Ad Code

កីឡាករ​Bata​បន្ត​ឈរ​ក្នុង​បញ្ជី Top Scorers ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ត្រឹម​សប្ដាហ៍​ទី​៦ ខណៈ​កែវ សុខ​ផេង តាម​ពីក្រោយ



ឆ្លងកាត់​ប្រកួត​៦​សប្ដាហ៍​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ស្រវា​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន ខណៈ​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Dzarma Bata បាន​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់បញ្ចូល​ទី​បាន​ច្រើនជាងគេ (Top Scorers) បណ្តោះអាសន្ន​ដែរ​។



គិត​ត្រឹម​ពេលនេះ​កីឡាករ​ចំនួន​៧៩​នាក់​បាន​រក​គ្រាប់​បាល់ទាត់​ប​ញ្ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​១៥៩​គ្រាប់​ក្នុង​ចំនួន​៦​សប្ដាហ៍​មកនេះ​។ ចំណែក​កីឡាករ Dzarma Bata វិញ​រកបាន​គ្រាប់​បាល់​ចំនួន​១០​គ្រាប់​ម្នាក់ឯង ហើយ​គ្រាប់​បាល់​ទាំង​នោះបាន​ទាត់​ប​ញ្ជូ​ល​ទី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើល ៣​គ្រាប់ ក្រុម​ខេត្តកំពង់ចាម ៣​គ្រាប់ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៣​គ្រាប់​និង​ក្រុម​សូល​ទី​ឡូ​អង្គរ​១​គ្រាប់​។



​ចំណែក​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​តាម​ពីក្រោយ​មានដូចជា​កីឡាករ កែវ សុខ​ផេង របស់​វិសាខា រកបាន​៧​គ្រាប់ តាម​ពីក្រោយ កីឡាករ​នី​ហ្សេ​រី​យ៉ា Okereke Timothy របស់​អង្គ​រថា​យ​ហ្គឺ​រ រកបាន​៦​គ្រាប់ ហើយ​កីឡាករ​ជប៉ុន​របស់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ Yudai Ogawa កីឡាករ​តួរ​មេ​នី​ស្ថាន Amir Gurbani របស់​ណាហ្គា​វើ​ល កីឡាករ​នី​ហ្សេ​រី​យ៉ា Julius Oiboh របស់​បឹងកេត រក​រកបាន​គ្រាប់​បាល់​បាន​ម្នាក់​៥​គ្រាប់ ខណៈ​កីឡាករ​កូ​ឌី​វ័រ Abdel Kader Coulibali របស់​អាស៊ី​អឺរ៉ុប កីឡាករ​ជនជាតិ​ម៉ាលី Souleymane Coulibaly​របស់​គីរីវង់ កីឡាករ​ប្រេ​ស៊ី​ល Paulo Victor របស់​ភ្នំពេញ​ក្រោ​ន និង​កីឡាករ Dudu របស់​បឹងកេត រកបាន​គ្រាប់​បាល់​ម្នាក់​៤​គ្រាប់​។​ក្រៅពីនោះ​គឺ​រកបាន​គ្រាប់​បាល់​៣​គ្រាប់​ចុះក្រោម​។



សូម​បញ្ជាក់​ថា ​កីឡាករ Bata បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដំបូង​នៅ​ឆ្នាំ​២០១៤ ដោយ​ចុះកិច្ចសន្យា​១​រដូវ​កាល​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ឆ្នាំ​នោះ​បាន​រក​គ្រាប់​បាល់​ច្រើនជាងគេ​ហើយ​ឈ្នះ​ស្បែកជើង​មាស​ថែម​ទៀត​ផង​។ នៅ​ឆ្នាំ​២០១៥ គេ​បន្ត​លេង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ទៀត​ដោយ​រក​គ្រាប់​បាល់​បាន​២៤​គ្រាប់ ខណៈ​ឆ្នាំ​នោះ​ស្បែកជើង​មាស​បាន​ទៅ ចាន់ វឌ្ឍនាកា ដែល​រកបាន​៣៧​គ្រាប់​ម្នាក់ឯង​។ ​នៅ​ឆ្នាំ​២០១៦ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ពេញ​មួយ​រដូវ​កាល ដោយ​បាន​ជួយ​ក្រុម​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​, AFC Cup និង​ពានរង្វាន់ Toyota Mekong Club Championship ជាដើម​។ តែ​ដល់​ឆ្នាំ​២០១៧ រូបគេ​បាន​ផ្លាស់​ទៅលេង​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​ជើង​ទី​១ មុន​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (​អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) ក្នុង​ជើង​ទី​២​។ ចូលឆ្នាំ​២០១៧ រូបគេ​ចូលរួម​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​ម្តង​។

ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៩ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិកា​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា George Bisan អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើ​ល បច្ចុប្បន្ន​ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់​២០១៨ កន្លងទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu