Ad Code

បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ ​របួសធ្ងន់​ស្រាល​



​រតនគិរី ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​រវាង​ម៉ូតូ​២​គ្រឿង​ បុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ ​រងរបួស​ធ្ងន់​ស្រាល ក្រោយ​មក​បាន​ស្លាប់​ម្នាក់ ​ដោយសារ​អាការៈ​ធ្ងន់ធ្ងរ​ពេក។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​សៅរ៍ ១​កើត ខែ​ពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយថា មុនពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ចាក់​សាំង​នៅក្បែរ​កន្លែងកើតហេតុ ចាក់​សាំង​រួច​ហើយក៏​ជិះ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​។ ស្របពេល​នោះដែរ​ក៏មាន​ម៉ូតូ​១​គ្រឿង​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ ដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​បុក​ម៉ូតូ​ស្កូពី​ចំពាក់​កណ្តាល​ម៉ូតូ ​បណ្តាល​ឲ្យ​ក្មេងស្រី​ដួល​បោក​ក្បាល​នឹង​ផ្លូវថ្នល់​ហូរ​ឈាម​ពេញ​ថ្នល់ ​ព្រោះ​មិនបាន​ពាក់មួក​សុវត្ថិភាព​។​

ចំណែក​បុរស​ម្នាក់ទៀត ​បាន​រងរបួស​ធ្ងន់ ផ្លោង​នៅ​ចិញើម​ផ្លូវថ្នល់ ​ហើយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ឡើយ​។​

​មន្ត្រីនគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក ស្កូ​ពី ពណ៌​ក្រហម លាយ​ស ពាក់​ស្លាក​លេខ រតនគិរី 1C-5143 អ្នកបើកបរ​ឈ្មោះ ស៊ូ ណ​យ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី រងរបួស​ធ្ងន់ បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ដោយ​អាការៈ​ធ្ងន់ធ្ងរ​ពេក​មិនអាច​ទុក​បាន គ្រូពេទ្យ​បាន​ពិភាក្សា​ជា​មួយ​សាច់ញាតិ​ជនរងគ្រោះ​ក៏​ដឹក​ទៅ​ប្រទេស​វៀតណាម​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅហើយ​។​ អ្នករួមដំណើរ​ឈ្មោះ គើ​ន ស៊ូ​សុខ​ហេង ភេទ​ប្រុស អាយុ​១១​ឆ្នាំ របួសស្រាល​។​

​ចំណែក​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ​ម៉ាក វ៉េវ​ឆ្លាម ពណ៌ ខ្មៅ គ្មាន​ស្លាក​លេខ ឈ្មោះ ឃុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ រង​របួស​ធ្ងន់ សន្លប់​ធំ មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

បច្ចុប្បន្ន​ ម៉ូតូ​ទាំងពីរ​គ្រឿង ​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខេត្ត​យក​ទៅ​រក្សា​ទុក​ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu