Ad Code

អង្គការ​អូ​ភើ​រ៉េ​សិន អាសា ដាក់​ឲ្យ​ដំណើរ​ការ​ផ្តល់​សេវា​ប្រឹក្សា​ដល់​អ្នកជំងឺ​របេង​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច



ភ្នំពេញ ​៖ ​អង្គការ​អូ​ភើ​រ៉េ​សិន អាសា​(Operation ASHA) បានដាក់​ឲ្យ​ដំណើរការ​ការផ្តល់សេវា​ប្រឹក្សា​ដល់​អ្នក​ជំងឺរបេង​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច​ដើម្បី​ឲ្យ​អ្នកជំងឺ​ទទួលបាន​នូវ​ការអប់រំ​គ្រប់​ជ្រុងជ្រោយ​និង​ព្យាបាល​បាន​ត្រឹមត្រូវ​ទៀងទាត់​ជៀស​ផុតពី​ភាពស៊ាំ​ថ្នាំ​។



ថ្លែង​ក្រោយ​ពិធី​ដាក់​ឲ្យ​ដំណើរការ​ការផ្តល់​ប្រឹក្សា​តាមបែប​អេ​ឡេច​ត្រូ​និ​ច​និង​សៀវភៅ​រឿង​កំប្លែង​ក្នុង​កម្មវិធី​កំចាត់​រោគរបេង​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែឧសភា ​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សាន់វ៉េ លោក​វេជ្ជបណ្ឌិត​លោក​វេជ្ជបណ្ឌិត ណា​រិ​ទ្ធ រដ្ឋា នាយក​កម្មវិធី​អង្គការ​អូ​ភើ​រ៉េ​សិន អាសា​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​ប្រឹក្សា​តាម​អេ​ឡេច​ត្រូ​និ​ច​ឬ​អ៊ី​ខោ​ន ស៊ែ​លីង​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ការ​បង្ហាញ​វីដេអូ​ជី​វច​ល​ខ្លី​ចំនួន​៩​វគ្គ ​ដែល​និយាយ​ពី​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​ព្យាបាល​ជំងឺរបេង​មាន​ដូច​ជា​ការ​សាយភាយ​នៃ​ការ​ចម្លង​រោគ​ឱសថ​សម្រាប់​ព្យាបាល សារៈ​សំខាន់​នៃ​ការ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​និង​របប​អាហារ​ក្នុងអំឡុងពេល​និង​បន្ទាប់ពី​ការ​ព្យាបាល​ជំងឺ​ជាដើម​។



លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀត​ថា ​«​ថ្ងៃនេះ​អង្គការ​អូ​ភើ​រ៉េ​សិន អាសា​យើង​មានគំនិត​ផ្តួចផ្តើម​មួយ​បែប​អេ​ឡេច​ត្រូ​និ​ច​ ដែល​មាន​រូបភាព​ឲ្យ​អ្នកជំងឺ​បានឃើញ​បាន​ស្គាល់​អាច​យល់​បាន​ដែល​ការ​ផ្តល់​ប្រឹក្សា​តាម​ពាក្យសំដី​ជួនកាល​គាត់​អាច​ភ្លេច​អីចឹង​កម្មវិធី​អ៊ី​ខោ​ន​ស៊ែ​លីង​នេះ​យើង​មាន​រូបភាព​ជាក់ស្តែង​ឲ្យ​គាត់​មើលឃើញ​អាច​យល់​បាន​ធ្វើ​ឲ្យ​អ្នកជំងឺ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ហើយ​ជួយ​កុំ​ឲ្យ​អ្នកជំងឺ​កុំ​បោះបង់​ការព្យាបាល​»​។



លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្តល់​ប្រឹក្សា​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ចនេះ​ គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​ត្រូវ​ចុះឈ្មោះ នៅក្នុង​កម្មវិធី​អ៊ី​ខោ​ន​ស៊ែ​លីង​អេប តាមរយៈ​ទូរស័ព្ទ​ថែប​ប្លែក​ជា​មុន​សិន​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដោយ​ទៀងទាត់​និង​ទទួល​បាន​ចំណេះដឹង​ស្តីពី​ជំងឺរបេង​ព្រមទាំង​ព័ត៌មាន​ផ្សេងៗ​ទៀតផង​ដែរ​។



លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​នេះ​អង្គការ​អូ​ភើ​រ៉េ​សិន អាសា​មាន​ទូរស័ព្ទ​ថែប​ប្លែក​នេះ​ជាង​២០គ្រឿង​ សម្រាប់​ឲ្យ​មន្ត្រី​ប្រើប្រាស់​ចុះ​ធ្វើការ​នៅ​តាម​សហគមន៍​ដើម្បី​ផ្តល់​ប្រឹក្សា​និង​ព្យាបាល​ដល់​អ្នក​ជំងឺរបេង​នៅ​ខេត្តតាកែវ កំពង់ធំ​និង​រាជធានី​ភ្នំពេញ​។

លោក​វេជ្ជបណ្ឌិត​សង្ឃឹមថា​តាមរយៈ​ការ​ផ្តល់​ប្រឹក្សា​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ចនេះ​នឹង​ជួយ​ឲ្យ​អ្នកជំងឺ​កាន់តែ​យល់​ដឹង​ថែមទៀត ​ពី​ជំងឺរបេង​ធានា​បាន​នូវ​អត្រា​ព្យាបាល​ជោគជ័យ​ពិសេស​បង្ការ​ទប់ស្កាត់​ការវិវត្តន៍​ទៅជា​ជំងឺ​ស៊ាំ​ថ្នាំ​ផងដែរ​។



ចំណែក​លោក វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​និង​ជា​នាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​ និង ហង់​សិន​ បាន​គាំទ្រ​កម្មវិធី​ផ្តល់​ប្រឹក្សា​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និចនេះ​ទាំងស្រុង​ ព្រោះ​បាន​ជួយ​ឲ្យ​អ្នកជំងឺ​បានជា​សះស្បើយ​តាមរយៈ​ការ​លេបថ្នាំ​បាន​ទៀត​ទាត់​នៅ​ចំពោះមុខ​មន្ត្រី​អង្គការ​។



លោក​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍ថា​« អ៊ី ខោ​ន ស៊ែ​លីង​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ជួយ​បន្ថែម​សារប្រយោជន៍​នៃ​ការ​ព្យាបាល​ជំងឺរបេង​ព្រោះថា​អ៊ី ខោ​ន ស៊ែ​លីង​នេះ​ពាក់ព័ន្ធ​សំខាន់​ទៅនឹង​អប់រំ​អ្នក​ជំងឺរបេង​លេបថ្នាំ​ឲ្យ​ទៀងទាត់​ឲ្យ​ចប់​ចុង​ចប់​ដើម​គ្រប់​កំរិត​ធ្វើ​ឲ្យ​អត្រា​ជាសះស្បើយ​ខ្ពស់​មិនមាន​ភាពស៊ាំ​ថ្នាំ​របេង​ច្រើន​»​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​និង​ហង់​សិន​នឹងធ្វើ​ការតាមដាន​កម្មវិធី​នេះ​យ៉ាង​យកចិត្ត​ទុក​ហើយ​ប្រសិនបើ​ប្រព័ន្ធ​នេះ​ដំណើរការ​បានល្អ​កម្មវិធី​ជាតិ​នឹង​អាច​រៀនសូត្រ​ ឬ​ ធ្វើជា​គំរូ​សម្រាប់​យកទៅអនុវត្ត​ក្នុង​កម្មវិធី​ជាតិ​ដើម្បី​បង្កើន​ការព្យាបាល​ដល់​អ្នកជំងឺ​របេង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។



គួរ​បញ្ជាក់​ថា ​កន្លងមក​ការផ្តល់​ប្រឹក្សា​ស្តី​ពី​ជំងឺរបេង​ដល់​អ្នកជំងឺ​គឺ​ធ្វើ​ឡើង​តាមរយៈ​ផ្ទាល់មាត់​ប៉ុណ្ណោះ​ដោយមាន​ភ្ជាប់​រូបភាព​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនសូវ​ចាប់បាន​ដែល​ផ្ទុយ​ពី​ការ​ផ្តល់​ប្រឹក្សា​តាម​អេ​ឡេច​ត្រូ​និ​ច​នេះ​នឹង​ជួយ​ឲ្យ​អ្នកជំងឺ​ឆាប់​យល់​និង​ចាប់បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu