Ad Code

ភ្នំពេញ​ក្រោ​ន ប្រកាស​ចែកផ្លូវ​ជាមួយ​លោកគ្រូ​បង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino ក្រោយ​ដឹកនាំ​ក្រុម​បាន​៦​ប្រកួត



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល បានប្រកាស​ចែកផ្លូវ​ជាមួយ​លោក Leonardo Vitorino ជនជាតិ​ប្រេ​ស៊ី​ល ដែលជា​អតីត​គ្រូបង្វឹក​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែឧសភា ឆ្នាំ​២០១៩ នេះ​ក្រោយ​ដឹកនាំ​ចាប់ផ្តើម​មិនសូវ​បានល្អ​ក្នុង​ដើមរដូវ​កាល​លី​គ​កំពូល​កម្ពុជា (Metfon Cambodian League) ឆ្នាំ​២០១៩ នេះ​។



​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់ថា «​ក្លិប​និង​លោកគ្រូ​បង្វឹក Leonardo Vitorino បានសម្រេច​ឯកភាព​គ្នា​បញ្ចប់​កុងត្រា​ជា​ផ្លូវការ​ក្រោយ​ការដឹកនាំ​ក្រុម​បាន​ត្រឹម​សប្តាហ៍​ទី​៦ នៃ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៩​នេះ​។ លោក​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុងការ​ប្រកួត​ផ្លូវ​ការដែល​សរុប​ទាំងអស់​មាន​ចំនួន​៧​លើក (​ការប្រកួត​ក្នុង​ពានរង្វាន់ Leo Pre-Season មួយ​លើក​) ដោយ​ក្នុងនោះ​ប្រកួត​ឈ្នះ​ចំនួន​២​លើក និង​ប្រកួត​ចាញ់​ចំនួន​៥​លើក​។ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សូម​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ដឹកនាំ ក៏ដូចជា​បង្វឹក​ក្រុម​កីឡាករ​ក្នុង​ក្លិប​ហើយ​យើង​ក៏​សូម​ជូនពរ​ដល់​លោក Leonardo Vitorino ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបំពេញភារកិច្ច​នាពេល​អនាគត​ខាងមុខ​»​។ ដំណាលគ្នា​នេះ​ដែរ ​ក្រោយ​ការចាកចេញ​របស់​គ្រូបង្វឹក​រូបនេះ​ក្រុម​ភ្នំពេញ​ក្រោ​ន មិនទាន់​បង្ហាញ​សម​សភាព​គ្រូបង្វឹក​ថ្មី​នៅឡើយ​នោះទេ​។



​នេះ​ជាការ​បញ្ចប់​ការងារ​នៅ​ប្រទេស​កម្ពុជា ជា​លើក​ទី​២​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​លោក Leonardo ខណៈ​កាលពី​លើកដំបូង​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចន្លោះ​ពី​ខែមីនា ដល់​ចុងខែ​តុលា ឆ្នាំ​២០១៧ មក កាលនោះ​ក្រុម​កម្ពុជា បាន​ត្រឹម​ស្គាល់​ជ័យជម្នះ​១​លើក ក្នុងចំណោម​៧​ប្រកួត ក្នុង​នោះ​បាន​ចាញ់​ឥណ្ឌា ៣​ទល់​២ ហើយ​បន្ត​ចាញ់​ហ្សកដានី ៧​ទល់​០ ចាញ់​ឥណ្ឌូណេស៊ី ២​ទល់​០ តែ​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ១​ទល់​០ ចាញ់​វៀតណាម ២​ទល់​១ ចាញ់​ឥណ្ឌូណេស៊ី លើក​ទី​២ លទ្ធផល ៣​ទល់​១ និង​ចុងក្រោយ​ចាញ់​វៀតណាម ៥​ទល់​០​។

លោក Leonardo Vitorino ធ្លាប់​មាន​បទពិសោធន៍​ការងារ​ជាមួយ​ក្រុម Selection of Australia U-15 នៅ​ឆ្នាំ​១៩៩៤ ហើយ​នៅ​ឆ្នាំ​ជាមួយ​នោះ​ដែរ ​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ U-17 របស់​សហរដ្ឋ​អា​មេ​រិក រហូតដល់​ឆ្នាំ​១៩៩៧ ខណៈ​នៅ​ឆ្នាំ​១៩៩៨ លោក​បាន​ដឹកនាំ​ក្រុម Botafogo FR នៅ​ប្រទេស​អ៊ីតាលី ហើយ​នៅ​ឆ្នាំ ២០០១ លោក​បាន​ដឹកនាំ​ក្រុម Trinidad and Tobago Selection​។ ចន្លោះ​ឆ្នាំ​២០០២ ដល់​២០០៥ លោក​បាន​ដឹកនាំ​ក្រុម Santos Angola F.C នៅ​ប្រទេស​អង់កូ​ឡា ក្នុង​ទ្វីបអាហ្វ្រិក ហើយ​ឆ្នាំ​២០០៥​ដល់​២០០៦ បាន​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​La Sierra នៅ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០០៦ ដែល​ដឹកនាំ​ក្រុម​Estrela do Norte F.C នៅ​ស្រុកកំណើត មុន​ចេញទៅ​ក្រុម​Macaé EC និង​ក្រុម​America FC-RJ នៅ​ឆ្នាំ​បន្ទាប់​។



នៅ​ឆ្នាំ​២០០៧ ដល់​២០១៣ លោក​បាន​ដឹកនាំ​ក្លិប​da Al Gharafa នៅ​ប្រទេស​កាតារ ហើយ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៤ ដឹកនាំ​ក្រុម​El Jaish ក្នុងប្រទេស​កាតា​រដែរ​។ ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៦ បាន​ចូល​ទៅ​ធ្វើការ​ជា​នាយក​ប​ច្ចេកទេស​ផង​និង​ជា​គ្រូដឹកនាំ​ក្រុម B ផង​នៅ​ក្លិប Buriram United របស់​ថៃ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុម Lanexang United របស់​ឡាវ មុន​មកដល់​ប្រទេស​កម្ពុជា ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​។ ក្រោយ​ចាក​ចេញពី​ប្រទេស​កម្ពុជា លោក​ទទួលបាន​ការងារ​ថ្មី​នៅ​ស្រុកកំណើត​ដោយ​ធ្វើជា​នាយក​បច្ចេកទេស​នៅ​ក្លិប​Ceará Sporting Club សមាជិក​ពាន​រង្វាន់​លីគ​កំពូល​ប្រេស៊ីល​ ​ក្នុង​ឆ្នាំ២០១៨នេះ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu