Ad Code

រដ្ឋបាល​ខេត្តកំពត​ បើក​កិច្ចប្រជុំ​ពិភាក្សា​ ស្ដីពី​ការត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ ២០១៩



កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ ស្ដីពី​ការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដឹកនាំ​កិច្ចប្រជុំ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ លោក ជាវ តា​យ​ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា ពាក់ព័ន្ធ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ​ដែល​ខេត្ត​កំពត​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ​នេះ រដ្ឋបាលខេត្ត​បានរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​រួចហើយ​ដែរ និង ​បន្ត​រៀបចំ​ការងារ​មួយចំនួន​បន្ថែមទៀត ​ដោយ​ត្រូវ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សោភណភាព​ជុំវិញ​ទីតាំង​ពិធី ​និង​ក្នុង​ក្រុង​ទាំងមូល​។​

​ជាមួយ​នោះដែរ លោក​អភិបាលខេត្ត ​ក៏បាន​ស្នើ​ដល់​គណៈកម្មការ​អន្តរក្រសួង ​ក៏ដូចជា​ឯកឧត្ដម​រដ្ឋមន្ត្រី​ ថោង ខុន​ មេត្តា​ជួយ​អន្តរាគមន៍​លើ​ការ​ពន្លឿន​នូវ​ការកសាង​កំណាត់​ផ្លូវ​ចាប់ពី​ចំណុច​ផ្លូវ​ប្រសព្វ​ផ្លូវជាតិ​លេខ​៣ ​និង​ផ្លូវជាតិ​លេខ​៤១ ​រហូតដល់​ក្រុង​កំពត​ឲ្យ​បាន​រួចរាល់ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​បុណ្យ​សមុទ្រ​ចុង​ឆ្នាំ​២០១៩​នេះ​ផងដែរ​។​

​នាឱកាស​នោះ លោក​បណ្ឌិត ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា បុណ្យ​សមុទ្រ​គឺជា​បុណ្យ​មួយ​មាន​សារប្រយោជន៍​ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្ត​ទាំង​បួន​ជាប់មាត់​សមុទ្រ ពោលគឺ​ចាប់ពី​បានធ្វើ​បុណ្យ​សមុទ្រ​លើកទីមួយ​មក​មាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​កម្សាន្ត​ខេត្ត​ទាំង​បួន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ស្រប​ទៅ​អ្វីដែល​គោលដៅ​ទាក់ទាញ​ទេស​ចរណ៍​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ស្រាប់​។​

​លោក​បណ្ឌិត ថោង ខុន ក៏បាន​អះអាងថា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​នា​ចុង​ឆ្នាំ​២០១៩​នេះ នឹង​ខិតខំ​រៀបចំ​ឲ្យ​មាន​ភាព​ទាក់ទាញ​ប្រសើរ​ជាង​ឆ្នាំមុនៗ ជាមួយនឹង​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្លែក​ភ្នែក​ជាច្រើន ដើម្បី​ជា​គំរូ​សម្រាប់​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ក្រោយៗ​ទៀត។

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​បន្ត​ថា នៅសល់​ពេល​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ បុណ្យ​សមុទ្រ ​នឹង​ចូល​មក​ដល់​ហើយ​។ ដូច្នេះ​រដ្ឋបាលខេត្ត មន្ទីរ​ជំនាញ និង​ អ្នក​ពាក់ព័ន្ធ ត្រូវ​ចាប់ផ្ដើម​ត្រៀម​រៀបចំ​ការងារ​បុណ្យ​សមុទ្រ​នេះ​ពី​ឥឡូវនេះ​ទៅ​ដែល​ជា​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នៅ​ខេត្តកំពត​ នា​ចុងឆ្នាំ​២០១៩​នេះ​ ដើម្បី​ឲ្យ​អ្នក​ដែល​ចូលរួម​នឹង​មើលឃើញ​អ្វី​ដែលជា​ផលិតផល​ទេសចរណ៍​ប្លែកៗ អ្វី​ដែល​ជា​សក្ដានុពល និង​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​របស់​ខេត្ត​កំពត ពិសេស​ក្រុង​កំពត​ដែល​សំបូរ​សំណង់​បុរាណ​កេរ្តិ៍​ដំណែល​ពី​សម័យ​បារាំង ដ៏​សែន​ស្រស់​ឆើតឆាយ​នៅ​ពេល​យប់ នា​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក​បាន​បន្តថា​ រូបលោក ​រួម​នឹង​រដ្ឋបាលខេត្ត ក្រុង​ស្រុក នឹង​រួមគ្នា​ធ្វើឲ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​នេះ​ មាន​ភាព​ទាក់ទាញ ប្លែក​ភ្នែក​ជាង​ឆ្នាំ​កន្លងទៅ​។ ក្នុងនោះ​លោក​ស្នើ​ឲ្យ​មន្ទីរជំនាញ ​និង​អាជ្ញាធរ ​ត្រូវ​រៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​នានា​ ក្នុង​ខេត្ត​សាជាថ្មី​ឡើងវិញ ធ្វើយ៉ាងណា​ឲ្យ​ស្អាត មាន​សុវត្ថិភាព និង​បរិស្ថាន​អនាម័យ​ល្អ​ជាង​មុន ​រួម​នឹង​ការ​ជំរុញ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជូន​សាធារណជន​បាន​ដឹង​ពី​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ចាប់ពីពេលនេះ​តទៅ​ផងដែរ​។​

​ដោយឡែក ​រដ្ឋបាល​ខេត្ត​ ក៏ត្រូវ​សម្រួល ​និង​គិតគូរ​អំពី​ផ្លូវ​ធ្វើដំណើរ ទៅកាន់​តំបន់​គោលដៅ​ទេស​ចរណ៍ ឬ​រមណីយដ្ឋាន​ក្នុង​ខេត្ត ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ត្រូវ​ជួសជុល ឬ​ត្រូវ​ធ្វើ​ថ្មី​តែម្ដង ដើម្បី​ឆ្លើយ​តប​បាន​ទៅ​នឹង​រាជរដ្ឋាភិបាល​ដែល​កំណត់​ថា​ ជា​ខេត្ត​គោលដៅ​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ កសិ​ទេសចរណ៍​ធម្មជាតិ និង​ជា​ផ្នែក​មួយ​ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ទេសចរណ៍​ផង​ដែរ​។​

​ជាមួយ​នោះ​ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ការដាក់​តាំងពិពណ៌​ផលិតផល​ក្នុងស្រុក​ ដើម្បី​សម្គាល់​អត្តសញ្ញាណ​របស់​ខេត្ត ឬ​តំបន់​ភូមិ​/ឃុំ​ នៃ​ស្រុក​។ ពិសេស ត្រូវ​ដាក់​ស្លាក​ឈ្មោះ ផលិតផល​កសិ​ផល ផ្សេងៗ ចៀសវាង​ការ​ដាក់​តាំង​បន្លំ ផលិតផល​របស់គេ​ថា ​ជា​របស់​ខេត្ត​កំពត​។

​នៅក្នុង​ឱកាស​នោះដែរ លោក​បណ្ឌិត ថោង ខុន ក៏បាន​ស្នើ​សុំ​ឲ្យ​មានការ​ចូលរួម សម្អាត​អនាម័យ​ទាំងអស់គ្នា ជាពិសេស​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្ត ត្រូវ​តុបតែង សម្អាត​គេហដ្ឋាន​របស់​ខ្លួន​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu