កំពត ៖ មានប្រសាសន៍ក្នុងឱកាសចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ០២ ខែ របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះមូលដ្ឋានដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នោះលោកកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធបានថ្លែងថា ការចុះធ្វើវេទិការសាធារណៈបានធ្វើឲ្យមានភាពកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងក្តាប់បានច្បាស់លាស់ពីសេវាតម្រូវការ និងសេវាសំណូមពរ ពិសេសសុខទុក្ខរបស់ពួកគាត់តែម្ដងជាកត្តាសំខាន់បំផុត។ ការលើកឡើងបែបនេះ នាថ្ងៃច័ន្ទ ០៣ កើត ខែ ពិសាខ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩ ខណៈលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋការងារថ្នាក់មូលដ្ឋានខេត្តកំពត ក្នុងវេទិកាសាធារណៈ។
លោកកិត្តិសេដ្ឋាបណ្ឌិតបានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងការកោតសរសើរចំពោះសមិទ្ធផលសម្រេចបានគួរជាទីមោទនៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដែលបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត និងភាពកក់ក្តៅនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលការពារបាននូវសុខសន្តិភាព ការលើកកំពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចខ្ពស់។
លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីសារៈសំខាន់នៃការចុះធ្វើវេទិកាសាធារណៈ ដែលធ្វើឲ្យមានភាពកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងក្តាប់បានច្បាស់លាស់ពីសេវាតម្រូវការ និងសេវាសំណូមពរ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៦ មក បញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋ ជាង១ពាន់បញ្ហា ត្រូវបានក្រុមការងាររួមគ្នាដោះស្រាយបានជាបន្តបន្ទាប់គឺនៅសល់បញ្ហាតិចតួចបំផុត ដូចជានៅឆ្នាំ២០១៨ ក្នុងបញ្ហា ចំនួន២៧៩ យើងដោះស្រាយបាន ១៨០ កំពុងដោះស្រាយចំនួន៩៦ និងមិនទាន់ដោះស្រាយតែ ០៣ បញ្ហាប៉ុណ្ណោះ។
ដើម្បីជំរុញប្រសិទ្ធភាពបន្ថែមទៀត លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើឲ្យក្រុមការងារបន្តការចុះធ្វើវេទិកាសាធារណៈ ជាក្រុមការងារតូចៗដូចភ្លៀងរលឹម ហើយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដូចជា៖Telegram រឺ WhatsApp ជាដើម ជាមធ្យោបាយទំនាក់ទំនងនិងដោះស្រាយបញ្ហា។ ក្នុងនោះ របបរាយការណ៍យើងត្រូវកំណត់តារាងបញ្ហា ដាច់ដោយឡែកពីគ្នា តើបញ្ហាអ្វីខ្លះ ? ដែលត្រូវដោះស្រាយត្រឹមកម្រិតណា? រួមមាន៖ កំរិត ភូមិ ឃុំ សង្កាត់ កំរិត ក្រុង ស្រុក អង្គភាពមន្ទីរជំនាញខេត្ត កំរិតគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត កំរិតក្រសួង ស្ថាប័ន រឺចង្កោមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងកំរិត ក្រសួងមហាផ្ទៃ ឬ ប្រមុខរាជរដ្ឋាភិបាល។ ជាពិសេស ការចុះធ្វើវេទិកាសាធារណៈ គឺយើងផ្តោតជាសំខាន់ការផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមជាមួយប្រសាសន៍ថ្មីៗ ដែលណែនាំដោយប្រមុខរាជរដ្ឋាភិបាល។
ក្នុងប្រសាសន៍ស្វាគមន៍ និងសេចក្តីរាយការណ៍ពីសំណាក់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវការកោតសរសើ និងថ្លែងអំណរគុណ ដល់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតដែលតែងណែនាំ ចង្អុលបង្ហាញ ដឹកនាំ និង ការឧបត្ថម្ភនានា ជាមូលដ្ឋានធ្វើឲ្យក្រុមការងារគ្រប់លំដាប់ ថ្នាក់អនុវត្តការងារស្នូលរបស់ខ្លួនសម្រេចបានជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានេះដែរ លោកគណៈអភិបាលខេត្តបានបញ្ជាក់ថា ក្នុងរយៈពេល ០២ ខែ មីនា មេសា នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បានចុះជួបសំណេះសំណាល និងធ្វើវេទិកាសាធារណៈ សរុបចំនួន ៥៨លើក ស្មើនឹង ៤០ ឃុំ សង្កាត់ ប្រមូលបានសំណូមពរចំនួន ១៧២ករណី (រឿងថ្មី ១៣២ ករណី ចាស់ ៤០ ករណី) ។ ក្នុងនោះ បានដោះស្រាយ១៣៧ ករណី កំពុងដោះស្រាយបានចំនួន ២១ ករណី និងមិនទាន់ដោះស្រាយចំនួន ១៤ ករណីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments