Ad Code

រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ចដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តីពី​“​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន​ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍​នៅ ប្រទេស​បារាំង​



ភ្នំពេញ​ ៖​ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ល្ងាច​ថ្ងៃទី​៣ ​ខែឧសភា​ ឆ្នាំ​២០១៩ ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ពី “​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍន៍​”​នៅ​ទីក្រុង​ប៉ារីស​, ប្រទេស​បារាំង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​កិច្ចប្រជុំ​ជាន់ខ្ពស់​នេះ នឹង​មាន​ការចូលរួម​ពី​សំណាក់ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​, ទេសាភិបាល​ធនាគារ​កណ្តាល​,​ប្រធាន​ស្ថាប័ន​អន្តរជាតិ​, ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​តំណាង​ពី​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ធំៗ មកពី​តាម​បណ្តា​ប្រទេស​ប្រមាណ ៦០ លើ​ពិភពលោក​រួមមាន​៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​ដែល​ជា​ម្ចាស់ផ្ទះ​, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​,​ជប៉ុន និង​ទេសាភិបាល​ធនាគារ​កណ្តាល​ចក្រភព​អង់គ្លេស ជាដើម។

ក្រោម​ប្រធានបទ​“​ចីរភាព​បំណុល សម្រាប់​ចីរភាព​កំណើន ចីរភាព​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍន៍​”, កិច្ចប្រជុំ គ្រោង​នឹង​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​សំខាន់​រួមមាន យុទ្ធសាស្ត្រ​ក្នុង​ការ​បំពេញ​តម្រូវ​កា​រ ហិរញ្ញប្បទាន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ និង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដោយ​រួមទាំង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផង​ដែរ​ព្រមទាំង វិធីសាស្ត្រ​ដែល​ប្រទេស​មាន​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍ អាច​អនុវត្ត​បាន​ដោយ​ជៀសវាង​នូវ​ការ​ជំពាក់ បំណុល​ច្រើន​ហួសហេតុ។

ឆ្លៀត​ក្នុង​ឱកាស​បំពេញបេសកកម្ម​ការងារ​នេះ​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន គ្រោង​នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​តំណាង​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​, នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD),​តំណាង​ជាន់ខ្ពស់​នៃ​សហគមន៍​អ៊ឺរ៉ុប (EU) និង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​របស់​ភា​គី​មិត្ត​បារាំង។

ជា​មួយ​គ្នា​នេះ​ដែរ តាម​ការ​គ្រោងទុក លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​សម្រាប់​គម្រោង ធ្វើ​-​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​និង​ចែកចាយ​អគ្គិសនី ក្នុង​ទឹកប្រាក់​ចំនួន ២៩,១ លាន​អឺរ៉ូ ដែល​គម្រោង​នេះ​មាន​ទិសដៅ​ក្នុងការ​ពង្រីក និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ឲ្យ​មាន​ការវិវត្តន៍​ទៅ​រក​ប្រព័ន្ធ​ឆ្លាត​វៃ (Smart Grid) ដែល​អាច​សម្រួល​យ៉ាងច្រើន​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu