទី​៦ និង​កីឡាករ​ជនជាតិ​ម៉ាលី Souleymane Coulibaly រកបាន​គ្រាប់​បាល់​នៅ​នាទី៧៦។



សម្រាប់​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ដោយ​លទ្ធផល​១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ស្វាយ​ធំ (​កីឡដ្ឋាន​ខេត្តសៀមរាប​)​។ កីឡាករ​ខ្មែរ​-​អ៊ីស្លាម លី ម៉ូ​ស្លី​ម បាន​រក​គ្រាប់​បាល់​បើកឆាក​ឲ្យ​ម្ចាស់ផ្ទះ​នាំមុខ​នៅ​នាទី​៣៧ ខណៈ​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Dzarma Bata រកបាន​គ្រាប់​បាល់​ឲ្យ​ក្រសួងការពារជាតិ​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៦២​។

ចុងក្រោយ​ក្រុម​វិសាខា បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល​១៤​ទល់​០ លើ​ទីលាន​វិសាខា ក្នុង​រាជធានី​ភ្នំពេញ​។ កីឡាករ កែវ សុខ​ផេង បា​នរក​គ្រាប់​បាល់​៧​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​វិសាខា គឺ​នៅ​នាទី​ទី​៣,១២,២៣,៣០,៤៥,៦៩,៧១ ខណៈ​កីឡាករ​ក្រិ​ក Evangelos Skraparas រកបាន​២​គ្រាប់​នៅ​នាទី​៤៤​និង​៤៦ ហើយ​កីឡាករ​ជនជាតិ​ប៊ុលហ្គារី Lyuben Nikolov រកបាន​គ្រាប់​បាល់​បាន​នៅ​នាទី​៥៨ កីឡាករ ស៊ិន សុ​ផា​ណាត់ រកបាន​នៅ​នាទី​៨០,៨៤ កីឡាករ​កូរ៉េខាងជើង Pak Song Chol រកបាន​គ្រាប់​បាល់​នៅ​នាទី​៨៣ និង​កីឡាករ សុខ សុវណ្ណ បន្ថែម​គ្រាប់​បាល់​ចុងក្រោយ​នៅ​នាទី​៨៩​។



​ចំណែក​៤​គូ​ផ្សេងទៀត​ត្រូវ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៦​នេះ​ ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​៥​ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន AEU Sport Park ហើយ​ក្រុម​ណាហ្គា​វើ​ល ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ស្តា​ត​ចាស់ ខណៈ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ះ​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ ក្នុងស្រុក​បាទី ខេត្តតាកែវ និង​ចុងក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu