ភ្នំពេញ ៖ ដើម្បីដោះស្រាយ បញ្ហាព្រួយបារម្ភពីជំនន់ទឹកភ្លៀង ក្នុងស្ទឹងព្រែកត្នោត ដែលធ្លាក់ពីលើ មក កាលពីថ្ងៃទី៣០មេសា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាលើគម្រោងដោះទឹកជំនន់ស្ទឹងព្រែកត្នោត។
ក្រសួង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីពាក់ពន្ធ័និងរដ្ឋមន្ត្រីក្រសួងធនធានទឹក ដែលដឹកនាំកិច្ចប្រជុំបានសម្រេច ជាវិធានការចំពោះមុខ និងជាគម្រោងអាទិភាពដែលត្រូវអនុវត្ត និងមានការគាំទ្រជាបន្ទាន់ ដើម្បីកាត់បន្ថយ និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរមកលើរាជធានី-ខេត្តខាងលើ ទាំងពេលបច្ចុប្បន្ន និង នាពេលអនាគត ដោយអង្គប្រជុំសម្រេច បង្វែរទឹកពីប៉ែកខាងលើ ភ្ជាប់ទៅស្ទឹងស្លាគូ និងចូលទៅទន្លេបាទីភ្ជាប់ទៅប្រឡាយហនុមាន។
សូមជម្រាបថា ទឹកស្ទឹងព្រែកត្នោត នារដូវវស្សា តែងតែបង្កជាជំនន់ដែលជានិច្ចកាលគំរាមកំហែងដល់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងជាពិសេសរាជធានីភ្នំពេញ។ ដោយពិនិត្យលើស្ថានភាព នៃការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅស្ទឹងព្រែកត្នោត និងបន្ទាប់ពីបានពិភាក្សាលើជម្រើស នៃការដោះទឹកជំនន់ស្ទឹងព្រែកត្នោតរួចមក អង្គប្រជុំបានពិនិត្យឃើញថា ការបង្វែរទឹកពីប៉ែកខាងលើ ភ្ជាប់ទៅស្ទឹងស្លាគូ និងចូលទៅទន្លេបាទីភ្ជាប់ទៅប្រឡាយហនុមាន ជាគម្រោងដែលមានលក្ខណៈសមស្របប្រសើរ។ ក្នុងជម្រើសនេះ ពេលទឹកជំនន់ធំ ធារទឹកអតិបរមា គឺអាចដោះទឹកបាន ពី ៩០០ ទៅ ១.២០០ ម៉ែត្រគូបក្នុង១វិនាទី។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឲ្យតែមានភ្លៀងធ្លាក់ជោកជាំ នៅផ្នែកខាងលើ ដែលបានហូរចាក់ចូលមកកាន់ស្ទឹងព្រែកត្នោតយ៉ាងគំហុក ធ្វើឲ្យជំនន់នេះ គំរាមកំហែងដល់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងជាពិសេសរាជធានីភ្នំពេញ ដើម្បីបញ្ចៀស និងដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព និងបញ្ចៀសឲ្យបាន ក្រសួងសាមី និងភាគីពាក់ព័ន្ធ បានសម្រេច បង្វែរទឹកមួយចំនួនពីស្ទឹងព្រែកត្នោត ពីប៉ែកខាងលើ ចូលទៅទន្លេបាទី៕
Source: Kampuchea Thmey Daily
0 Comments