Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ជាតិ​សាសន៍​និង​សាសនា​មិនមែនជា​ឧបសគ្គ​នៃ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​នោះទេ



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា ជាតិ​សាសន៍​និង​សាសនា​មិនមែន​ជា​ឧបសគ្គ​នៃ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍ​ប្រទេស​នោះ​ទេ​។ ដូច្នេះ នេះ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ឡើង​ក្នុង​រយៈពេល​៤0​ឆ្នាំ ហើយ​ចំណុច​នេះ​គឺជា​ចំណុច​ដែល​សម្តេច​សង្ឃឹមថា​អ្នកជំនាន់​ក្រោយ​ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​ណា​ការពារ​ឲ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​ការពារ​ឲ្យ​បាន​នូវ​ភាព​សុខដុម​រវាង​ជាតិ​សាសន៍​និង​សាសន៍​។ កម្ពុជា​មានភ័ព្វ​សំណាង​ដែល​យើង​បានរៀបចំ​នូវ​គោលនយោបាយ​អាទិភាព អំពី​ជាតិ​សាសន៍​និង​សាសនា​នៅក្នុង​ប្រទេស​របស់​យើង​។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​បែបនេះ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​នៃ​សាសនា​ឥស្លាម​កម្ពុជា សរុប ៤,៧៥០ នាក់​មកពី​តាម​បណ្តា​ខេត្ត​និង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​ក៏​មាន​វត្តមាន​សាសនិក​ឥស្លាម​មកពី​បរទេស​ចំនួន ៣២០នាក់ ដែលមាន ៣២ ជាតិ​សាសន៍​រួម​ទាំង​តំណាង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម OIC ចំនួន ៣​នាក់​ផង​ដែរ​។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និសីទ កោះ​ពេជ្រ​។



​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​នៃ​សាសនា​ឥស្លាម​កម្ពុជា​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​នេះ​គឺជា​លើក​ទី ៦ ហើយ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក។ វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​របស់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​បានបង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​សុខដុម​ប​នីយកម្ម​ជនជាតិ និង សាសនា​នៅ​កម្ពុជា​។



​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​លោក លោកស្រី​ថ្នាក់ដឹកនាំ​និង​សាសនិក​ឥស្លាម​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ​។ សូម​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​បងប្អូន​ថ្នាក់ដឹកនាំ​នៃ​សាសនា​ឥស្លាម ក៏ដូចជា​សាសនា​ឥស្លាម​ទាំងអស់​ដែល​បាន​អញ្ជើញ​មកពី​គ្រប់​ទីកន្លែង​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស។ ​ខ្ញុំ​ក៏​សូម​ស្វាគមន៍​ផង​ដែរ​ចំពោះ​វត្ត មាន​របស់​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត វត្ដ​មាន​របស់​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ​ដែលមាន​ប្រមាណ​ជាង ៣០ ប្រទេស​។



សម្តេច​បន្ត​ថា ​ឆ្នាំនេះ​គឺ​ឆ្នាំ​ទី​៦ ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ពិធី​ស្រាយ​បួស​សាសនា​ឥស្លាម​កម្ពុជា។ ខ្ញុំ​ពិតជា​មានការ​រីករាយ​ដែល​ថ្ងៃនេះ​យើង​បាន​ជួបគ្នា​ជួបជុំគ្នា​ជា​បន្ត​ហើយ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដូច​ខ្ញុំ​បាន​បញ្ជាក់​ហើយ​កាលពី​ឆ្នាំ ទៅ​នៅមុន​ពេល​ដែល​ការបោះឆ្នោត​មួយ​បាន​ដល់​ខ្ញុំ​បាន​និយាយ​ទៅកាន់​បងប្អូន​សាសនិក​ឥស្លាម​នៅ​ជួបជុំគ្នា​នៅទីនេះ​ថា​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ខ្ញុំ​នឹង​បន្ត​ជួប​បងប្អូន​តទៅ​ទៀតហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១ នៃ​អាណត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​។ ដូចដែល​បាន​និយាយ​ហើយ​ខ្ញុំ​ក៏​នៅតែ​ទៅ​គួរ​បញ្ជាក់ថា​ដរាបណា​ខ្ញុំ​នៅ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្ញុំ​នឹង​បន្ត​ការជួប​ជុំគ្នា​មួយឆ្នាំ​ម្ដង​។



សម្តេច​តេ​ជោ​បន្ត​ថា បញ្ហា​ដែលជា​បញ្ហា​ធំ​ជាងនេះទៅទៀត​នោះ​នៅត្រង់​ថា ​ប្រទេស​របស់​យើង​មិនមែន​ខិតខំ​ព្យាយាម​ទប់ស្កាត់​នូវ​ការ​បែកបាក់​ជម្លោះ​រវាង​ជាតិ​សាសន៍​និង​សាសនា​ប៉ុណ្ណោះ​ទេ អ្វីដែល​យើង​បានធ្វើ​រយៈពេល៤០ឆ្នាំ​កន្លង​ផុត​ទៅ​ គឺ​ត្រូវធ្វើ​សុខដុម​ប​នីយកម្ម​ជាតិ​សាសន៍​និង​សាសនា​។ យើង​មិនមែន​គ្រាន់តែ​ធ្វើការ​ទប់ស្កាត់​ការ​បែកបាក់​នៅក្នុង​ក្របខ័ណ្ឌ​នៃ​សាសនា​មួយ​ទៅកាន់​សាសនា​មួយ​ ឬ​ នៅក្នុង​និកាយ​មួយ​នៅក្នុង​សាសនា​មួយ​ហើយ​មាន​និកាយ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​ទេ​។ ក៏ប៉ុន្តែ​អ្វី​ដែល​បាន​ធ្វើ​ការ​ខិតខំ​នោះ​គឺ​ការអត់ឱន​ការយោគយល់​អធ្យាស្រ័យ​គ្នា ហើយ​រួម​សហការគ្នា​ដើម្បី​កសាង​ប្រទេស​។ ជាតិ​សាសន៍​និង​សាសនា​មិនមែន​ជា​ឧបសគ្គ​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ការអភិវឌ្ឍ​ប្រទេស​នោះ​ទេ​។ ដូច្នេះ​នេះ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានរៀបចំ​ឡើង​ក្នុង​រយៈពេល​៤០ឆ្នាំ ចំណុច​នេះ​គឺជា​ចំណុច​ដែល​ខ្ញុំ​សង្ឃឹមថា​អ្នកជំនាន់ក្រោយ​ត្រូវខិតខំ​ធ្វើយ៉ាងណា​ការពារ​ឲ្យ​បាន​នូវ​ការបង្រួបបង្រួម​ជាតិ​ការពារ​ឲ្យ​បាន​នូវ​ភាព​សុខដុម​រវាង​ជាតិ​សាសន៍​ និង ​សាសនា​។ កម្ពុជា​មានភ័ព្វ​សំណាង​ដែល​យើង​បាន​រៀបចំ​នូវ​គោលនយោបាយ​អាទិភាព​អំពី​ជាតិ​សាសន៍​និង​សាសនា​នៅក្នុង​ប្រទេស​របស់​យើង​។



សម្តេច​បន្ត​ថា ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​កន្លែង​ខ្លះ​កូនសិស្ស​និង​សាសនិក​ឥស្លាម​មាន​សិទ្ធិ​គឺ​បានទទួល​នូវ​ផលប្រយោជន៍​ឬក៏​ទទួល​នូវ​សេរីភាព​ច្រើន​ខ្ពស់​ពី​ប្រទេស​ផ្សេងទៀត​។ ឧទាហរណ៍​អំពី​ទីកន្លែង​ប្រជុំជន​អន្តរជាតិ​ព្រលានយន្តហោះ​និង​ទីកន្លែង​សាធារណៈ​សុទ្ធ​តែ​មាន​កន្លែង​ថ្វាយបង្គំ​របស់​សាសនិក​ឥស្លាម​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានចេញ​នូវ​បទ​វិទ្យា​សម្រាប់​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ឲ្យ​មាន​កន្លែង​សម្រាប់​បងប្អូន​ដែលជា​អ្នកជំងឺ​ឬក៏​ជា​គ្រូពេទ្យ​មានការ​ថ្វាយ​បង្គំ។ ចំណុច​នេះ​យើង​អាច​នឹង​ធ្វើ​នៅតាម​សាលារៀន​នានា​ទៀតផង​ដែល​នៅ​ទីកន្លែង​នោះ​ផ្ដល់​ឱកាស​ឲ្យ​សិស្សសាលា​និស្សិត​ក៏ដូចជា​សិស្សសាលា​ដែលជា​សាសនិក​ឥស្លាម​មានឱកាស​ក្រាប​បង្គំ​បំពេញ​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​គណបក្ស​កាន់សាសនា​ឥស្លាម​សិស្ស​និស្សិត​របស់​កម្ពុជា​។



សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​តាមរយៈ​តំណាង​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​ជួយ​ប្រាប់​ដល់​ប្រទេស​សមាជិក​ទាំងអស់​ជួយ​ទិញ​ទំនិញ​អង្ករ និង​កសិផល​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​អាហារ​ហា​ឡា​ល់​។ សម្តេច​ក៏បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ OIC ផ្តល់​ឱកាស​ការងារ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។ សម្តេច​តេ​ជោ ហ៊ុន សែន រំពឹង​ថា ​នឹង​ទទួល​បាន​កិច្ចសហប្រតិបត្តិការ​ជា​វិជ្ជមាន​ពី​អង្គការ OIC​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​សាសនិក​ឥស្លាម​ដែល​បាន​ទៅ​ចូលរួម​បុណ្យ​ហាជ​នៅ​ប្រទេស​អារ៉ាប់​ប៊ី សា​អ៊ូ​ឌី​ត ពេល​ត្រឡប់មកវិញ ត្រូវ​ជួយ​ផ្សព្វផ្សាយ​ការធ្វើ​អំពើ​ល្អ​ដល់​សាសនិក​ឥស្លាម​នៅ​កម្ពុជា ដែល​មិនបាន​ទៅ​ចូលរួម។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គ្រប់​សាសនា​ទាំងអស់ គ្មាន​សាសនា​បង្រៀន​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើអាក្រក់​នោះឡើយ​។



លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធាន​គណៈកម្មការ​រៀប​ចំ​ពិធី​ស្រាយ​បួស​ថ្នាក់ជាតិ​បាន​សម្តែង​ការ​ដឹងគុណ​និង​រីករាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្តល់​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ «​ខែ​រ៉ា​ម៉ា​ឌន​» នេះ ។ ការដែល​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​មានឱកាស​បានមក​ជួបជុំ​ស្រាយ​បួស​ជាមួយ​សម្តេច​តេ​ជោ ដោយសារតែ​សម្តេច​តេ​ជោ​បាន​យកចិត្តទុកដាក់​លើកកម្ពស់​ផ្តល់​សិទ្ធិសេរីភាព​នៃ​ជំនឿ​សាសនា​ដោយ​ពេញលេញ​ដោយ​ឥតមាន​ការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ បង្កើតបាន​នូវ​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​។

​បើ​តាម​លោក អូស្មាន ហា​ហ្សា​ន់ បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ​នូវ​សំណូមពរ​ជាច្រើន​ជូន​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា។ មិនតែប៉ុណ្ណោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​គោលនយោបាយ​បន្ថែម​រៀបចំ​ឲ្យ​មាន​បងប្អូន​ខ្មែរឥស្លាម​បាន​ចូលរួម​បម្រើ​កិច្ច​ការជូន​ជាតិ​នៅក្នុង​ស្ថាប័ន​នីតិបញ្ញត្ដិ នីតិប្រតិបត្តិ ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ មន្ត្រីជាន់ខ្ពស់​នគរបាល យោធា​។ល​។ រួមមាន​សមាជិក​ព្រឹទ្ធសភា ២​រូប សមាជិក​រដ្ឋសភា ៦​រូប (​ស្រី ២​រូប​)​។



សមាជិក​រាជរដ្ឋាភិបាល​ជា​ទេសរដ្ឋមន្ត្រី​១​រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​១​រូប រដ្ឋលេខាធិការ ៨​រូប (​ស្រី ២ រូប​) អនុរដ្ឋលេខាធិការ​២០​រូប (​ស្រី ៣​រូប​) ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រសួង​ថ្នាក់ដឹកនាំ ១៤ រូប អភិបាលរង​ខេត្ត ១ រូប អភិបាលរង ស្រុក​-​ខណ្ឌ ២ រូប សមាជិក​ក្រុមប្រឹក្សា​ខេត្ត ៥​រូប សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ ៣៦​រូប មន្ត្រី​ថ្នាក់​ឧត្ត​ម​សេនីយ៍ យោធា​-​នគរបាល ២១​រូប ក្រុម​ជំនួយការ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជា​ច្រើន​រូប​ទៀត​។

នៅ​អាណត្តិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នេះ​ផងដែរ ក៏មាន​បេក្ខជន​មូស្លីម​ថ្នាក់​រាជធានី​-​ខេត្ត ពេញ​សិទ្ធិ​និង​បំរុង ២២​រូប ក្រុមប្រឹក្សា​ពេញសិទ្ធិ និង​បំរុង ក្រុង​-​ស្រុក​-​ខណ្ឌ ១៣៨​រូប ដើម្បី​បាន​ចូល​បំរើ​ការងារ​ជូន​រដ្ឋ ក្នុង​ភាពជា​តំណាង​ឲ្យ​បងប្អូន​មូស្លីម​ថែមទៀត​ផងដែរ​។



​ការ​រឹតត្បិត​ភាព​រើសអើង​លើ​ជំនឿ​និង​ការគោរព​ប្រណិប័តន៍​ផ្នែក​សាសនា​បាន​បង្ក​ជា​បញ្ហា​អសន្តិសុខ សម្រាប់​បណ្តា​ប្រទេស​មួយចំនួន​ទាំង​នៅក្នុង​តំបន់​និង​លើ​ពិភពលោក​ផងដែរ​។ សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​តែ​ក៏​មិនបាន​ហាមឃាត់​លើ​សេរីភាព​នៃ​ជំនឿ និង​ការគោរព​ប្រណិប័តន៍​សាសនា​នោះ​ដែរ។ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ពុទ្ធសាសនិក​ប្រមាណ ៩៥​ភាគរយ​, ឥស្លាម​មាន​ជិត ២ ភាគរយ និង គ្រិ​ស្ទ​សាសនិក​ប្រមាណ ១.២៥​ភាគរយ​ព្រមទាំង​សាសនា​ផ្សេងៗ​មួយចំនួនទៀត​។

ជា​រៀងរាល់​ឆ្នាំ​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ តែ​ស​ម្តេចក៏​តែងតែ​អញ្ជើញ​ចូលរួម​ស្រាយ​បួស​ជាមួយ​គ្រិស្ត​បរិស័ទ​ផង​ដែរ។ តាមរយៈ​សកម្ម​ភាព​នេះ​បានបង្ហាញ​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​មេដឹកនាំ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​ក្នុង​ការ​កសាង​សុខដុម​នីយកម្ម​ជនជាតិ​និង​សាសនា​នៅ​កម្ពុជា​។



សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវ​នឹង​ថ្ងៃទី ២ ខែ រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤០ មូ​ហាំ​ម៉ាត់​សករាជ​សាសនិក​ឥស្លាម​កម្ពុជា​ក៏ដូចជា​សាសនិក​ឥស្លាម​នៅក្នុង​ពិភពលោក​កំពុង​បួស​តម​អាហារ ពី​ព្រលឹម​រហូតដល់​ថ្ងៃ​លិច​ប្រមាណ​ជាង ១៤ ម៉ោង​ដោយមាន​ការប្រែប្រួល​តាម​តំបន់​ខ្លះ​រយៈពេល​មួយ​ខែ​ក្នុង​មួយឆ្នាំ​ដែល​ជា​កាតព្វកិច្ច​ទី ៤ ក្នុងចំណោម​កាតព្វកិច្ច​ទាំង ៥ នៃ​អ្នក​កាន់សាសនា​ឥស្លាម​ទាំងអស់​នៅ​លើ​សកលលោក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu