កំពត ៖ នៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩ សាលាខេត្តកំពត បានបើកសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាពនិងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ ដែលសិក្ខាសាលានេះរៀបចំឡើងដោយក្រុមការងារក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង នីតិសម្បទា និងលោក ជឹង ផល្លា អភិបាលរងខេត្តតំណាង លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
សិក្ខាសាលានេះមានរយៈពេលពេញមួយថ្ងៃមានសិក្ខាកាមចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៅក្នុងគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងយុវនីតិសម្បទាក្រុង ស្រុក និងគណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍ អតីតយុទ្ធជន ឃុំ សង្កាត់ក្នុងទូទាំងខេត្តដែលមានក្រុង ស្រុកចំនួន៨ និងឃុំសង្កាត់ចំនួន៩៣។
លោក ជឹង ផល្លា អភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលាគឺផ្ដល់នូវការយល់ដឹងបទពិសោធន៍ ចំណេះដឹងថ្មីៗ និងជួយបង្ហាញផ្លូវដើម្បីអនុវត្តការងារប្រមូលទិន្នន័យឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងទទួលបានទិន្នន័យជាក់លាក់សម្រាប់ឆ្លើយតបនឹងការអភិវឌ្ឍអតីតយុទ្ធជន និងគ្រួសារឲ្យបានចំគោលដៅជាអាទិភាពនៅក្នុងមូលដ្ឋាននៃខេត្តកំពត៕
Source: Kampuchea Thmey Daily
0 Comments