Ad Code

ក្រុមកីឡា​ការ​នី​U15 កម្ពុជា ចេញដំណើរ​ទៅ​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន នៅ​ប្រទេស​ថៃ



ពានរង្វាន់ AFF U-15 Women's Championship 2019 ដែល​រៀបចំឡើង​នៅ​ប្រទេស​ថៃ ក្រោម​ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ នឹង​ចាប់ផ្តើម ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ហើយ ខណៈ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា​(U-15) ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​២​សម័យកាល​និង​ម្ចាស់ផ្ទះ​ថៃ​។

ក្រុម U15​នារី​កម្ពុជា ដឹកនាំ​ដោយ​លោក អ៊ុំ សាវង្ស បានចេញ​ដំណើរ​ទៅកាន់​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ តាម​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​។ ចំណែក​កីឡា​ការ​នី​ចំនួន​២៣​រូប​ ដែល​មាន​ឈ្មោះ​ទៅ​ចូលរួម​ប្រកួត​នោះ​មាន​កីឡា​ការ​នី ឌី ស្រី​និច្ច​,​ឃឿ​ម ដា​លី​, ស៊ុយ រស្មី​,​វឿន ស្រីរ័ត្ន​, សំ​រ៉ិ​ត ស្រី​ម៉ុ​ច​, ឡាយ សុផល​, ហឿន ធា​រី​, សំ​រ៉ិ​ត និមល​, ម៉ូ​វ ចា​ន្ធី​, សារ៉ាត់ ចាន្ទី​, សែម ម៉ា​លីន​,​ចន្ថា ចាន់​ណែ​ត​, ថុល វត្ថា​, ជឿ​ង សុខ​ឃៀង​, ហ៊ីម កញ្ញា​, សេម គា​នី​, រី​ម ស្រី​យ៉ា​ត​,​ភឹម ស្រី​លាភ​,​សោម ចាន់​ស​ម្ភ​ស្ស​, កែម ស្រី​លាភ​, អ៊ឹម ម៉ី​សាន​, ឌឿ​ន ស្រីណាត​, អាង លីន​ដា។

ពានរង្វាន់ AFF U-15 Women's Championship មាន​ក្រុម​ចូលរួម​ចំនួន​៩​ក្រុម​ប៉ុណ្ណោះ​ក្រោយ​ក្រុម​ឥណ្ឌូណេស៊ី ប្រកាស​ដកខ្លួន​ចេញ ខណៈ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា​,​វៀតណាម​,​ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ថៃ​,​ឡាវ​,​ម៉ាឡេស៊ី​,​សឹង្ហ​បុរី និង​កម្ពុជា​។ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បានសម្រេច​ជ្រើសរើស​ខេត្ត​ឈុន​បូរី ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​នេះ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ដល់​២១ ខែ ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​តាម​គម្រោង​ប្រកួត​បើកឆាក​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​គឺ​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​សឹង្ហ​បុរី នៅ​ថ្ងៃទី១០ ខែឧសភា ហើយ​បន្ត​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១២ ខែឧសភា ព្រមទាំង​ប៉ះ​ម្ចាស់ផ្ទះ​ថៃ នៅ​ថ្ងៃទី​១៤ ខែឧសភា និង​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ ខែឧសភា កម្ពុជា ប្រកួត​ជាមួយ​ក្រុម​ឡាវ ដើម្បី​បិទ​ពូល B​។ ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ​ចំនួន​២​ក្រុម​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២០ ខែឧសភា ហើយ​នៅ​ថ្ងៃទី​២២ ខែឧសភា ត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​និង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។

សូម​បញ្ជាក់​ថា ​ពានរង្វាន់​កម្រិត U-15 នារី​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ទើបតែ​រៀបចំ​បាន​៣​លើក​ប៉ុណ្ណោះ ដោយ​នៅ​ឆ្នាំ​២០០៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជើងឯក​បាន​ទៅ​អូស្ត្រាលី ហើយ​ក្រោយមក​ពានរង្វាន់​នេះ​ក៏​ខកខាន​រៀបចំឡើង​មួយ​រយៈ​រហូត​នៅ​ឆ្នាំ​២០១៧ ពានរង្វាន់​នេះ​រៀបចំឡើង​ម្តង​ទៀត​នៅ​ប្រទេស​ឡាវ ហើយ​ជើងឯក​បាន​ទៅ​ថៃ ស្របពេល​ក្រុម​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ៣​ទល់​១ ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ នៅ​ឆ្នាំ​២០១៨ កន្លងទៅ​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ជើងឯក​បន្តបាន​ទៅ​ប្រទេស​ថៃ ហើយ​កម្ពុជា ធ្លាក់ត្រឹម​វគ្គ​ចែក​ពូល​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu