Ad Code

អង្គការ​ILO​ប៉ាន់​ស្មានថា ​មាន​កម្មករនិយោជិត​២.៧៨​លាន​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​រាល់​ឆ្នាំ​លើ​ពិភពលោក



ភ្នំពេញ​ ៖ លោក​បណ្ឌិត​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​ តាម​ការ​ប៉ាន់ប្រមាណ​រប​ស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​ហៅ​កាត់​ថា ​ILO​បាន​បង្ហាញ​ថា​មាន កម្មករនិយោជិត​ចំនួន ២.៧៨​លាន​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​ជា​រៀងរាល់ឆ្នាំ​នៅលើ​សាកលលោក​។

ក្នុងចំណោម​នោះ មាន​កម្មករនិយោជិត ២.៤​លាន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ចំនួន ៣៧៤​លាន​នាក់​ទៀត បានទទួល​រង​នូវ​គ្រោះថ្នាក់​ការងារ​ដែល​មិន​បណ្តាល​ឲ្យស្លាប់​។

ថ្លែង​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ក្រោម​ប្រធានបទ​«​សុវត្ថិភាព និង​សុខភាព​ការងារ និង​អនាគត​នៃ​ការងារ​»​កាលពី ថ្ងៃទី​០៣ ខែឧសភា ២០១៩ តំបន់​សេដ្ឋកិច្ច​ពិសេស​នាង​កុក ខេត្តកោះកុង​លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្តថា​ តាម​ស្ថិតិ​នៃ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នេះ​នៅ​បន្ត​កើនឡើង​ដែល​ក្នុងនោះ​ការកើនឡើង​ហានិភ័យ​ការងារ​ផ្នែក​សុខភាព​ផ្លូវចិត្ត ស្មុគស្មាញ​នឹង​ការងារ និង​ជំងឺមិនឆ្លង​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​គ្រប់​ផ្នែក​នៃ​ពិភពលោក និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលលោក ព្រមទាំង​ទាមទារ​ឲ្យ​មាន​វិធានការ​ការពារ​សុវត្ថិភាព​ការងារ ឲ្យ​បាន​គ្រប់​ជ្រោយ​បន្ថែម​ទៀត​នៅ​ទូទាំង​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ដោយឡែក នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​ថា គ្រោះថ្នាក់​ការងារ ករណី​ស្លាប់ និង​ការចំណាយ​ទៅ​សំណង​ហានិភ័យ​ការងារ​ឆ្នាំ​២០១៨ មាន​ថយចុះ​ស្មើនឹង ១៨.២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កន្លងទៅ​គឺ​គ្រោះ ថ្នាក់​ការងារ​សរុប​ចំនួន ៣៤,៨០៨​ករណី រួមមាន​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​មាន​ចំនួន ២៥,២០៦​នាក់ គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ចំនួន ៩,៥៣០​នាក់ និង​ផ្សេងៗ​ចំនួន ៧២​នាក់​។ ចំពោះ​ករណី​ដួលសន្លប់​របស់​កម្មករ​និយោជិត មានការ​ថយចុះ​ចំនួន ៥៤.៥៥% ដោយ​កើតឡើង​នៅក្នុង ២២​សហគ្រាស​-​គ្រឹះស្ថាន នៅ​ឆ្នាំ​២០១៧ មក​ត្រឹម ១០​សហគ្រាស​-​គ្រឹះស្ថាន នៅ​ឆ្នាំ​២០១៨ ដែល​នេះ​បង្ហាញ​ពី​ការយកចិត្ត​ទុក​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​បង្ការ សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោម​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៤-២០១៨ ជាពិសេស​លើ​វិស័យ​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានសម្រេច​លទ្ធផល​សំខាន់ៗ​រួមមាន​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ផែនការមេ​លើក​ទី​២ ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ឆ្នាំ​២០១៨-២០២២ ដែល​ជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​អភិវឌ្ឍ​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ បាន​បន្ត​យន្តការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​សម្របសម្រួល និង​ផ្តល់​យោបល់​ដើម្បី​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ ថ្នាក់ជាតិ និង​សហគ្រាស គ្រឹះស្ថាន​។

បាន​កែលម្អ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​គុណភាព តាមរយៈ​ការកែលម្អ​របាយការណ៍​អធិការកិច្ច​ការងារ ការពង្រឹង​សមត្ថភាព​មន្ត្រី​ទទួលបន្ទុក​អធិការកិច្ច​ការងារ និង​ការបង្កើន​ការចុះ​អធិការកិច្ច​ការងារ​ប​ន្ថែ​ម​ទៀត​ទៅដល់​វិស័យ​សំណង់ ឡឥដ្ឋ និង​សេវា​កម្សាន្ត​។



បាន​បន្ត​អនុវត្ត​គម្រោង​លើកកម្ពស់​ស្តង់ដារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ជប៉ុន ដោយ​បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​បន្ថែម និង​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​សិក្ខាកាម​ស្តីពី​ការកែលម្អ​ការងារ នៅក្នុង​ការដ្ឋាន​សំណង់​ខា្ន​ត​តូច (WISCON) ព្រមទាំង​គ្រោង​នឹង​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​។

ជាង​នេះទៅ​ទៀត​ក្រសួង​បាន​ដាក់​ចេញ​នូវ​ផែន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩-២០២៣ ដែល​សុវត្ថិភាព និង​សុខភាព​ការងារ​ស្ថិត​នៅ​ក្នុង​កម្មវិធី​ទី​១ «​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​» ដែល​ផ្តល់នូវ​កាលានុវត្ត​ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ជាពិសេស​ការរៀបចំ​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ជំរុញ និង​លើកទឹកចិត្ត​ដល់​សហគ្រាស គ្រឹះស្ថាន​ដែល​អនុវត្តតាម​បទដ្ឋាន​ការងារ​ស្នូល​សុវត្ថិភាព និង​សុខភាព​ការងារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu