Ad Code

កុមារ​ក្រីក្រ​ស្នាក់នៅ​អង្គការ​ភូមិ​កុមារ​សេ​អា​មេត្រី ជាង​២០០​នាក់​ទទួល​បាន​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​ប្រើប្រាស់



ភ្នំពេញ​ ៖ កុមារ​ក្រីក្រ​ចំនួន​២២៥​នាក់​ស្នាក់នៅ​អង្គការ​ភូមិ​កុមារ​សេ​អា​មេត្រី​ស្ថិតក្នុង​ភូមិ​ចំបក់​ត្រប់ ឃុំ​ព្រែករកា ស្រុក​កណ្តាល ស្ទឹង ខេត្តកណ្តាល បានទទួល​ម៉ាស៊ីន ចម្រោះ​ទឹក​ស្អាត សម្ភារៈ​សិក្សា និង​ការអប់រំ​ទាក់ទង​នឹង​សុខភាព បរិស្ថាន​និង​អនាម័យ​ពី​សប្បុរសជន​និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក​ពី​ប្រទេស​សិង្ហ​បុរី​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​និង​សម្ភារៈ​សិក្សា​នេះ អ្នកស្រី ស្វាយ មួយ នាយិកា​ភូមិ​កុមារ​សេ​អា​មេត្រី បាន​មានប្រសាសន៍ថា​អំណោយ​ជា​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​របស់​សប្បុរសជន​និង​ក្រុមហ៊ុន​ហាយ​ដ្រូ​ស៊ី​ក​នេះ​ពិតជា មាន​សារៈសំខាន់​ណា​ស់ស ម្រា ប់​អង្គការ​និង​សិស្សានុសិស្ស​ទទួលបាន​ទឹក​ស្អាត​បរិភោគ​និង​មាន​សុវត្ថិភាព​ជួយ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ ក៏ដូចជា​កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ទឹក​។

អ្នកស្រី​បាន​បន្ត​ថា ​ចំណែក​សម្ភារៈ​សិក្សា ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន Hydro 6 នឹង​ជួយ​សម្រួល​ដល់​ការ​ខ្វះខាត​សម្ភារៈ​សិក្សា​របស់​សិស្ស​និង​ធ្វើ​ឲ្យ​កុមារ​ទទួល​បាន​ចំណេះដឹង​ពី​ការអប់រំ​សុខភាព បរិស្ថាន​និង​អនាម័យ ជាពិសេស​បាន​ទទួល​ក្តី​ស្រឡាញ់​និង​ការទទួល​ទាន​អាហារ​ថ្ងៃត្រង់​រួមគ្នា​។​



លោក ជេ​ស៊ិន ចូ​វ (Jason Chow)​តំណាង​ក្រុមហ៊ុន Hydro 6 បាន​មានប្រសាសន៍ថា ​ការ​ប្រគល់ ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត សម្ភារៈ​សិក្សា និង​ការអប់រំ​អំពី​បរិស្ថាន សុខភាព និង​សារៈសំខាន់​នៃ​ការប្រើ​ទឹកស្អាត​នេះ ជា​សកម្មភាព​មនុស្សធម៌​ដែល Hydro 6​តែងតែ​ធ្វើ​កន្លងមក​ព្រោះថា​Hydro 6 ចង់​ឲ្យ​កុមារ​កម្ពុជា មាន​ទឹក​ស្អាត​និង​សុវត្ថិភាព​ប្រើប្រាស់ មាន​សុខ​ភាពល្អ និង​ខិតខំ​សិក្សា​ដើម្បី​អនាគត។

​លោក​បាន​បន្ត​ថា ​បច្ចេក​វិទ្យា​ដ៏​ទំនើប​របស់​ម៉ាស៊ីន​ចម្រោះ​ទឹក​Hydro6 គឺ​ធានា​នូវ​គុណភាព និង​សុ​វត្តិភាព​១០០%​ចំពោះ​ទឹក ថែម​ធ្វើ​ឲ្យ​ទឹក​ដែល​ច្រោះ​រួម​ក្លាយជា​ទឹក​សុខភាព​រួមផ្សំ​ដោយសារ​ធាតុ​រ៉ែ​នានា ដែល​ល្អ​សមស្រប​បំផុត​សម្រាប់​សុខភាព​។ ជាពិសេស​ទៅទៀត យុទ្ធនាការ​របស់​ក្រុមហ៊ុន គឺ​ចង់​ឲ្យ​កុមារ​យល់ដឹង​ពី​ការ​ថែរក្សា​សុខភាព អនាម័យ និង​បរិស្ថាន​។

លោក​បាន​បន្ថែម​ទៀត​ថា​ ក្រៅពី​ការ​ធ្វើ​អាជីវកម្ម​ដើម្បី​ប្រាក់ចំណេញ Hydro 6 ចង់​ធ្វើ​សកម្មភាព​ភាព​មនុស្សធម៌​ដល់​សង្គម​កម្ពុជា​វិញ ​ខណៈ​កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ដូច​ច្នេះ​ជាច្រើនលើក ហើយ​សន្យា​នឹង​បន្តធ្វើ​ត​ទៅមុខទៀត​។

អ្នកស្រី ស្វាយ មួយ​បាន​រំលឹក​ថា ​ភូមិ​កុមារ​សេ​អា​មេ ត្រី បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ​២០០៣​នៅ​ភ្នំពេញ​។ ​តែ​ក្រោយមក​ដូរ​មក​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង​គោលបំណង​ជួយ​ទៅដល់​កុមារ​ក្រីក្រ​នៅ​ទីជនបទ។ ចំណូល​សម្រាប់​ផ្គត់ផ្គង់​សាលា​នៅ​ទី​នេះ បាន​មក​ពី​សប្បុរសជន និង​ការ​បើក​កន្លែង​អង្គុយ​កម្សាន្ត​មាត់បឹង​នៅ​ចុង​សប្តាហ៍​និង​ពិធីបុណ្យ​ផ្សេងៗ​។ ​ទោះយ៉ាង​ណា​ក៏ដោយ​សាលា​នៅតែ​ខ្វះខាត និង​សូម​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ដល់​កុមារ​នៅ​ទី​នេះ​។

អ្នកស្រី​បាន​បន្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​សិស្សានុសិស្ស​ចំនួន​២២៥​នាក់​ កំពុង​រៀន​នៅ​ភូមិ​កុមារ​សេ​អា​មេត្រី​។ ​សាលា​មាន​ទទួល​សិស្ស​ក្រីក្រ​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ និង​មាន​បណ្តុះបណ្តាល​ភាសា​ខ្មែរ​តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និង​កីឡា​ព្រមទាំង​បំប៉ន​ភាសា​អង់​គ្លេ​ស កុំព្យូទ័រ កីឡា ភ្លេង និង​របាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu