Ad Code

MCL 2019 ៖​ អាស៊ី​អឺរ៉ុប ជួប​អគ្គីសនី​កម្ពុជា ខណៈ​យុវជន​បាទី​ប៉ះ​បឹងកេត​ហើយ​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​អង្គ​រថា​យ​ហ្គឺ​រ​និង​ណាហ្គា​វើ​ល​ប៉ះ​ភ្នំពេញ​ក្រោ​ន



ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ត្រូវ​ជួប​ក្រុម​អគ្គីសនី​កម្ពុជា ខណៈ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ប៉ះ​ក្រុម​បឹងកេត ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​និង​ក្រុម​ណាហ្គា​វើ​ល​ប៉ះ​ភ្នំពេញ​ក្រោ​ន នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៥ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​សប្តាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019)​។



*​អាស៊ី​អឺរ៉ុប ប៉ះ​អគ្គីសនី​កម្ពុជា
ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​តាម​ហ្វេ​ស​ប៊ុ​ក CNCC ផងដែរ​។ ក្រុម​អាស៊ី​អឺរ៉ុប​គឺ​មាន​ការ​សហការ​ដឹក​នាំ​ពី​សំណាក់​គ្រូបង្វឹក​២​នាក់​មាន​លោក សុក វាសនា និង​លោក សំ វ៉ាន់​ដេ​ត​។ ៥​ប្រកួត​មកនេះ​អាស៊ី​អឺរ៉ុប ឈ្នះ​បាន​៣​លើក​និង​ចាញ់​២​លើក​។ ចំណែក​ក្រុម​អគ្គីសនី​កម្ពុជា វិញ​មិន​ប្រើប្រាស់​កីឡដ្ឋាន​បរទេស​នោះទេ​នៅ​រដូវ​កាល​នេះ ខណៈ​៥​ប្រកួត​មកនេះ​អគ្គីសនី​កម្ពុជា ប្រកួត​ឈ្នះ​បាន​២​លើក​និង​ចាញ់​៣​លើក​។



*​យុវជន​សាលា​បាល់ទាត់​ជាតិ ប៉ះ​ក្រុម​បឹងកេត
ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវ​បើ​ទ្វា​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ទទួល​ក្រុម​ជើងឯក​៣​សម័យកាល​បឹងកេត​អែ​ហ្វ​ស៊ី នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផងដែរ​។ ចំណែក​ក្រុម​ទាំង​២​មិន​ធ្លាប់មាន​ប្រវត្តិ​ប៉ះគ្នា​ពីមុនមក​ទេ​ដោយសារតែ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ ទើបតែ​បាន​ឡើងមក​លេង​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​។

​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​កំពុង​ដឹកនាំ​ដោយ​លោក​Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន ខណៈ​ពេលនេះ​ក្រុម​នេះ​ទើបតែ​បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល​៣​ទល់​០ ក្រោយ​ចាញ់​៤​លើក​ជាប់ៗ​គ្នា​។ ចំណែក​ក្រុម​បឹងកេត វិញ​ជា​បេក្ខភាព​មួយ​មិនអាច​មើលរំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​នៅ​រដូវ​កាល​នេះ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក ហៅ សុជាតិ វិញ​កំពុងតែ​ត្រូវការ​៣​ពិន្ទុ​បន្ថែមទៀត ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ក្រោយ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មិនបាន​ល្អ​។



*​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​អង្គ​រថា​យ​ហ្គឺ​រ​
ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី​ផងដែរ​។ ក្រុម​ទាំង​២​មិនទាន់​បរាជ័យ​ដូចគ្នា​គិត​ត្រឹម​ពេលនេះ ខណៈ​ប្រកួត​ចុងក្រោយ​កាលពី​រដូវ​កាល​មុន​គឺ​បាន​ត្រឹម​ស្មើគ្នា​១​ទល់​១​។

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​ដែល​ឈរ​កំពូល​តារាង​ក្រោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ ស្របពេល​លោក​Conor Nestor ដែលជា​គ្រូបង្វឹក​បន្ត​លើកទឹកចិត្ត​កូនក្រុម​ឲ្យធ្វើ​ការ​លើ​ទីលាន​បានល្អ​រក្សា​កៅអី​ឲ្យ​បាន​គង់​ជា​បន្ត​។ ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ វិញ​កំពុង​តែមាន​កម្លាំងចិត្ត​ខ្លាំង​ក្រោយ​មិនទាន់​បរាជ័យ​នៅក្រៅ​ដៅ ខណៈ​លោក​Oriol Mahedano ដែលជា​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​ប្រចាំ​ក្រុម​នៅតែមាន​ជំនឿ​ចិត្ត​ថា​នឹង​ធ្វើជា​សម្ពាធ​ដល់​ក្រុម​ខ្លាំងៗ ទោះបីជា​ក្រុម​លោក​មាន​ភាគរយ​ដណ្តើមពាន​នៅ​តិច​ក៏ដោយ​។

*​ណាហ្គា​វើ​ល ប៉ះ​ភ្នំពេញ​ក្រោ​ន
ក្រុម​ណាហ្គា​វើ​ល ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ជំនួប​គ្នា​៥​លើក​ចុងក្រោយ​ឃើញថា​ក្រុម​ណាហ្គា​វើ​ល មិនដែល​ចាញ់​ភ្នំពេញ​ក្រោ​ន​នោះទេ​។

​ក្រុម​ណាហ្គា​វើ​ល របស់លោក មាស ចាន់ណា មាន​សម្ពាធ​ជាង​រាល់​ឆ្នាំ​ព្រោះ​ត្រូវ​រៀបចំ​ក្រុម​ប្រកួត​៣​ពានរង្វាន់​ផ្សេងគ្នា​គឺ​ក្នុង​ពានរង្វាន់ AFC Cup,​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ​។ យ៉ាងណាក្តី​នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ណាហ្គា​វើល នៅ​មាន​ឱកាស​ប្រដេញ​កំពូល​តារាង ខណៈ​ក្រុម​នេះ​អស់​ឱកាស​ឆ្លង​ផុត​ពូ​ល​ជម្រុះ​ពាន AFC Cup ហើយ​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន នៅពេលនេះ​នៅសល់​កីឡាករ​បរទេស​តែ​៣​នាក់​ទេ ក្រោយ​២​នាក់​មុន​បាន​រងរបួស​រយៈពេល​យូរ​ហើយ​ក្លិប​សម្រេច​ផ្តាច់​កិច្ចសន្យា​មុន​។ លោក Leonardo Vitorino ដែលជា​គ្រូបង្វឹក​កំពុងតែ​រង​សម្ពាធ​ក្រោយ​ដឹកនាំ​ក្រុម​ក្នុង​ប្រកួត​បើកឆាក​មិនសូវ​ទទួលលទ្ធផល​ល្អ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu