Ad Code

ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Dudu របស់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី តាំងចិត្ត​រក​គ្រាប់​បាល់​បន្ថែម​ឲ្យ​ក្រុម



​បន្ទាប់ពី​រក​គ្រាប់​បាល់​បន្ថែម និង​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជ័យជម្នះ​ទល់នឹង​ក្រសួងការពារជាតិ កាលពី​សប្តាហ៍​ទី​៥​កន្លងទៅ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Luiz Eduardo Purcino (Dudu) បានបង្ហាញ​ចំណុច​វិជ្ជមាន ព្រមទាំង​រក​គ្រាប់​បាល់​បន្ថែម​និង​ការ​ជឿជាក់​ថា បឹងកេត នឹង​អាចមាន​លទ្ធភាព​ឈ្នះ​ក្រុម​ដទៃ​ផ្សេងទៀត មិន​ថា​ឡើយ​ក្រុម​កំពូល​។

​កីឡាករ​ខាងលើ​បាន​បន្ថែម «​តំបន់​ការពារ​របស់​យើង​ធ្វើការ​យ៉ាង​ល្អ​កាលពី​ប្រកួត​មុន វា​ជា​ចំណុច​ប្រសើរ​ឡើង​របស់​យើង ហើយ​សូម្បីតែ​ការលេង​ជា​ក្រុម​ក៏មាន​ការយល់​ចិត្ត​គ្នា​។ ប្រសិនបើ​យើង​នៅតែ​រក្សា​នូវ​ការ​លេង​ដ៏​ល្អ និង​ស៊ីចង្វាក់​គ្នា​នេះ​បាន មានន័យថា​យើង​អាច​យកឈ្នះ​លើ​ក្រុម​ដទៃ មិនថាឡើយ​ក្រុម​កំពូល​តារាង​»​។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ធ្លាប់មាន​បទពិសោធន៍​ប្រកប​អាជីព​ច្រើន​ក្លិប​នៅ​ប្រទេស​ថៃ​។

​ខ្សែប្រយុទ្ធ​ដដែល​ក៏បាន​និយាយ​ជុំវិញ​ការ​រក​គ្រាប់​បាល់​របស់​ខ្លួន ៣​គ្រាប់​ក្នុង ២​ប្រកួត​ចុងក្រោយ​ថា « វា​គឺជា​គ្រាប់​បាល់​ដ៏​ល្អ​សម្រាប់​ខ្ញុំ​នៅ​កម្ពុជា ពីព្រោះថា ការប្រកួត​គឺ​តានតឹង ហើយ​យើង​ត្រូវការ​ឈ្នះ​ដើម្បី​ពង្រឹង​ស្ថានភាព​របស់​យើង​លើ​តារាង​ពិន្ទុ​។ ដូចនេះ​ខ្ញុំ​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​ទម្លុះ​សំណាញ់​ទី ហើយ​គ្រាប់​បាល់​ទាំងនោះ ក៏​អរគុណ​ទៅ​មិត្ត​រួម​ក្រុម​ផងដែរ ដែល​ពួកគេ​បាន​បញ្ជូន​យ៉ាង​ល្អ​ឲ្យ​ខ្ញុំ​ទាត់​បញ្ចូល​»​។

​កីឡាករ Dudu ធ្លាប់​លេង​នៅ​ក្លិប A.A. Caldense ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៩ ខណៈ​នៅ​ឆ្នាំ​២០១០-២០១១ រូបគេ​បានសម្រេច​ទៅលេង​នៅ​ក្លិប Buriram United ប្រទេស​ថៃ ហើយ​គិតពី​ពេល​នោះមក​រូបគេ​បន្ត​អាជីព​នៅ​ប្រទេស​ថៃ ជា​បន្តបន្ទាប់​គឺ​ឆ្នាំ​២០១១​ដដែល​បាន​បាន​ទៅលេង​នៅ​ក្លិប Sriracha ហើយ​ឆ្នាំ​២០១២ ចេញទៅ​ចូលរួម​ជាមួយ​ក្រុម Osatspa Saraburi ឆ្នាំ​២០១៣ ចូលរួម​ជាមួយ​ក្រុម Phuket នៅ​ឆ្នាំ​២០១៤ ចូលរួម​ក្រុម Police FC ឆ្នាំ​២០១៥-២០១៦ ទៅ​ចូលរួម​ក្រុម Phan Thong United ឆ្នាំ​២០១៧​រូបគេ​បាន​លេង​នៅ​ក្លិប Sahab ក្នុងប្រទេស​ហ្សកដានី និង​នៅ​ក្លិប MISC-MIFA នៅ​ម៉ាឡេស៊ី មុន​មកដល់​ក្លិប​បឹងកេត របស់​កម្ពុជា នៅ​ឆ្នាំ​២០១៩​នេះ​។

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា​ការប្រកួត​សប្តាហ៍​ទី​៦ នៃ​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​បឹងកេត ត្រូវ​ប្រកួត​ទល់នឹង​យុវជន​សាលា​បាល់ទាត់​ជាតិ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ថ្ងៃអាទិត្យ ទី​៥​ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីលាន​សាលាបាល់ទាត់​ជាតិ​បាទី ​ខេត្តតាកែវ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu