Ad Code

បើករថយន្ត​ឡើង​ជែង​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​អ្នកលក់​សត្វ​កណ្តុរ​អាំង ស្លាប់​ម្នាក់ របួស​ម្នាក់



បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ក្នុងចំណោម​បងប្អូន ២ នាក់ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ឈរ​អាំង​សត្វ​កណ្តុរ​លក់​ក្បែរ​ផ្លូវ ហើយ​ត្រូវ​រថយន្ត​ឡើង​ជែង​គ្នា​បំបុក​តែម្តង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៧ ស្ថិត​ក្នុង​ក្រុម​ទី​១០ ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។



តាម​ប្រភព​មួយចំនួន​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​ស​សាន់ ឌី​ស​សែ​ល (​ហុក​ឡ​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 2A-1568 (​អ្នកបើកបរ​រត់គេច​ខ្លួន​) កំពុងតែ​ខូច​នៅ​នឹង​ចិញ្ចើម​ផ្លូវ ហើយ​ក៏​មាន​រថយន្ត​មួយ គ្រឿង​ទៀត ម៉ាក​ហ៊ី​ន​ដាយ (​ដឹក​ដី​) គ្មាន​ស្លាក​លេខ (​អ្នកបើកបរ​រត់គេច​ខ្លួន​)​ដែល​កំពុង បើកបរ​ក្នុង​ល្បឿន​លឿន​ក៏បាន​ឡើង​ជែង​នឹង​រថយន្ត​ខូច​នោះ ធ្វើអោយ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​មនុស្ស​២​នាក់ កំពុង​ឈរ​លក់​សត្វ​កណ្តុរ​អាំង​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់។

ជន​រងគ្រោះ​មានឈ្មោះ ថា សុវណ្ណ ភេទ​ស្រី អាយុ ៣២ ឆ្នាំ មុខរបរ លក់ដូរ (​ស្លាប់​) និង ឈ្មោះ ថា សាវុន ភេទ​ស្រី អាយុ ២៤ ឆ្នាំ មុខរបរ លក់ដូរ (​របួសធ្ងន់​) អ្នក​ទាំងពីរ​មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ។



​បច្ចុប្បន្ន​បន្ទាប់ពី​អ្នកបើកបរ​ទាំងពីរ​បាន​រត់​គេច​ខ្លួន​រួចមក សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងករណី​ខាងលើ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​ជនរងគ្រោះ​ដែល​រង​របួស​ធ្ងន់​ ត្រូវ​បាន​យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង។

​ដោយឡែក​សម្រាប់​រថយន្ត​ទាំងពីរ​ខាងលើ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត នាំយកទៅ​រក្សាទុក​ដើម្បី​បន្ត​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu