Ad Code

បុរស​ម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់​មួយ​រំពេច នៅ​ស្រុក​អណ្តូង​មាស



រតនគិរី​ ៖ បុរស​ម្នាក់ ត្រូវបាន​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច ខណៈ​ពេល​មេឃ​ធ្លាក់ភ្លៀង​ដំបូង​ផង​នោះ​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ១​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​កា​តែ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​។​

​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទីង ដេះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ (​នៅ​លីវ​) រស់នៅ​ភូមិ​/​ឃុំ​កន្លែងកើតហេតុ​។​

​មន្ត្រីនគរបាល​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​ បាន​នៅក្រោម​ផ្ទះ​ ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង ​ដោយ​​អង្គុយ​នៅលើ​ម៉ូតូ​ខាងក្រោម​ផ្ទះ ហើយ​យកដៃ​កាន់​សសរ​​ផ្ទះ​ដែលមាន​ខ្សែ​ភ្លើង​ត​ចូល​មកពី​ក្រៅ ស្រាប់តែ​រន្ទះ​បាន​បាញ់​ជនរងគ្រោះ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះមក​ធ្វើ​កោសល្យវិច័យ​ឃើញថា ជនរងគ្រោះ​មាន​ឈាម​ចេញ​តាម​ច្រមុះ​និង​តាម​ត្រចៀក មាន​ស្នាម​ជាំ​ខ្នង​ខាងឆ្វេង ពិតជា​ករណី​រន្ទះបាញ់​ពិតប្រាកដ​មែន​។​

​​​ជនរងគ្រោះ​មាន​ឪពុក​ឈ្មោះ រ​ចំ កេវ អាយុ​៥៤​ឆ្នាំ ជនជាតិ​ទំពួន​ និង​ម្ដាយ​ឈ្មោះ ទីង ម្លែ​ង អាយុ​៥៣​ឆ្នាំ ជនជាតិ​ទំពួន​។​

​បន្ទាប់ពី​បានធ្វើ​កោសល្យវិច័យ​រួចមក​ សមត្ថកិច្ច​បានធ្វើ​លិខិត​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​បងប្អូន​ជនជាតិដើម​ភាគតិច​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu