Ad Code

ក្រសួង​ពីរ​រួមគ្នា​បើក​មណ្ឌល​អប់រំ​តាម​អ៊ីនធឺណិត​៣​ទៀត​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​បោះបង់​ការសិក្សា​ទទួល​បាន​សិក្សា​ឡើងវិញ



ភ្នំពេញ ​៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ​យុវជន និង​កីឡា​សហការ​ជាមួយ​អង្គការ​យូណេស្កូ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​មណ្ឌល​សិក្សា​នៃ​វិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Basic Education Equivalency Program (BEEP) ចំនួន ៣​ទីតាំង​ទៀត​នៅ​ភ្នំពេញ​ដើម្បី​ផ្ដល់​ការអប់រំ​មាន​ភាព​បត់បែន​ដល់​យុវជន​ដែល​បោះបង់​ការសិក្សា​ឲ្យ​ពួកគេ​អាច​បញ្ចប់​ការសិក្សា​ថ្នាក់​មូលដ្ឋាន​ស្មើនឹង​ថ្នាក់​ទី៩​។

មណ្ឌល​សិក្សា​នៃ​វិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​៣​ទីតាំង​នេះ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២ ឧសភា​ដែល​ទីតាំង​ទី​១ នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព​និង​នវានុវត្តន៍ (NIEI) ទី​២ នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ដ្រ (NIB) និង​ទី​៣ នៅ​សាលា​មធ្យមសិក្សា​បច្ចេកទេស JVC​បន្ទាប់ពី​មណ្ឌល​ទី​១​បាន​សម្ពោធ​កាលពី​ខែកុម្ភៈ​កន្លងទៅ​។

តាម​ទិន្នន័យ​ក្រសួង​អប់រំ បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៧-២០១៨ អត្រា​សិស្ស​បោះបង់​ការសិក្សា​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​មាន​ចំនួន ១៦,៦ ភាគរយ ស្រី​មាន ១៤,២ ភាគរយ​។ ចំណែក​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​មាន ១៩,៧ ភាគរយ ស្រី​មាន ១៧ ភាគរយ ខណៈ​អត្រា​បោះបង់​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា​មាន ៤,៧ ភាគរយ ស្រី​មាន ៣,៥ ភាគរយ​។

រីឯ​ទិន្នន័យ​បញ្ចប់​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា​មាន ៧៩,០៦ ភាគរយ ស្រី​មាន ៨២,៦៥ ភាគរយ ហើយ​សិស្ស​ដែល​ចុះឈ្មោះ​ចូលរៀន​កម្រិត​អប់រំ​ចំណេះ​ទូទៅ មាន​ចំនួន ៣ ១៤៣ ២៥២ នាក់ ក្នុងនោះ​មាន​ស្រី ១ ៥៥១ ៩៩០ នាក់​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​អន្តរក្រសួង​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​អប់រំ​នេះ​នឹង​ជួយ​យុវជន​កម្ពុជា​ឲ្យ​បន្ត​ការសិក្សា​របស់​ពួកគេ ស្រប​ពេល​ពួកគេ​កំពុង​បំពេញការងារ​ផ្ទាល់ខ្លួន​។ ជួយ​ឲ្យ​ពួកគេ​មាន​ចំណេះដឹង និង​ជំនាញ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​បំ​ណិ​ន​ជីវិត​។

គិត​ត្រឹម​រយៈពេល ២ ខែ ក្រោយពី​មណ្ឌល​សិក្សា​ទី​១ នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែកុម្ភៈ គឺមាន​សិស្ស​ចំនួន ៧៣៤ នាក់ មកពី​ទីកន្លែង​ផ្សេងគ្នា​បាន​ចុះឈ្មោះ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (​សិស្សស្រី ២៥ ភាគរយ​) ខណៈ​សិស្ស​ដែល​កំពុង​សិក្សា​នៅ ៤ មណ្ឌល​មាន ៦០ នាក់​។



ដោយឡែក​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា មណ្ឌល​សិក្សា​ចំនួន ៥ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ​ គឺ​បាន​រៀបចំ​រួចរាល់​ហើយ​សម្រាប់​ដំណើរការ​បណ្ដុះបណ្ដាល​និង​កំពុង​ផ្សព្វផ្សាយ​ដល់​ក្រុម​គោលដៅ​ដើម្បី​មក​ចុះឈ្មោះ​ចូលរៀន​។ បច្ចុប្បន្ន​សិស្ស​ដែល​កំពុង​សិក្សា​ក្នុង​មណ្ឌល​នៃ​ក្រសួង​ការងារ​នេះ មាន ៣២ នាក់ (​ស្រី ១០ នាក់​) (​គិត​ត្រឹម​ថ្ងៃទី ២៩ ខែមេសា ឆ្នាំនេះ​) និង​បន្ដ​មាន​សិស្ស​ចូលរៀន​បន្ថែមទៀត​ក្រោយពី​ការសម្ពោធ​។

បើ​តាម​គម្រោង កម្មវិធីសិក្សា​នេះ​នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង ១០ មណ្ឌល​សិក្សា​ដែលមាន ៥ មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​និង ៥ ទៀត​នៅ​ខេត្ដ​សៀមរាប​។ ចំណែក​ការ​ចុះឈ្មោះ​សិក្សា​តាមរយៈ​កម្មវិធី​នេះ​នឹងត្រូវ​ផ្ដល់​ជូន​សេវា​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន Smart Axiata ស្របតាម​តម្រូវការ​សិស្ស​។​

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ទី​១ កាលពី​ខែកុម្ភៈ​ថា​ក្នុងចំណោម​មណ្ឌល​សិក្សា​ចំនួន ៥ នៅ​រាជធានី​ភ្នំពេញ​គឺមាន ២ នឹង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា ចំណែក ៣ ទៀត​នឹង​គ្រប់គ្រង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ដោយឡែក ៥ មណ្ឌល​នៅ​ខេត្ដ​សៀមរាប គឺមាន ៣ នឹង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ រីឯ ២ មណ្ឌល គ្រប់គ្រង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​
​ចំពោះមុខ​វិជ្ជា​ត្រូវ​សិក្សា​មាន​រហូតដល់​ទៅ​១១​មុខ រួមមាន ​ទី​១.​មុខវិជ្ជា​គោល មាន ភាសា​ខ្មែរ និង​គណិតវិទ្យា កម្រិត​មួយ​ទី​២.​មុខវិជ្ជា​បច្ចេកទេស មាន គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា​កម្រិត​ពីរ យេន​ឌើ និង​មូលដ្ឋានគ្រឹះ​នៃ​មុខរបរ​ទី​៣.​មុខវិជ្ជា​ទូទៅ មាន ភាសា​អង់គ្លេស សហគ្រិនភាព ទេសចរណ៍ បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​។ សិស្ស​ត្រូវ​សិក្សា​ទាំង​១១​មុខវិជ្ជា ដើម្បី​ទទួល​បាន​សញ្ញាបត្រ ឬ​ សិក្សា​មុខវិជ្ជា​គោល និង​មុខវិជ្ជា​បច្ចេកទេស ដើម្បី​អាច​បន្ត​ការសិក្សា​បាន​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេក ទេស និង​វិជ្ជាជីវៈ​(TVET)​។

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល សិស្ស​ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​មុខវិជ្ជា​ទាំងអស់​តាមរយៈ​ការ​ប្រឡង​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​អប់រំ​មូលដ្ឋាន ហើយ​មានឱកាស​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ ឬ​ នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ Technical Vocational Education and Training (TVET) នៃ​ក្រសួង​ការងារ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu