Ad Code

អ្នករាយការណ៍​ពិសេស អសប ថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ការងារ​ច្រើន ប៉ុន្តែ​មិនមាន​ចែង​នៅក្នុង​ចំណុច​កំណត់



ភ្នំពេញ​ ៖ លោកស្រី រ៉ូ​ណា ស្ម៊ី​ត អ្នករាយការណ៍​ពិសេស​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លើកឡើង​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៩​។



លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៧ របស់​លោក​ស្រី រ៉ូ​ណា ស្មី​ត ហើយ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ ក៏ដូចជា​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បន្ត​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោកស្រី​បាន​មើលឃើញ​ពី​ការវិវត្តន៍ និង​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។



តាម​លោក កេ​ត សោ​ផាន់ នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បានធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថាន​ការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​កាលពី​ខែវិច្ឆិកា កន្លងមក​។ ជាពិសេស​ក្រោយពី​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ដីពី​ការ​បន្ត​ពង្រឹង​ប្រជាធិបតេយ្យ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ហើយ​បានឃើញ​ពី​ការរីកចម្រើន​យ៉ាងច្រើន បន្ទាប់ពី​ការ​ចេញ​សេចក្តីថ្លែងការណ៍​នោះ ដូចជា​ការសម្រួល​លោក កឹម សុខា បាន​ស្ថិត​នៅផ្ទះ ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ និង​មាន​សកម្មជន​នយោបាយ​សកម្មជន​ដីធ្លី សកម្មជន​ការងារ​ជាច្រើន ត្រូវ​បាន​ដោះ​លេង ក៏ដូចជា​លើក​លេង​ទោស និង​ធ្វើ​នីតិសម្បទា​ឡើងវិញ ហើយ​ក្រុមការងារ​មួយចំនួន​ត្រូវ​បាន​បង្កើត​ឡើង ដូចជា​ក្រុមការងារ​ផ្នែក​ដីធ្លី ក្រុមការងារ​សម្រាប់​សម្របសម្រួល​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​អង្គការក្រៅរដ្ឋាភិបាល​បរទេស ហើយ​ក្នុង​នោះ វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) ក៏ត្រូវ​បានផ្ដល់​ការអនុញ្ញាត​ឲ្យ​បើក​ការិយាល័យ​ឡើងវិញ​ផងដែរ គ្រាន់តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ប៉ុណ្ណោះ តែ​ជា​គោលការណ៍​យើង​បាន​ផ្ដល់ជូន​រួចហើយ​។

នៅក្នុង​ជំនួប​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ផងដែរ អំពី​ជំនួប​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាមួយ​ក្រុម​របស់​អង្គការសហប្រជាជាតិ ឬ UN Team ដែល​ផ្ដោត​ទៅ​លើ​ប្រធានបទ​ចំនួន​៣ រួមមាន ការការពារ​សង្គម ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍន៍ និង​របាយការណ៍​ដោយ​ស្ម័គ្រចិត្ត​ទៅ UN ហើយ​ក្នុងនោះ លោកស្រី ប៉ូ​លីន ដែល​ជា​តំណាង​អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​កោតសរសើរ​អំពី​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និង​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​បទ​បង្ហាញ​នៅ​ខែកក្កដា​ខាងមុខ អំពី​សមិទ្ធផល​របស់​កម្ពុជា និង​គោលដៅ​ប្រកបដោយ​ចីរភាព (SDG) នៅ​ទីក្រុង​ញូវយ៉ក ហើយ​ក្នុង​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្តការងារ​របស់​ខ្លួន​តាម​គោលដៅ​នេះ​។

ជា​ការ​ឆ្លើយតប​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដើម្បី​បាន​ជួប​ជាមួយ​តំណាង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ជាច្រើន ហើយ​លោកស្រី​អះអាង​ថា ការ​ធ្វើ​បទ​បង្ហាញ​របស់​កម្ពុជា នៅ​ទីក្រុង​ញូវយ៉ក គឺជា​ឱកាសល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​បង្ហាញ​ពី​សមិទ្ធផល​របស់​ខ្លួន ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍ ដែល​កម្ពុ​ជាមាន​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ជា​មិត្ត​។



លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា ជាក់ស្តែង​នៅក្នុង​គោលដៅ ឬ​ចំណុច​កំណត់ ក៏ដូចជា​សូចនាករ​មួយចំនួន​នៅក្នុង SDG (Sustainable Development Goals គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​) មិន​មាន​ភាពច្បាស់លាស់ បើ​ប្រៀបធៀប​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ ដូច​អ្វីដែល​លោកស្រី បាន​ជួប​ជាមួយ​តំណាង​ក្រសួងសុខាភិបាល​ក្រសួងយុត្តិធម៌ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាដើម អ្វីដែល​លោកស្រី​ទទួលបាន គឺ​រាជរដ្ឋាភិបាល​នៅ​ទី​នេះ​បានធ្វើ​ច្រើន ប៉ុន្តែ​ក្នុង​គោលដៅ ក៏ដូចជា​សូចនាករ​មួយចំនួន​នៅក្នុង SCG មិនបាន​កំណត់​នោះទេ ដូច្នេះ​ទើប​លោកស្រី​អះអាង​ថា ការ​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង​ញូវយ៉ក​នោះ គឺជា​ឱកាសល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។



ជាមួយគ្នា​នោះ ​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​កត់សម្គាល់​ឃើញ​នូវ​ការវិវត្តន៍​ជាច្រើន បន្ទាប់ពី​លោកស្រី​បាន​បំពេញ​ទស្សនកិច្ច​ចុងក្រោយ កាលពី​ខែវិច្ឆិកា ហើយ​ពេលនេះ ក៏ដូចជា​ពេលមុន​ដែរ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​សរសេរ​របាយការណ៍ នៅ​ខែកក្កដា ខាងមុខនេះ​។



នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​ពី​ចំណុច​មួយចំនួន ហើយ​សង្ឃឹមថា របាយការណ៍​របស់​លោក​ស្រី រ៉ូ​ណា ស្មី​ត ទៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ នៅ​ខែកក្កដា ខាងមុខ និង​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ពិត ការអភិវឌ្ឍន៍​ពិត និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ផ្អែក​ទៅតាម​ធាតុ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា ហើយ​លោកស្រី​ក៏បាន​អះអាង​ដែរ​ថា កម្ពុជា​បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​នៅ​អាស៊ាន កម្ពុជា​ជា​ប្រទេស​មួយ បាន​ផ្ដល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ច្រើនជាងគេ​។



ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ទាក់ទង​ទៅ​នឹង​បញ្ហា​លោក កឹម សុខា លោក កេ​ត សោ​ផាន់ បាន​អះអាងថា នៅក្នុង​ជំនួប​នោះ មិនបាន​លើកឡើង​ណាមួយ ទាក់ទង​នឹង​បញ្ហា​លោក កឹម សុខា ឬ​បញ្ហា​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះទេ​។

សូមបញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល ហើយ​ទស្សនកិច្ច​នេះ​ផ្តោតទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម​របស់លោក​ស្រី កាលពី​ខែវិច្ឆិកា​កន្លងមក​។ ជាមួយគ្នា​នោះ​លោកស្រី មានបំណង​បន្ត​ការពិនិត្យ​ផង​ដែរ ទៅលើ​វិស័យ​សិ​ទិ្ធ​មនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ពិនិត្យ​ជាពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង​គណនេយ្យភាព​។

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១ ថ្ងៃនេះ លោកស្រី គ្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​នានា ហើយ​លោកស្រី នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ ​ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu