Ad Code

ព្រាយ​បៀ​កាន់ ជុំ​ជើង​គ្នា ​ថ្ងៃអាទិត្យ​អត់​ការងារ លេងបៀ​ នាំ​ចង្រៃ​ទាំងចាស់ទាំងក្មេង ​លែង​ស្គាល់​វត្តវ៉ា​



​កណ្ដាល ៖ បច្ចុប្បន្ននេះ នៅតាម​ស្រុកស្រែ​ចម្ការ ​មិន​ថា​ផ្សារ​ ឬ​ទីក្រុង​នោះទេ មាន​បងប្អូន​ស្រីៗ​មួយ​ចំនួន​ ជាពិសេស​ចាប់ពី​វ័យ​ពាក់កណ្ដាល​មនុស្ស ​រហូត​ដល់​ចាស់​សក់ស្កូវ បាន​និង​កំពុង​វក់​វង្វេង​នឹង​ល្បែង​បៀ​ស៊ីគូ​ថៃ ​លេង​ទាំងថ្ងៃ ទាំងយប់​យ៉ាង​ងប់ងុល បាយ​មិន​នឹក ទឹក​មិន​ស្រេក ដេក​មិន​លក់ បិទ​ភ្នែក​ស្រមៃ​ឃើញតែ​សន្លឹក​បៀ​នៅក្នុង​ភ្នែក បន់​ឲ្យ​តែមាន​គ្នា​គ្រប់​ជើង​នឹង​បានចាប់ផ្ដើម​ប្រកួត សូម្បី​ចាស់ៗ​សក់ស្កូវ ក៏​មិនសូវ​ទៅ​វត្តវ៉ា​ដែរ លោកតា​ចង់​ដាច់​ចង្ហាន់​ហើយ ​រីឯ​បងប្អូន​ស្រីៗ​អ្នកមាន​ប្ដី​ និង​កូន​វិញ ​ក៏​ភ្លេច​បាយទឹក​ប្ដី​អស់ហើយ មកពី​ធ្វើការ​វិញ​ស៊ី​មី​ស្ទើរ​រាល់ថ្ងៃ។​

ដោយ​មើលឃើញ​ថា​នេះ​ជា​ទង្វើ​ខុសច្បាប់​ និង​កាន់តែ​រីក​រាលដាល​ស្ទើរ​ពេញ​ភូមិ​ស្រុក​ទៅហើយ​នោះ​ ទើប យូរៗ​ម្ដង គេ​ឃើញ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ឆ្មក់​ចុះ​បង្ក្រាប​ម្ដងម្កាល ​ដើម្បី​ជាការ​ព្រមាន​ដល់​អ្នក​ផ្សេងទៀត។ តែ​ការចាប់​មកនេះ​ គ្រាន់តែ​ជាការ​ព្រមាន​ប៉ុណ្ណោះ ដោយ​បាន​ធ្វើ កិច្ច​សន្យា​ឲ្យ​ឈប់​លេង​ជា​បន្ដ​ទៀត និង​ត្រូវ​ចេះ​ទុកដាក់​លុយកាក់​ដែល​ប្ដី​រកបាន​កុំ​យកទៅ​លេងល្បែង​ស៊ី​សង​បែបនេះ​ វា​នាំ​ឲ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ ឈានដល់​ការបែកបាក់​គ្នា​ជាដើម ជាពិសេស​បំផ្លាញ​លុយកាក់​ដែល​ប្ដី​ខំ​រក​ទាំង​ឈឺ​ជា មិន​ហ៊ាន​ឈប់សម្រាក​១​ថ្ងៃ​ឡើយ ក៏​ព្រោះតែ​ខំ​រកលុយ​ ដើម្បី​ទុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ តែ​ពេលខ្លះ​ត្រូវ​បំផ្លាញ​ដោយ​នាងៗ​ជា​ប្រពន្ធ​ទៅវិញ។​

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ​ថ្ងៃអាទិត្យ​ ទី​៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល ​ដឹកនាំ​ដោយ​ លោក មាន សំណាង អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ឆ្មក់​ចូលចាប់​ខ្លួន​នារី​ភេទ​ទាំងចាស់ទាំងក្មេង​ប្រគំ​ក្បាល​គ្នា​លេងបៀ​ស៊ី​គូ​ថៃ នៅ​ចំណុច​ក្នុងផ្ទះ​ ឈ្មោះ មឿ​ន គួ​ន ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ទន្សាយ​ ឃុំ​ព្រៃ​ពួច ​ស្រុក​អង្គស្នួល ដោយ​ចាប់​ឃាត់ខ្លួន បាន​៧​នាក់ ដឹក​តាម​ឡាន​យក​មក​ព្រមាន​និង​អប់រំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​និង​ពិន័យ​ឲ្យ​ចាស់ដៃ​ ដើម្បី​ឲ្យ​រាងចាល ​កុំ​ឲ្យ​ថ្ងៃក្រោយ​ចេះ​តែ​នាំគ្នា​ហ៊ាន​លេង​បែបនេះ​ទៀត។​

ជន​ទាំង​៧​នាក់​ដែល​ត្រូវ ឃាត់ខ្លួន ទី​១​.ឈ្មោះ ​មឿ​ន គួ​ន ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ មុខរបរ​រើស​អេត​ចាយ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គ​ស្នួ ខេត្តកណ្តាល​(​ជា​ម្ចាស់ផ្ទះ​)​។ ទី២.ឈ្មោះ ​ស ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​ មុខរបរ​លក់ដូរ នៅ​ភូមិ​ចំការ​ស្លែង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។ ទី​៣.ឈ្មោះ ​ទៀង រ៉ា ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ​ នៅ​ភូមិ​ចំបក់​ទន្សាយ ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ជា​អ្នក​ឈរ​មើល​ផង ​លេង​ផង។ ទី​៤.ឈ្មោះ​ទឹម ផល្លី ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​កម្មការិនី​រោងចក្រ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ជា​អ្នកលេង។ទី៥.ឈ្មោះ ​ឌឹ​ម ខេ​ម​ម៉ា ​ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ ​ជន​ជាត​ខ្មែរ​ មុខរបរ​កម្មការិនី​រោងចក្រ​ នៅ​ភូមិ​ចំបក់​ទន្សាយ ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ជា​អ្នកលេង​។ ទី៦.​ឈ្មោះ ​មឿង ធីតា​ ភេទ​ស្រី ​អាយុ​២៥ឆ្នាំ​​ មុខរបរ​កម្មករ​រោងចក្រ ​នៅ​ភូមិ​ចំបក់​ទន្សាយ​ ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល។ ទី៧.ឈ្មោះ​ ភុ​ន ថា​វី​​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ចំបក់​ទន្សាយ​ឃុំ ព្រៃ​ពួច ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​។​

ក្នុងនោះ​វត្ថុតាង​ចាប់យក​រួមមាន​ ៖ បៀ​ចំនួន​១០​សន្លឹក ព្រោះ​ពេល​ឃើញ​សមត្ថកិច្ច​ គេ​បោះចោល​អស់​ និង​ កម្រាល​ភួយ​ចំនួន​១​ និង​កន្ទេលក្រហម​ចំនួន​១​។​

សមត្ថកិច្ច​និយាយថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ ថា​នៅ​ចំណុច​ខាងលើ​នោះ មាន​ស្រីៗ​ទាំង​ចាស់ទាំងក្មេង​នាំគ្នា​លេងល្បែង​ស៊ីសង​ប្រភេទ​បៀ​ស៊ី​គូ​ថៃ ខុសច្បាប់ ហើយ​នគរបាល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃើញ​ជនសង្ស័យ​កំពុងតែ​លេងបៀ​ស៊ី​គូរ​ថៃ ដូច​គេ​រាយការណ៍​មែន ពេល​ឃើញ​សមត្ថកិច្ច​ទៅដល់​ អ្នកខ្លះ​ក្រវាត់​បៀ​ចោល​អស់ នៅសល់តែ​ចំនួន​១០​សន្លឹក​ ជា​ភស្តុតាង នគរបាល​ត្រូវ​ប្រមូល​មក​ទាំងអស់។

នៅពេល​នាំខ្លួន​មកដល់​អធិការដ្ឋាន​ន​គ​របាល​ស្រុក ខណៈ​សួរចម្លើយ ឈ្មោះ​ មឿ​ន គួ​ន បាន​សារភាពថា ​ខ្លួន​ពិតជា​ឲ្យ​គេ​លេងបៀ​ស៊ី​គូ​ថៃ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​មែន​។ ​ចំពោះ​ករណីនេះ ​កម្លាំង​ជំនាញ​សុំ​អប់រំ​២៤​ម៉ោង ​នៅត្រឹម​អធិការដ្ឋាន​នគរបាល​ស្រុក​តែប៉ុណ្ណោះ ​មិនបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅណា​ទៀត​ទេ។​

បើតាម​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​និយាយថា ​ករណី​ស្រីៗ​លេងបៀ​ស៊ី​គូ​ថៃ​នេះ​មាន​ច្រើនណាស់ បើ​សិនជា​សមត្ថកិច្ច​មា​ន​ពេល​ក្នុងការ​ចុះបង្ក្រាប​វិញ​នោះ ​ត្រូវធ្វើ​រាល់ថ្ងៃ​ក៏​មិន​អស់​ដែរ តែ​ទោះជា​យ៉ាង​ណា ពលរដ្ឋ​សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​របៀប​នេះ​ឲ្យ​បានជា​ប្រចាំ មិន​ថា​កន្លែងណា ​ឬ​កន្លែង​ណា​នោះទេ ហើយ​ដាក់ពិន័យ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ ទើប​ពួកគេ​អាច​រាងចាល ពីព្រោះ​ម្នាក់ៗ ព្រាយ​បៀ​កាន់​ក្បាល​ទៅហើយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu